រាជធានីភ្នំពេញ ៖ តារាចម្រៀងសំនៀងរដឺន អ្នកនាង អឿន ស្រីមុំ ត្រូវបានគេមើលឃើញថា នាងនៅតែបន្តឈរជើងលើទីផ្សារសិល្បៈចម្រៀងខ្ពស់ដដែល រហូតមកដល់នាពេលនេះ បើទោះបីជាបច្ចុប្បន្នវ័យរបស់នាងកាន់តែជ្រេបន្តិចក្តី ដោយនាងតែងតែបង្ហាញវត្តមានច្រៀងតាមកម្មវិធីនានាជាបន្តបន្ទាប់ ស្ទើរមិនដាច់សូរ ។

ជារឿយៗ តារាចម្រៀងស្រីរូបនេះតែងតែបង្ហាញវត្តមានឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន តាមខេត្ត និងក្នុងវង់តន្ត្រីល្បីៗនៅតាមពិធីបង្គលការ ជប់លៀងជាដើម ខណៈពេលឆាប់ៗនាងក៏មានគម្រោងចេញច្រៀងសម្តែងនៅឯក្រៅប្រទេសផងដែរ ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អឿន ស្រីមុំ បានលេចមុខជាថ្មីម្តងទៀត រួមជាមួយតារាចម្រៀងចាស់ថ្មីច្រើន ក្នុងឱកាសថតបទចម្រៀងឲ្យសមាគមទូរទស្សន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ។ បើទោះបីជាមានវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែតារាចម្រៀងរូបនេះនៅតែមានទឹកដមសំនៀងពីរោះរណ្តំដដែល ជាពិសេសនោះ គឺការបកស្រាយចម្រៀងពីដើមបានយ៉ាងពីរោះ ហើយនោះក៏ជាការនិយមចូលចិត្តរបស់នាងផងដែរ ចាប់តាំងពីឈានជើងចូលប្រឡូក្នុងវិស័យសិល្បៈ ។

អឿន ស្រីមុំ បានលើកឡើងថា សម្រាប់ពិធីចូលឆ្នាំខ្មែរនាឆ្នាំនេះនាងប្រហែលជាមិនបានចូលឆ្នាំនៅក្នុងស្រុកឡើយ ដោយសារតែនាងមានគម្រោងចេញទៅសម្តែងនៅប្រទេសបារាំង ក្នុងរយៈពេល៣ខែ ។

នាងបញ្ជាក់ថា សម្រាប់ការចេញទៅប្រទេសបារាំងនេះគឺនាងត្រូវត្រៀមគ្រប់បែបយ៉ាង ទាំងសម្លៀកបំពាក់ និងបទចម្រៀងប្រពៃណីខ្មែរ ដើម្បីបង្ហាញទស្សនិកជនខ្មែរយើងដែលរស់នៅទីនោះឲ្យបានដឹងពីបទចម្រៀង និងការស្លៀកពាក់ប្រពៃណីខ្មែរយើង ។ នាងបន្ថែមថា ការចេញសម្តែងនៅប្រទេសបារាំងនេះគឺជាលើកទី៦ហើយ ហើយកន្លងមក នាងធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសជាច្រើនមកដែរ ហេតុនេះនាងមិនមានការបារម្ភច្រើនសម្រាប់ការចេញទៅលើកនេះឡើយ ។

អឿន ស្រីមុំ បានអះអាងបន្ថែមថា សម្រាប់ចម្រៀងរបស់នាងគឺនាងបានត្រៀមបទ ភាគច្រើនជាបទកន្ត្រឹពីដើមៗ ដែលបទប្រភេទនេះ គឺមានបងប្អូនខ្មែរយើងច្រើននៅបន្តការគាំទ្រ ដូច្នេះ បទពីដើមៗនោះគឺពួកគាត់មិនអាចបោះបង់ចោលនោះឡើយ ខណៈពេលដែលខ្លួននាងផ្ទាល់ក៏ចូលចិត្តបទពីដើមដូចគ្នា ។

នាងបញ្ជាក់ថា ដោយសារតែនៅមានបងប្អូនយើងនៅបន្តចូលចិត្តបទពីដើមច្រើននេះហើយ ដែលធ្វើឲ្យរូបនាងនៅមានទីផ្សារមកដល់ពេលនេះ ពោលគឺគេនៅតែត្រូវការនាងសម្រាប់បកស្រាយបទចម្រៀងពីដើមៗនេះដដែល ។

នាងបន្ថែមថា រហូតមកទល់នាពេលនេះ នាងនៅតែទទួលគ្រប់កម្មវិធីដដែលទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយទីផ្សារនៅក្រៅស្រុកនេះនាងក៏នៅតែមាន ដោយសារកន្លងមកបទចម្រៀងរបស់នាងគឺថតចេញទៅក្រៅស្រុកច្រើន ហើយបងប្អូននៅក្រៅក៏គាត់ស្គាល់ច្រើនដែរ ។

យ៉ាងណាបើតាមអ្នកនាង អឿន ស្រីមុំ បច្ចុប្បន្ន អ្នកនាងមិនច្រៀងក្នុងផលិតកម្មណាមួយឡើយ ពោលគឺនាងធ្វើបទចម្រៀងខ្លួនឯង និងផលិតខ្លួនឯង ដោយសារបច្ចុប្បន្នមហាជនភាគច្រើនលេងមើលទូរទស្សន៍ហើយ ពោលគឺគេមើតាមរយះទូរស័ព្ទប៉ុណ្ណោះ ។

ដោយឡែក ពាក់ព័ន្ធបញ្ហាគ្រួសារវិញ អ្នកនាង អឿន ស្រីមុំ បានអះអាងថា រហូតមកទល់នាពេលនេះនាងមិនមិនទាន់គិតគូររឿងគូស្រករនៅឡើយទេ បើទោះបីជានាងមានវ័យកាន់តែច្រើន និងរស់នៅមានឈ្មោះជាស្ត្រីមេម៉ាយអស់ពេលជាង២០ឆ្នាំមកហើយក្តី ។ នាងបញ្ជាក់ថា ការរស់នៅម្នាក់ឯងគឺស្រួលជាងមានជីវិតគូដែលជួបតែបញ្ហារាប់មិនអស់ ៕
ចែករំលែកព័តមាននេះ