ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹកព្រលឹម ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បានប្រទះឃើញសពបុរសវ័យចំណាស់ស្លា.ប់នៅចិញ្ចើមផ្លូវ ដោយមានស្នាមបែកក្បាល និងហូរឈាមជោកពេញខ្លួន មានស្បែកជើង០២ចំហៀងនៅទីតាំងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ូច ខ្លី អាយុ៦៤ឆ្នាំ ភេទប្រុស សព្វថ្ងៃរស់នៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ គ្រួសារសាច់ញាតិបានបញ្ជាក់ទៀតថា ដោយសារតែជនរងគ្រោះ (ដែលត្រូវជាឪពុកបង្កើត) បាននឹកកូននិងចៅ ហើយខ្លួនក្រទៀតគ្មានសូម្បីម៉ូតូជិះ ក៏សម្រេចចិត្តដើរចេញពីផ្ទះ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីមកលេងកូន នៅចំណុភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជិត២០គីឡូម៉ែត្រឯណោះ ។

ហើយក៏គាត់បានដើរមកដល់ផ្ទះកូនគាត់បានសម្រាកហូបបាយ រួចក៏អង្គុយលេងជាមួយ កូន និងចៅ រហូតដល់ពេលយប់ឡើង ជនរងគ្រោះក៏បានលាកូននិងចៅដើម្បីត្រឡប់ទៅវិញ តែដោយសារផ្លូវឆ្ងាយហើយយប់ទៀតទើបកូនៗ ឃាត់ចាំភ្លឺចាំកូនជូនទៅផ្ទះវិញ ព្រោះកូនមានម៉ូតូជិះបែបនេះ ជនរងគ្រោះក៏បានចូលសម្រាក តែទំនងជាគាត់បារម្ភពីប្រពន្ធនៅផ្ទះ ជនរងគ្រោះក៏លួចដើរទៅផ្ទះវិញ ដោយមិនប្រាប់កូនៗនោះទេ ដើរបានប្រហែល២គីឡូដី ស្រាប់តែជួបហេតុការណ៍បែបនេះតែម្តង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះទៅដល់ទីតាំងកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះមានស្នាមរបួសបែកក្បាល និងមានឈាមស្រោចពេញខ្លួន ហើយបានរកឃើញស្បែកជើងចំនួន០២ចំហៀង និងបំបែកម៉ូតូឌ្រីសង់ ។ ដូច្នេះ ចំពោះករណីខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានថា មិនពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានម៉ូតូឌ្រីសង់មួយគ្រឿងមានគ្នា០២នាក់ បានជិះមកបុកជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យស្លាប់ រួចក៏ជិះរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអង្គស្នួល កំពុងធ្វើស្រាវជ្រាវ រកអ្នកបើកម៉ូតូខាងលើ មកដោះស្រាយគ្នាតាមច្បាប់ និងបានប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ