ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារៈ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ថា ៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ មកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស ពោលគឺធ្វើស្របតាមមាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជានោះទេ។ ជាងនេះទៅទៀត គ្មានផ្នែកណាមួយ នៃមូលដ្ឋានទ័ពរាម នឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាម គឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់។ មូលដ្ឋានទ័ពរាម នឹងបើកចំហស្វាគមន៍ឱ្យកងទ័ពមកពីគ្រប់បណ្ដាប្រទេសមិត្តចូលចតបានទាំងអស់ ឱ្យតែស្របតាមលក្ខណៈបច្ចេកទេស ហើយកម្ពុជានឹងផ្ដល់ទាំងកន្លែងស្នាក់នៅបន្ថែមទៀត។ ជាមួយគ្នានេះ បើប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់ជាតិ ពិតប្រាកដគួរមានមោទនភាព នៅពេលដែលកម្ពុជា អាចធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពកងទ័ពរបស់យើង ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជាការគិតគូរដល់ផលប្រយោជន៍ជាតិ ធានាសន្តិសុខជាតិ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនា នៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ “សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ” ព្រោះកងទ័ព មិនត្រឹមតែជាកម្លាំងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ ។
មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ, ច្បាប់ជាតិ និងអន្តរជាតិ ។ ការពាររឹងមាំ ដាច់ខាត នូវឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ បន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំង ឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន ។
ទី២. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យការពារជាតិ ក្នុងនោះ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន, រៀនសូត្រ, បណ្តុះបណ្តាល, កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព, ទាំងបរិមាណ និង គុណភាព, ដើម្បីបម្រើឱ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្តាកោះ ឆ្នេរ ។
ទី៣. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ, ស្ថិរភាព និងមានប្រសិទ្ធភាព, ពោល គឺ ប្រើប្រាស់ និង គ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និង ស្បៀងអាហារ ឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្តែង និង តាមជំនាញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និង គ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ ។
ទី៤. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចការពារព្រំដែន (គោក, ទឹក, អាកាស) សហការល្អជាមួយ កងកម្លាំងនគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ទំនាក់ទំនងល្អក្នុងការកសាងមិត្តភាពរឹងមាំជាមួយប្រទេសជិតខាង ដោយប្រើប្រាស់មធ្យោបាយការទូត និងការចរចាដោយសន្តិវិធី ក្នុងគោលដៅ “កសាងព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ។
ទី៥. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ យោធាដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ក្រោមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ។ ចំពោះកងទ័ពជើងទឹក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតយោធា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ស្មើភាព, គោរពឯករាជ្យ, អធិបតេយ្យ និងផលប្រយោជន៍រួមគ្នាទៅវិញទៅមក ៕









ចែករំលែកព័តមាននេះ