ខេត្តបាត់ដំបង ៖ កូនប្រុសអកតញ្ញូម្នាក់ដែលមានប្រវត្តិប្រើប្រាស់ថ្នាំញៀ.នឡើងជោគជាំដល់កម្រិត ហើយដើរចោលស្រុករហូតស្ទើរភ្លេចមុខឪពុក លុះត្រឡប់មកផ្ទះវិញក៏ដុតផ្ទះដ៏កំសត់របស់ឪពុក ដែលមានវ័យ៧២ឆ្នាំឆេះអស់គ្នានសល់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ ។

យោងលើរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ បួរ ស៊ីណា ភេទប្រុសអាយុ២៥ឆ្នាំ ។ រីឯឪពុកដែលរងគ្រោះ ឈ្មោះ បួរ សន អាយុ៧២ឆ្នាំ ។ គាត់រស់នៅម្នាក់ឯកយ៉ាងកំសត់ នៅផ្ទះដែលកូនប្រុសរូបនេះដុតកម្ទេចចោលនៅភូមិឃុំខាងលើ ។
របាយការណ៍បានឲ្យដឹងទៀតថា ផ្ទះដ៏កំសត់របស់ជនរងគ្រោះដែលត្រូវកូនប្រុសដុតកម្ទេចចោលមានទំហំ ៦ម៉x៩ម៉ ធ្វើពីឈើ ប្រក់ស័ង្កសី (ផ្ទាល់ដី) ។ អគ្គិភ័យដែលជាស្នាដៃកូនប្រុសតិរិច្ឆានបានលេបត្របាក់យកអស់ទាំងស្រុងនូវទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះ តែសំណាងល្អឪពុកដែលមានវ័យ៧២ឆ្នាំរូបនេះមិនបានសម្រាន្តនៅក្នុងផ្ទះ នាយប់នោះ ដោយសារឃើញចរិតកូនម្នាក់នេះមិនសូវស្រូល (ដូចមនុស្សបែកថ្នាំ) ។

អធិការស្រុកបវេល លោក សុខ សារិន បានប្រាប់ថា ជនដៃដល់ជាមនុស្សដែលមានចរិតដូច«បែកថ្នាំ» ។ និយាយមិនច្បាស់លាស់ ពេលមន្ត្រីជំនាញចាប់យកទៅសួរចម្លើយ ។ លោកថា នៅយប់កើតហេតុជនដៃដល់រូបនេះ ទំនងជាប្រើប្រាស់ដែកកេះដុតសម្លៀកបំពាក់ ឬសម្ភារៈផ្សេងៗនៅក្នុងផ្ទះ ទើបបង្កជាអគ្គិភ័យឆេះផ្ទះអស់គ្មានសល់ ។
ជុំវិញករណីនេះ លោក សុខ សារិន ក៏បានស្រង់ចម្លើយបឋមពីជនរងគ្រោះដែលជាឪពុកដែរថា បើតាមប្រវត្តិកូនប្រុសគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀ.នឡើងជោគជាំ ។ មួយរយៈចុងក្រោយនេះជនននេះបានទៅរស់នៅក្រុងប៉ោងប៉ែតបាត់ដំណឹងឈឹង ។ គាត់គ្មានប្រពន្ធទេ ។ គាត់រស់នៅម្នាក់ឯង យ៉ាងកំសត់នៅនឹងផ្ទះក្នុងអំឡុងកូនប្រុសបែកថ្នាំនេះ រស់នៅប៉ោយប៉ែត ។

លោកអធិការបានស្រង់សម្ដីជនរងគ្រោះទៀតថា ប្រហែល២-៣ថ្ងៃមុននេះ (មុនកើតហេតុ) ស្រាប់តែឃើញកូនប្រុសនេះ ត្រឡប់មកដល់ផ្ទះវិញគ្រលើម ហើយនៅតែបង្ហាញពីចរិតដូចជាជន«បែកថ្នាំ»ដដែល ។ និយាយមិនដឹងខុសត្រូវ ។ គាត់បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ គាត់ឃើញចរិតកូនប្រុសគាត់ដូចជា មនុស្សបែកថ្នាំ ។ មានចរិតកាចសាហា.វ ។ គាត់គិតថា កូនគាត់នៅតែប្រើប្រាសថ្នាំញៀ.នដដែល ។ ឃើញស្ថានភាពបែបនេះទើបគាត់មិនស្នាក់នៅក្នុងផ្ទះទេក្នុងយប់នោះ ។ ប៉ុន្តែគាត់មិនបានប្រាប់ថា គាត់ទៅសម្រាន្តនៅទីណាទេ ។
គាត់បានបញ្ជាក់ថា នៅវេលារំលងអធ្រាត្រ ស្រាប់តែមានអគ្គិភ័យឆេះផ្ទះគាត់អស់ លុះមានការភ្ញាក់ផ្អើល គាត់មកដល់ផ្ទះទើបដឹងថា «កូនប្រុសចង្រៃនេះជាអ្នកដុតផ្ទះគាត់» ។ គាត់បានប្រាប់សមត្ថកិច្ចថា គ្មានទ្រព្យសម្បត្តិ ឬសម្ភារៈអ្វី ដែលត្រូវបានរំដោះចេញពីផ្ទះទេ ។ ពោល គឺវាបានក្លាយជាចំណីព្រះអគ្គីទាំងស្រុងតែម្ដង ។
ការខាតបង់ បើគិតជាទឹកប្រាក់អស់ប្រហែល០៦លានរៀល ។ នៅក្នុងគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ គេឃើញមានតែកម្លាំងសមត្ថកិច្ចជាមួយប្រជាពលរដ្ឋប៉ុណ្ណោះ ដែលប្រឹងប្រែងជួយពន្លត់ភ្លើង ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនអាចចូលជួយអន្តរាគមន៏បាន ព្រោះច្រកចូលតូចចង្អៀត ដែលជាហេតុធ្វើឲ្យព្រះអគ្គិលេបត្របាក់យកផ្ទះដ៏កំសត់របស់ជនរងគ្រោះតាមចិត្តរហូតអស់គ្មានសល់ ។ នេះជាស្នាដៃកូនប្រុស«បែកថ្នាំ» ។
ដោយឡែក បើនិយាយពីចម្លើយសារភាពរបស់ជនដៃដល់នេះវិញ ហាក់មិននិយាយអ្វីច្រើនប្រាប់សមត្ថកិច្ចទេ ក្រៅតែលើកហេតុផលបែបសម្ដីមនុស្សមិនដឹងអី ។
លោក សុខ សារិន អធិការស្រុកបវេល បានស្រង់ចម្លើយដ៏ខ្លី ដែលជនបែកថ្នាំម្នាក់នេះ បានសារភាព នៅពេលឃាត់ខ្លួនយកមកសួរនាំ ។ លោកអធិការបានប្រាប់ថា នៅពេលមន្ត្រីជំនាញសួរនាំជននេះបាននិយាយយ៉ាងខ្លីថា «ខ្ញុំមិនអាចរស់នៅក្នុងផ្ទះនេះបានទេ ព្រោះខ្ញុំមើលឃើញសុទ្ធតែខ្មោច ចឹងមានតែដុតចោលទៅ» ។ គ្មានចម្លើយអ្វីលើសពីនេះទេ ។ ប៉ុន្តែយ៉ាងណា បើទោះជាជននេះបែកថ្នាំ ឬឡ.ប់សតិក្ដី បើតាមលោកអធិការ បានប្រាប់ថា ពេលនេះយើងបានឃាត់ខ្លួនជនដៃដល់រូបនេះ ដើម្បីធ្វើការសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ