ខេត្តស្វាយរៀង ៖ ដឹងការពិតហើយ ករណីសង្ស័យផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នង បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុងនោះ គឺជាការផ្ទុះផាវគ្រាប់បែក និងកាំជ្រួច ក្រោយពីសមត្ថកិច្ចចម្រុះចុះទៅពិនិត្យដល់កន្លែងកើតហេតុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ។
សូមជម្រាបថា ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៥នាទីរសៀលថ្ងៃទី២១ មីនា ២០២៥ នៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ច បានសហការជាមួយខាងអាជ្ញាធរស៊ីម៉ាក់ ចុះពិនិត្យចំណុចដែលផ្ទុះនៅទីតាំងផ្ទះរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួចមក មន្ត្រីស៊ីម៉ាក់ បានរកឃើញថា មិនមែនជាការផ្ទុះគ្រាប់មីនតោន ឬផ្ទុះធុងហ្គាសអ្វីនោះទេ គឺជាការផ្ទុះកាំជ្រួច និងផាវគ្រាប់បែក ដែលមានចំនួនច្រើន ទើបបណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង ។
ដោយឡែក ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក ពិសី ក៏បានឲ្យដឹងថា ផាវ និងកាំជ្រួច ដែលមានចំនួនច្រើននោះ ជារបស់គាត់ ប៉ុន្តែមិនបានដឹងពីមូលហេតុ ដែលនាំឲ្យផ្ទុះនោះទេ ។
យ៉ាងណា ម្ចាស់ផ្ទះខាងលើ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅឯស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ករណីស្តុកទុកផាវគ្រាប់បែក និងកាំជ្រួច ដ៏ច្រើនបែបនេះ ។
គួររម្លឹកឡើងវិញថា «សង្ស័យមីនតោន ផ្ទុះចំកណ្តាលផ្ទះវីឡាតឿ ខូចខ្ទេចទាំងស្រុង នៅក្រុងបាវិត សំណាងល្អម្ចាស់ផ្ទះចេញក្រៅអស់» ទើបផ្ទុះ កុំអីមិនដឹងជាយ៉ាងណាទេ ។
បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា នេះសំណាងល្អខ្លាំងណាស់ មុនពេលកើតហេតុ រូបគាត់បានដើរចេញមកតូបលក់ដូរខាងមុខផ្ទះ ស្រាប់តែឮសំឡេងផ្ទុះគ្រាំងកក្រើកដី ឃើញផ្ទះរបស់គាត់ប៉ើងដុំថ្ម និងដំបូលផ្ទះខ្ទាតឡើងលើ ផ្សែងហុយខ្មួលខ្មាញ់ឡើងលើ គាត់ភ័យតក់ស្លុតយ៉ាងខ្លាំង បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវ មកចោមរោមមើលពីចម្ងាយ ។
បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងបន្តថា ចំណែកប្តីរបស់គាត់ និងកូនៗ ក៏បានចេញទៅធ្វើការខាងក្រៅអស់ ទើបគ្មានប៉ះពាល់ដល់អាយុជីវិត ។
បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ថា ដំបូងនឹកស្មានថា ជាករណីផ្ទុះធុងហ្គាស់ ក៏ប៉ុន្តែបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចសង្ស័យជាករណីផ្ទុះមីនតោន ចំកណ្តាលផ្ទះ ទើបកម្លាំងផ្ទុះខ្លាំងបណ្តាលឲ្យបាក់បែកបន្ទប់ជញ្ជាំងថ្ម ដំបូលផ្ទះវីឡាតឿ ១ខ្នង ប៉ើងខ្ទេចខ្ទី រាបដល់ដី បែបនេះ (សល់តែជញ្ជាំងខាងមុខប៉ុណ្ណោះ) ៕















អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ