ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្ពីរ​ព្រះ​ត្រៃ​បិដក​ ចំនួន​៥,០០០​ច្បាប់ ​ត្រូវ​បាន​តម្កល់​ទុក​នៅ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ​ភូមិភាគ​ឦសាន ​នៃ​កម្ពុជា

1 ថ្ងៃ មុន

ខេត្តព្រះវិហារ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត រួម​ជាមួយ​គ​ណៈ​ប្រតិភូ​អម…

ខេត្តព្រះវិហារ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត រួម​ជាមួយ​គ​ណៈ​ប្រតិភូ​អម ដំណើរ និង​អភិបាល នៃ​គ​ណៈ​អភិបាល​ខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និង​ប្រជា​ពុទ្ធបរិស័ទ ជា​ច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម​ដង្ហែ និង​សូត្រ​អាន​គម្ពីរ​ព្រះ​ត្រៃ​បិដក ព្រះពុទ្ធ​សាសនា​ខ្មែរ នៅ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ភូមិភាគ​ឦសាន ​នៃ​កម្ពុជា ក្នុង​វត្ត​ពោធិ៍​៥,០០០​ដើម ស្ថិត​នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​ ។

តាម​របាយការណ៍​របស់​លោក គី​ម រិ​ទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​ បានឱ្យ​ដឹង​ថា ខ​ណៈប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ទើប​ប្រជាពលរដ្ឋ​គ្រប់​រូប​មានឱកាស​ធ្វើបុណ្យ ធ្វើ​ទាន ជាក់ស្តែង​ដូច​ជា​កន្លង​មក​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ​នេះ ដែល​ពុទ្ធសាសនិក​គ្រប់​មជ្ឈដ្ឋាន តែងតែបាន​យល់​ច្បាស់​អំពី​គុណ​តម្លៃ នៃ​គម្ពីរ​ព្រះ​ត្រៃ​បិដក ព្រះពុទ្ធ​សាសនា​ខ្មែរ ហើយ​ក៏​បាន​ស្រុះស្រួល​បបួល​គ្នា​ចំណាយ​នូវ​ធនធាន ដើម្បី​បោះពុម្ព​គម្ពីរ​ព្រះ​ត្រៃ​បិដក បាលី​និង​សេចក្តី​ប្រែជា​ភាសា​ខ្មែរ ចំនួន​៥,០០០​ច្បាប់ យក​មក​តម្កល់​ទុក​នៅ​ក្នុង មជ្ឈមណ្ឌល​វិបស្សនាធុរៈ ភូមិភាគ​ឦសាន​ នៃ​កម្ពុជា​នេះ ​។

លោក​សូម​គោរព​ថ្លែងអំណរគុណ​ដល់ពុទ្ធសាសនិកជន ដែល​បាន​ឧបត្ថម្ភ និង​បាន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេចព្រះ​មហាសុមេធាធិបតី សម្ដេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ដង្ហែ និង​សូត្រ​អាន​គម្ពីរ​ព្រះ​ត្រៃ​បិដក ព្រះពុទ្ធ​សាសនា​ខ្មែរ ​នា​ឱកាស​នេះ​ ។

ក្នុង​ឱកាស​ដ៏​កម្រ​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ឧត្តម​ភរិយា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ពិតជា​វិសេស​វិសាស​ណាស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែ និង​សូត្រ​អាន​គម្ពីរ​ព្រះ​ត្រៃ​បិដក ដែល​ជា​ឧបករណ៍​សម្រាប់​សិក្សាអប់រំ​រៀនសូត្រ​ ។

លោក​ជំទាវ​បណ្ឌិត​បន្ត​ថា គម្ពីរ​ព្រះ​ត្រៃ​បិដក​ជា​ក្បួនច្បាប់ យ៉ាង​សំខាន់​បំផុត​សម្រាប់​សិក្សាអប់រំ ជូន​ដល់​មនុស្សជាតិ ឱ្យ​ស្ថិត​នៅ​ក្នុង​សីល​សមាធិ​បញ្ញា និង​មាន​សមត្ថភាព​ប្រព្រឹត្តិ និង​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​ល្អ​ប្រសើរ ក្នុង​ឆាកជីវិត​ផ្ទាល់ខ្លួន សង្គម​គ្រួសារ សង្គម​ជាតិ និង​សាសនា ថែម​ទាំង​មាន​សមត្ថភាព​ដឹកនាំ​មនុស្សជាតិ​ឱ្យធ្វើ​តែ​អំពើ​ល្អ ប្រកប​តាម​ធម៌​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ ។

ការ​អាន​ព្រះ​ត្រៃ​បិដក ​ជា​កំពូល​ នៃ​ចំណេះដឹង វិជ្ជា​ប្រាជ្ញា ធ្វើ​ឲ្យ​សម្រេច​នៅ​ផលប្រយោជន៍​ដល់​ជន​អ្នក​អាន ព្រះ​ត្រៃ​បិដក​ គឺ​មាន​សមត្ថភាព​អាច​យល់​ឃើញ​ត្រូវ ត្រិះ​រិះ​ត្រូវ និយាយ​បាន​ត្រឹមត្រូវ ប្រកបការងារ​បាន​ល្អ​ប្រសើរ ចេះ​រៀបចំ​មុខរបរ​ចិញ្ចឹមជីវិត​ប្រកបដោយ​ប្រយោជន៍​ត្រឹមត្រូវ ថែម​ទាំង​ធ្វើ​អោយ​អ្នក​អាន​ព្រះ​ត្រៃ​បិដក ​មាន​សេចក្តី​ព្យាយាម​យ៉ាង​មោះមុត មាន​សតិ​ស្មារតី​រឹង​មាំ និង​ចេះ​តាំងចិត្ត​ឲ្យ​នឹងនរ ឲ្យ​ប្រពៃ​ត្រឹមត្រូវ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ សុខ​សុវត្ថិភាព រហូត​ទទួល​បាន​នូវ​ផល​ជោគជ័យ​ពេញ​មួយ​ជីវិត ទាំង​ប្រយោជន៍​បច្ចុប្បន្ន បរៈលោក និង​លោកុត្តរ យ៉ាង​ស័ក្តិសិទ្ធិ​បំផុត​ ។

លោក​ជំទាវ​បណ្ឌិត​ បាន​ថ្លែងអំណរគុណ​គ​ណះ​កម្ម​ការ​អាចារ្យវត្ត ព្រះ​ចៅអធិការ​វត្ត និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ គ្រប់​ទិស​ទី ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​ឱកាស​នេះ និង​ជម្រុញ​លើកទឹកចិត្ត​ដល់ប្រជា​ពុទ្ធបរិស័ទ​ចូល​មក​សិក្សា អាន​ស្តាប់​នូវ​ព្រះពុទ្ធ​វចនៈ ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​របស់ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ជា​ហេតុ​នាំ​ឲ្យ​រក្សា​បាន​នូវ​មរតក​វប្បធម៌ ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​ជាតិ​ផង ម្យ៉ាងទៀត​នាំ​មនុស្សជាតិ​ឲ្យ​បាន​សម្រេចមគ្គផល​តាម​ផ្លូវ​កាយ សុចរិត វិ​ចី​សុចរិត និង​មនោ​សុចរិត ប្រកបដោយ​ប្រយោជន៍​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់​ប្រការ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ