ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបុកម៉ូតូអ្នកធ្វើដំណើរ បណ្តាលឲ្យដួល និងរងរបួសស្រាល ចំណែករថយន្តបានបើកគេច ហើយក៏ទៅបុកខ្លោងទ្វារវត្តព្រៃអង្គុញ(ពីខាងត្បូង) យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ខ្លោងទ្វារសង្កត់រថយន្តជាប់ទៅមុខលែងរួច រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សក់ទុកតែរថយន្តនៅជាប់ក្រោមខ្លោងទ្វារវត្ត ដែលរងការខូចខាត ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៥ នៅចំណុចខ្លោងទ្វារវត្តព្រៃអង្គុញខាងត្បូង ស្ថិតនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងខាងលើបានបុកម៉ូតូកម្មករមួយគ្រឿងដែលចេញពីធ្វើការនៅក្រុងបាវិត បណ្តាលឲ្យដួល និងរងរបួសស្រាល ចំណែករថយន្តបង្កបានបើកគេចមកចូលស្រុកចន្ទ្រា ក៏បានបត់រថយន្តចូលតាមផ្លូវបេតុងចូលទៅវត្តព្រៃអង្គុញ ក៏បានបុកខ្លោងទ្វារវត្តបាក់ទាំងផ្ទាំងសង្កត់ជាប់រថយន្តទៅមុខលែងរួច អ្នកបើកបរបានបើកទ្វារថយន្តរត់គេចខ្លួបបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យមកទទួលខុសត្រូវតាមច្បាប់ ៕



ចែករំលែកព័តមាននេះ