ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ដែលសកម្មក្នុងការឆក់ទូរសព្ទដៃ ត្រូវសមត្ថកិច្ចតាមប្រមាញ់រហូតចាប់ខ្លួនបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តរួចហើយ ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០២នាទីល្ងាចសមត្ថកិច្ច បានទទួលព័ត៌មានថា នៅត្រង់ចំណុចផ្លូវលេខ១០៨ ស្ថតិក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីឆក់ទូរសព្ទដៃ បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ពណ៌ស បានឆក់ទូរសព្ទមួយគ្រឿង ម៉ាក iPhone 16 pro max ពណ៌ខ្មៅ ពីជនរងគ្រោះ រួចគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរៀង ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពឃើញថា ជនសង្ស័យខាងលើ ធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០២ករណី ក្នុងមូលដ្ឋានក្រុងស្វាយរៀង។ លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ប្រុស ព្រមទាំងដកហូត វត្ថុតាង ៖ ម៉ូតូ ០១គ្រឿង និងទូរសព្ទ ០១គ្រឿង ម៉ាក iPhone 16 pro mix (របស់ជនរងគ្រោះ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទាំង ០២ករណី នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត រួចហើយ ៕



ចែករំលែកព័តមាននេះ