Man United ជះលុយជាង២.៥ពាន់លានដុល្លារ សង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស
10 ម៉ោង មុន
ប្រទេសអង់គ្លេស ៖ ក្លិបបាល់ទាត់ Manchester United កាលពីថ្ងៃអង្គារ បានប្រកាសជាផ្លូវការនូវគម្រោងសាងសង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស ជំនួសកីឡដ្ឋានចាស់ «Old Trafford»…
ប្រទេសអង់គ្លេស ៖ ក្លិបបាល់ទាត់ Manchester United កាលពីថ្ងៃអង្គារ បានប្រកាសជាផ្លូវការនូវគម្រោងសាងសង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស ជំនួសកីឡដ្ឋានចាស់ «Old Trafford» ដែលជាទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួនអស់រយៈពេលជាង១០០ឆ្នាំមកហើយ។
គម្រោងដ៏មហាសាលនេះ ត្រូវបានបង្ហាញជាផ្លូវកាតដោយក្លិបផ្ទាល់តែម្តង ដោយទទួលពេញចិត្តយ៉ាងខ្លាំងពីសំណាក់ Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក្រុមរហស្សនាមបិសាចក្រហមមួយនេះ។ ក្លិប Man United ជឿជាក់ថាកីឡដ្ឋានថ្មីរបស់ខ្លួន ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់១០ម៉ឺននាក់ និងជាកីឡដ្ឋានធំជាងគេនៅចក្រភពអង់គ្លេស ដើម្បីជំនួសកីឡដ្ឋានជាតិ Wembley ដែលអាចផ្ទុកអ្នកទស្សនាត្រឹម៩ម៉ឺននាក់នោះ អាចនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងរយៈពេល៥ឆ្នាំ ដ្បិតគម្រោងដ៏ធំបែបនេះជាធម្មតាត្រូវចំណាយពេលប្រហែល១០ឆ្នាំ។ លោក Jim Ratcliffe មហាសេដ្ឋីសញ្ជាតិអង់គ្លេស ដែលជាម្ចាស់ក្លិបបានសន្យាថា កីឡដ្ឋានថ្មីនេះ នឹងក្លាយជាកីឡដ្ឋានបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោក។
គម្រោងកីឡដ្ឋានថ្មីរបស់ក្លិប Man United ទទួលបានគំនិតផ្តួចផ្តើមដោយក្រុមការងារអង្គភាព Old Trafford Regeneration Task ដែលបង្កើតឡើងជាងមួយឆ្នាំមុន ព្រមទាំងការប្រឹក្សាយោបល់អ្នកគាំទ្រជាបន្តបន្ទាប់ផងដែរ។ ហើយតាមការប៉ាន់ប្រមាណថា កីឡដ្ឋានថ្មីនេះ នឹងត្រូវចំណាយប្រាក់រហូតដល់ ២ពាន់លានផោន ឬជាង ២.៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់។
ប្រភពមួយស្និទ្ធនឹងរឿងនេះ បានប្រាប់សារព័ត៌មាន ESPN ថា ផែនការរក្សាទុកកីឡដ្ឋាន Old Trafford សម្រាប់ជាទឹកដីក្រុមនារី និងក្រុមយុវជនត្រូវបានលើកឡើង ប៉ុន្តែនៅទីបំផុតមិនទទួលបានការគាំទ្រឡើយ។
ការប្រកាសគម្រោងសាងសង់កីឡដ្ឋានថ្មីនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកគាំទ្រ Man United ជាច្រើននាក់បានដើរដង្ហែរតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងការដាក់ចេញវិធានការជាច្រើនរបស់ថ្នាក់ដឹកនាំក្លិបទាំងក្នុង និងក្រៅទីលាន ពិសេសការកាត់បន្ថយការចំណាយសំខាន់ៗយ៉ាងច្រើន។
សូមជម្រាបថា គម្រោងកីឡដ្ឋានថ្មីរបស់ Man United គឺជាកីឡដ្ឋានធំជាងគេនៅចក្រភពអង់គ្លេស និងឈរចំណាត់ថ្នាក់ទី២ពិភពលោក បន្ទាប់ពីកីឡដ្ឋាន Camp Nou របស់ក្លិប Barcelona។ ទោះយ៉ាងណាក៏ដោយ កីឡដ្ឋានបច្ចុប្បន្នរបស់ក្រុមរហស្សនាមអ្នកមានបុណ្យមួយនេះ កំពុងស្ថិតក្រោមការអភិវឌ្ឍកែលម្អ ហើយការប្រកួតក្រុមឈុតធំត្រូវលេងនៅកីឡដ្ឋានផ្សេងជំនួសវិញ ចាប់តាំងពីរដូវកាល ២០២៣/២៤ ដើម្បីអនុញ្ញាតការសាងសង់បន្ត។ នៅពេលការសាងសង់បញ្ចប់នៅឆ្នាំ ២០២៦ កីឡដ្ឋាន Camp Nou នឹងអាចផ្ទុកអ្នកទស្សនាបានដល់ ១០៥,០០០នាក់ ជាមួយគ្រឿងបរិក្ខារដ៏ទំនើប ជំនួសកៅអីចាស់មានត្រឹម ៩៩,៣៥៤នាក់ និងឈរជាកីឡដ្ឋានក្លិបបាល់ទាត់ធំជាងគេនៅលើពិភពលោក៕ ដកស្រង់ ៖ BBC, CNN, ESPN និង TNT Sports
ចែករំលែកព័តមាននេះ