រាជធានីភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងជាប្រញាប់ទៅណាទេ បានបើករថយន្តទ្រុង ១គ្រឿង ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅប្រជាការពារ ២នាក់កំពុងជិះម៉ូតូដើរប្រមូលសំរាម សម្អាតតាមដងផ្លូវ ប៉ុន្តែពុំបានបណ្ដាលឲ្យរងរបួសនោះទេ ដោយពួកគាត់លោតចេញទាន់។ បន្ទាប់មក រថយន្តនោះបានជ្រុលទៅខាងស្ដាំដៃ បុកទម្លុះទ្វារដែករបងផ្ទះមួយកន្លែង បណ្ដាលឲ្យធ្លាយរងការខូចខាត រួចនៅតែមិនព្រមអស់ល្បឿនឡើយ បន្តទៅមុខចូលដល់ក្នុងសំយ៉ាបផ្ទះខាងលើ បុកសម្ភារៈផ្សេង និងបង់ថ្ម បាក់បែកខ្ទេចខ្ទី ហើយបានបំណែកបង់ថ្ម កល់កង់ ទើបទៅមុខលែងរួច ។
ខណៈនោះ សំណាងខ្លាំងណាស់ ដោយម្ចាស់ផ្ទះខ្លះកំពុងអង្គុយលើគ្រែ ជជែកគ្នាលេង ខ្លះទៀតដរកលើអង្រឹង ឯក្មេងៗរត់លេង នៅក្រោមសំយ៉ាបផ្ទះនោះ ប៉ុន្តែរថយន្តខាងលើ បានបុកចូលទៅតាមប្រឡោះខុសកន្លែងមនុស្សបន្តិចប៉ុណ្ណោះ ទើបម្ចាស់ផ្ទះគ្មានគ្រោះថ្នាក់ ហើយបើគ្មានបង់ថ្មបាក់បែករលំកល់ទេ ប្រហែលរថយន្តនោះ ជ្រុលបន្តទៅធ្លាក់ចូលទឹកស្ទឹង ក្រោយផ្ទះខាងលើបាត់ទៅហើយ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចក្បែរស្ពានព្រែកជ្រៃ ស្ថិតនៅក្នុងភូមិព្រែជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពាក់ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5936 ជាប្រភេទទ្រុង ដឹកអ៊ីវ៉ាន់ ហើយនៅមុនពេលកើតហេតុ យុវជនម្នាក់ បានបើកបររថយន្តនេះ ក្នុងល្បឿនលឿនដូចហោះ ក្នុងទិសដៅពីត្បូងទៅជើង ចេញពីខេត្តតាកែវ ចូលរាជធានីភ្នំពេញ។ ខណៈនោះ ប្រុងបុកគេបុកឯង តាំងពីម្ដុំផ្សារព្រែកជ្រៃ មកម្ល៉េះ ហើយអ្នកដំណើរតាមរថយន្ត និងម៉ូតូ បាននាំគ្នាគេចចេញ និងអែបខាងគ្រប់គ្នា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកប្រជាការពារ២នាក់ កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ដើរប្រមូលសំរាមតាមផ្លូវខាងលើ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ខណៈនោះ ប្រជាការពារខាងលើ បានឃើញ និងលោតចេញទាន់ ទើបគ្មានគ្រោះថ្នាក់ បន្ទាប់មក រថយន្តនោះ នៅតែលឿនទៅមុខ ហើយអ្នកបើកបរ បានបួងចង្កូតទៅខាងស្ដាំ ជ្រុលទៅបុកទម្លាយទ្វារដែករបងផ្ទះមួយកន្លែង បណ្ដាលឲ្យធ្លាយរងការខូចខាត ហើយរថយន្ត នៅតែលឿន ក៏បានបោលទៅមុខបុកចូលដល់ក្នុងសំយ៉ាបចំហៀងផ្ទះខាងលើ ហើយបុកសម្ភារផ្សេងៗ និងបង់ថ្មបាក់បែកខ្ទេចខ្ទី និងបានបង់ថ្មនោះ កល់កង់ទើបទៅមុខលែងរួច។ ខណៈនោះ សំយ៉ាបផ្ទះខាងលើក៏រងការខូចខាតខ្លះដែរ ហើយបើគិតចាប់ពីផ្លូវលេខ២១៧ ដល់ក្នុងផ្ទះរងគ្រោះ មានចម្ងាយប្រមាណ១០០ម៉ែត្រឯណោះ ប៉ុន្តែរថយន្តនេះលឿនណាស់ ទើបបុកទ្វាររបងហើយអត់ឈប់ ជ្រុលបន្តទៅដល់សំយ៉ាបផ្ទះទៀត ម្យ៉ាងទៀត នៅពេលបុកម៉ូតូប្រជាការពាររួច ប្រសិនបើអ្នកបើកបររថយន្តនោះ អត់កាច់ចង្កូតបត់ចូលទៅក្នុងផ្ទះខាងលើទេ អាចនិងបុកបង្កាន់ដៃស្ពាន ឬធ្លាក់ចូលស្ទឹងព្រែកត្នោ មិនខានឡើយ ។
ដោយឡែក ម្ចាស់ផ្ទះបាននិយាយថា ពួកគាត់ភ័យព្រលឹងចុងសក់ ព្រោះតែនៅពេលនោះ ពួកគាត់មួយចំនួន កំពុងអង្គុយជជែកគ្នា នៅលើគ្រែក្រោមសំយ៉ាបផ្ទះ និងអ្នកខ្លះទៀត ដេកលើអង្រឹង ចំណែកក្មេងៗកំពុងរត់លេង។ ស្រាប់តែលាន់សូរគ្រាំង ក្រឡេកមើលទៅឃើញរថយន្តនោះ បុកទម្លាយទ្វាររបងផ្ទះ រួចបោលយ៉ាងលឿន សំដៅចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់។ ពេលឃើញបែបនេះ ម្នាក់ៗបានត្រឹមតែស្រឡាំងកាំងប៉ុណ្ណោះ ប៉ុន្តែសំណាងល្អ រថយន្តនោះបុកចូលទៅតាមប្រឡោះខុសកន្លែង ពួកគាត់អង្គុយសបន្តិចប៉ុណ្ណោះ ទើបពួកគាត់គ្មានគ្រោះថ្នាក់ ហើយបើគ្មានបង់ថ្មកល់រថយន្តនោះ ក៏ធ្លាក់ទឹកស្ទឹងខាងក្រោយផ្ទះគាត់ បាត់ទៅហើយ ។
ប្រភពបានប្រាប់ថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន ហើយគាត់បាននិយាយថា រថយន្តដាច់ហ្វ្រាំងជាន់អត់ស៊ី ប៉ុន្តែមហាជន បានលើកឡើងថា មិនដឹងយ៉ាងម៉េចទេ រាល់រថយន្តធុនធំ ឲ្យតែពេលបើកលឿនជ្រុលទៅបុគគេឯង បង្កគ្រោះថ្នាក់ តែងតែយកលេសថា ហ្វ្រាំងអត់ស៊ីរហូត អត់ចេះទទួលខុសថា ខ្លួនបើកលឿននៅទីប្រជុំជន ខ្វះការប្រុងប្រយ័ត្នទាល់តែសោះ ៕










ចែករំលែកព័តមាននេះ