រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានមុខរបរជាអ្នកបកប្រែភាសាវៀតណាម បានធ្វើសកម្មភាពឆ.ក់ខ្សែកពីស្ត្រីម្នាក់ ក្នុងខណៈពេលដែលនាងកំពុងជិះម៉ូតូកង់បី១គ្រឿង ជាមួយប្ដីដែលជាជនជាតិចិន និងកូនស្រីម្នាក់នៅតាមផ្លូវ ។

ពេលនោះនាងបានធ្វើការប្រទាញប្រទង់ បណ្ដាលឲ្យជនសង្ស័យខាងលើដួលម៉ូតូ ព្រមទាំងស្រែកថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះនាំគ្នាជួយដេញចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាលតែម្ដង ។ ហេតុការខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនោះ ឈ្មោះឡុង ឆៃរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាវៀតណាម ស្នាក់នៅបន្ទប់ជួល គ្មានលេខ ក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

ដោយឡែកស្ត្រីរងគ្រោះឈ្មោះ ឯក តូច អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានប្ដីជាជនជាតិចិន និងមានកូនស្រីម្នាក់ ស្នាក់នៅក្នុងភូមិធ្លក ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយខ្សែករបស់នាងដែលជនសង្ស័យឆ.ក់នោះ គឺជាខ្សែកមាស ទម្ងន់ប្រហែល៥ជី ។

សមត្ថកិច្ចខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ នារីរងគ្រោះរួមជាមួយប្ដី និងកូនស្រីបានជិះម៉ូតូកង់បី១គ្រឿង ធ្វើដំណើរតាមផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ដោយនាងបានពាក់ខ្សែក១ខ្សែនោះ ជាប់ ក ផងដែរ ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យម្នាក់នោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KJ-8708 ក្នុងទិសដៅស្របគ្នា ទៅពីក្រោយរួចធ្វើសកម្មភាពឆ.ក់ខ្សែក តែម្ដង ។

សមត្ថកិច្ចដដែលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះឆ.ក់បាន១កំណាត់ រីឯ១កំណាត់ទៀតនារីរងគ្រោះចាប់ជាប់ ហើយនាងបានធ្វើការប្រទាញប្រទង់ រហូតបណ្ដាលឲ្យជនសង្ស័យរូបនោះដួលម៉ូតូ ។
ជនសង្ស័យរូបនោះបានក្រោកឡើង រួចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបាននារីរងគ្រោះស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅជិតៗនោះនាំគ្នាជួយដេញចាប់បានភ្លាមៗតែម្ដង ។
បន្ទាប់មកបានប្រគល់ជននោះរួមជាមួយម៉ូតូទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ