រាជធានីភ្នំពេញ ៖ កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត ។
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតី បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ។
សម្តេចបវរធិបតី បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី យ៉ាងជ្រាលជ្រៅ ដែលបានផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ នាពេលនេះ ។
ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែង នូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់ និងអន្តរជាតិផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a621925504b473e47601b6b7ca15c748.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/146a0cdcc60ccb49317685448e8d45a3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c14369c9d070a7dcbe80635059add9f9.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/0ca5ebd035163556f00b0471fc116fe9.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/956b2836d56a04f914eec1ef8f68cd7f.jpg)
ចែករំលែកព័តមាននេះ