ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារចង្អៀតខ្លាំង! តែ iPhone 15 ដណ្តើមតំណែង​ស្មាតហ្វូនលក់ដាច់បំផុតលើលោកឆ្នាំ ២០២៤

19 ម៉ោង មុន

អន្តរជាតិ ៖ ទូរស័ព្ទ iPhone 15 គឺជាស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោក កាលពីឆ្នាំ២០២៤ ខណៈស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង…

អន្តរជាតិ ៖ ទូរស័ព្ទ iPhone 15 គឺជាស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោក កាលពីឆ្នាំ២០២៤ ខណៈស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung បានបន្តផ្តាច់មុខនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ របស់ពិភពលោក សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា។

យោងតាមរបាយការណ៍ពីគេហទំព័រ Counterpoint Research បានបង្ហាញថា ម៉ូដែល iPhone, Pro Max និង Pro របស់ក្រុមហ៊ុន Apple នៅតែរក្សាបានតំណែងកំពូលទាំង ៣ ចាប់ពីឆ្នាំ ២០២៣។ ម៉ូដែលផ្សេងទៀតរបស់ក្រុមហ៊ុនខ្នាតយក្សសហរដ្ឋអាមេរិកមួយនេះ ដែលស្ថិតក្នុងលំដាប់កំពូលទាំង ១០ កាលពីឆ្នាំ ២០២៤ រួមមាន iPhone 16 Pro Max ឈរនៅលេខ៥, iPhone 14 ឈរនៅលេខ៨ និង iPhone 16 Pro ឈរនៅលេខ៩ នៃបញ្ជីស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោកឆ្នាំ ២០២៤។

ដោយឡែក ស្មាតហ្វូន៤ម៉ូដែលរបស់ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង Samsung បានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនេះ ដែលកើនឡើងមួយម៉ូដែលបន្ថែមទៀត បើធៀបនឹងឆ្នាំ ២០២៣ ដែលមានត្រឹម៣ម៉ូដែលប៉ុណ្ណោះ។ Samsung Galaxy A15 5G ឈរនៅលេខ៤, Galaxy A15 4G ឈរនៅលេខ៦, Galaxy S24 Ultra ឈរនៅលេខ៧ និង Galaxy A05 ឈរនៅលេខ១០។

ទោះយ៉ាងណាក៏ដោយ របាយការណ៍ពីគេហទំព័រ Counterpoint Research ពុំបានបង្ហាញតួលេខការលក់ស្មាតហ្វូនកំពូលទាំង ១០ ខាងលើនោះទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ចុងក្រោយពីគេហទំព័រ Canalys បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនលើពិភពលោកបានកើនឡើង ៧% នៅក្នុងឆ្នាំ ២០២៤ ដោយឈានដល់ចំនួន ១,២២ពាន់លានគ្រឿង ដែលជាការស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះពីរឆ្នាំជាប់គ្នា។

លោក Karn Chauhan អ្នកវិភាគទីផ្សារបានកត់សម្គាល់ឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសចិនមានចំនួនជិតពាក់កណ្តាលនៃការលក់ iPhone 15 នៅទូទាំងពិភពលោក។ ហើយក៏ជាលើកដំបូងផងដែរ ដែលម៉ូដែល Pro បង្កើតការលក់ iPhone ភាគច្រើន។

ក្រឡេកទៅក្រុមហ៊ុន Samsung ច្រើនជាងពាក់កណ្តាលនៃការលក់ Galaxy S24 កាលពីឆ្នាំ២០២៤ គឺនៅសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច ពោលធ្លាក់ចុះបន្តិចពី ៦០% នៅឆ្នាំ ២០២៣។ Samsung ក៏បានពង្រីកទៅកាន់ទីផ្សារកំពុងរីកចម្រើនដូចជា មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។ ចំណែកស៊េរី Galaxy A15 5G និង 4G ដំណើរការបានប្រសើរជាង Galaxy A14 ជំនាន់មុន ដែលបានបង្កើនដល់ចំណាត់ថ្នាក់ខ្ពស់កាលពីឆ្នាំមុន។

Counterpoint Research បានព្យាករណ៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មី នឹងបង្កើតការប្រកួតប្រជែងស្មាតហ្វូនលំដាប់កំពូលកាន់តែខ្លាំង នៅឆ្នាំនេះ។ ដ្បិតនៅឆ្នាំ ២០២៤ ស្មាតហ្វូនកំពូលទាំង ៥ នៅក្នុងចំណោម ១០ បានបំពាក់នូវសមត្ថភាព GenAI ដែលធ្វើត្រាប់តាមការច្នៃប្រឌិតដូចមនុស្ស៕ ដកស្រង់ ៖ Counterpoint Research និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ