ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ សិរីមន្ត រំពឹង​ម្ចាស់​ជ័យ​លា​ភី Rapper figh​ter កុំ​សរសេរ​ចម្រៀង​ដោយ​ប្រើ​ពាក្យ.​ជេ.រ.​​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មវិធី Rapper Fighter 🔥​រដូវ​កាល​ទី​១ បាន​បិទ​បញ្ចប់​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ កម្មវិធី Rapper Fighter 🔥​រដូវ​កាល​ទី​១ បាន​បិទ​បញ្ចប់​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយនៅ​ក្នុង​នោះ​ ម្ចាស់​ជ័យ​លា​ភី​បាន​ទៅ​លើ​បេក្ខជន OG GOLDEN 🎉​ដែល​កូនក្រុម​របស់​តារាចម្រៀង​លោក Ruthko ដែល​បាន​ទទួល
មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​កន្លង​ទៅ ។

ជ័យជម្នះ​​របស់​កូនក្រុម Ruthko បាន​ធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ ជា​ពិសេស​ អ្នកសិល្បៈ​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​បេក្ខជន​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត បើ​ទោះបីជា​មិន​មាន​វត្តមាន​គ្រូ​របស់​គេ​ក៏​ដោយ ។

ដោយឡែក ​សម្រាប់​ជ័យ​លា​ភី​របស់ OG GOLDEN នា​ពេល​នេះ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​នេះ​ដែរ ដោយនៅ​ក្នុង​នោះ​ លោក​បាន​ដាក់​ក្តី​រំពឹង​ថា ម្ចាស់​ជ័យ​លា​ភី​ចម្រៀង​រ៉េ​ប​ថ្មី​ម្នាក់​នេះ​នឹង​ក្លាយជា​បុ​គ្គល​គំរូ ហើយ​មិន​សរ​សេរ​ចម្រៀង​ដោយ​មាន​ពាក្យ​អសុរោះ ដូច​តារា​រ៉េ​ប​មួយ​ចំនួន​តូច​ផ្សេង​ទៀត ។

តាម​បណ្តាញ​សង្គម តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បង្ហោះ​សំ​ណេ​រថា អបអរសាទរ​ប្អូនប្រុស​ដែល​ជាប់​ជ័យ​លា​ភី​កម្មវិធី​រ៉េ​ប​ភើ fighter កាលពី​យប់មិញ​ប្អូន​នឹង​ក្លាយជា​ទំពាំង​ស្នង​ប្ញស្សី​ថ្មី​សង្ឃឹមថា​ប្អូន​នឹង​ក្លាយជា​គំរូ​ល្អ​ដល់​យុវវ័យ​មាន​សុជីវធម៌​គុណធម៌​ជា​គំរូ​ដល់​ពួក​គេ​សរសេរ​ចម្រៀង​ កុំ​មាន​ពាក្យ​ជេរ​ពាក្យ​អសុរោះ​ណា​ប្អូន ជូនពរ​ប្អូន​ជោគជ័យ​ក្នុង​វិស័យ​រ៉េ​ប​ភើ​នេះ ។

យ៉ាងណា​ តាមរយៈ​សំ​ណេ​រ​ខាងលើ​នេះ គេ​បានឃើញ​មហាជន ជា​ពិសេស ​បណ្តា​អ្នកគាំទ្រ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នា​ពេល​នេះ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​គេ​បានឃើញ​សង្គ្រាមពាក្យសម្តី​កំពុង​តែ​ផ្ទុះ​យ៉ាង​ក្តៅ​គគុក​លើ​បណ្តាញ​សង្គម​រវាង​តារា​រ៉េ​ប​ដ៏​ល្បីឈ្មោះ​២​រូប ។

ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​ពី​សំណាក់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក៏​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក៏​ធ្លាប់​ប៉ះ​ពាក្យ​សម្តី​ជាមួយនឹង​តារាចម្រៀង​រ៉េ​ប​មួយ​រូប​កាលពី​ពេល​កន្លង​ទៅ ខ​ណៈពេល​ដែល​តារា​រ៉េ​ប​រូប​នោះ​បាន​ចេញ​និយាយ​ចំ​ៗ​ឈ្មោះ​របស់​លោក​ថា មិន​គួរ​ចេញ​ចម្រៀង​បែប​រ៉េ​ប​នោះ​ឡើយ ។

ទោះជា​យ៉ាង​ណា អំឡុង​ពេល​នោះ​ លោក ខេមរៈ សិរីមន្ត ក៏​បាន​ធ្វើការ​ឆ្លើយ​តប​វិញ​ថា «​ប្អូន​គ្មាន​សិទ្ធិ​មក​ចាត់ចែង​បង​ឲ្យ​ច្រៀង ឬ​មិន​ច្រៀង​ចង្វាក់​នេះ ឬ​ចង្វាក់​នោះ​ទេ​។ បើ​តាំងខ្លួន​ជា​អ្នកសិល្បៈ​ហើយ សូមកុំ​ចង្អៀតចង្អល់​ពេក ព្រោះ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ តើ​មាន​ចង្វាក់​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ច្រៀង​នោះ ហើយ​បាន​ច្រៀង​តាំងពី​បងប្អូន​សិល្បៈ​ខ្លះ មិន​ទាន់​ចេះ​ស្លៀកខោ​ទៀត​ផង​។

ប្អូន​ត្រូវ​ចាំ​ថា ប្អូន​គ្មាន​សិទ្ធិ​មក​ចាត់ចែង មិន​ឲ្យ​បង​ចម្រៀង​ចង្វាក់​នេះ​ចង្វាក់​នោះ​ទេ ទីផ្សារសេរី​អ្នក​ណា​ធ្វើ​អី​បាន​ក៏​ធ្វើ​ទៅ តាម​សមត្ថភាព និង​លទ្ធភាព​រៀង​ៗ​ខ្លួន ប្អូន​ចង់​ច្រៀង​ចង្វាក់​អ្វី​បង​ក៏​មិន​ហាម​​ដែរ ហើយ​ចង្វាក់​អស់ទាំង​នោះ​បង​បាន​ច្រៀង ៣​ទៅ​៤​វ៉ុល តាំងពី​១០​ឆ្នាំ​មុន​រួច​ទៅ​ហើយ​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ