ទីក្រុងវ៉ាសូវី៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានធ្វើដំណើរទៅចូលរួមការរំលឹកខួប៨០ឆ្នាំនៃព្រឹត្តិការណ៍សម្លាប់រង្គាលពីសំណាក់ពួកណាហ្ស៊ីអាល្លឺម៉ង់ទៅលើជនជាតិជ្វីបនៅជំរំឃុំឃាំងមនុស្សអោស្វីច (Auschwitz) ប្រទេសប៉ូឡូញកាលពីអំឡុងសង្គ្រាមលោកលើកទី២។ ពិធីនេះត្រូវគេរៀបចំនៅតាមប្រទេសនានាទូទាំងពិភពលោក។
លោកហ្សេឡិនស្គីបានធ្វើដំណើរទៅដល់ស្តូបអនុស្សាវរីយ៍នៅទីក្រុងកៀវ អមដំណើរដោយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក្រុមអ្នកការទូត និងអ្នកមុខអ្នកការជាច្រើនទៀតចូលរួមរំលឹកខួបអនុស្សាវរីយ៍ជូរចត់នៅបាប៊ីយ៉ា (Babyn Yar) ដែលជនជាតិជ្វីបជាង៣ម៉ឺននាក់ត្រូវពួកណាហ្ស៊ីបញ្ជាឱ្យជីករណ្ដៅកប់ខ្លួនឯងកាលពីឆ្នាំ១៩៤១។ លោកហ្សេឡិនស្គីក៏ត្រៀមធ្វើដំណើរទៅប៉ូឡូញផងដែរដើម្បីចូលរួមរំលឹកព្រឹត្តិការណ៍កាលពី៨០ឆ្នាំមុននៅពេលកងទ័ពសូវៀតរំដោះអ្នកទោសជនជាតិជ្វីបពីមន្ទីរឃុំឃាំងរបស់ពួកណាហ្ស៊ី។
ពួកណាហ្ស៊ីសម្លាប់មនុស្សអស់ជាង១លាននាក់នៅប្រទេសប៉ូឡូញខាងត្បូង។ ជនរងគ្រោះភាគច្រើនជាជនជាតិជ្វីបដែលត្រូវគេសម្លាប់ជុំគ្នាដោយប្រមូលផ្ដុំនៅក្នុងបន្ទប់ធំៗ។ រួចហើយពួកណាហ្ស៊ីបាញ់ឧស្ម័នពុលចូលទៅក្នុងបន្ទប់នោះ។ ជនជាតិដទៃទៀតមានដូចជាប៉ូឡូញ, រ៉ូម៉ា, សូវៀត និងក្រុមមនុស្សដទៃទៀតដែលជាគោលរបស់ពួកណាហ្ស៊ីត្រូវកម្ទេចចោល។
មនុស្សមួយចំនួនតូចដែលនៅរស់រានមានជីវិតពីហេតុការណ៍នោះបានធ្វើដំណើរទៅចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។ ពួកគេពាក់កន្សែងពណ៌ខៀវលាយសតំណាងឱ្យខោអាវរបស់អ្នកទោសកាលពីជំនាន់នោះ និងដើរជុំគ្នាទៅកាន់អគារមរណៈដែលជាទីកន្លែងពិឃាតអ្នកទោស។ នៅក្នុងចំណោមនោះ ក៏មានជនជាតិប៉ូឡូញដែលប្រឆាំងនឹងពួកណាហ្ស៊ីផងដែរ។
ប្រធានាធិបតីប៉ូឡូញ លោកឌូដា (Duda) បានធ្វើដំណើរទៅចូលរួមពិធីរំលឹកខួបនេះក្នុងនាមប៉ូឡូញជាអ្នករងគ្រោះស្លាប់មនុស្ស៦លាននាក់កាលពីអំឡុងសង្គ្រាមលោកលើកទី២។ លោកឌូដាបានកាន់ទៀនដើរជាមួយប្រធានសារមន្ទីរប្រល័យពូជសាសន៍អោស្វីច។ នៅពេលទៅដល់ទីកន្លែងពិឃាត លោកទាំង២បានឱនក្បាលចុះបន្តិចជាការគោរព និងសូត្រពាក្យផ្ដាំផ្ញើមួយចំនួន។
នៅទូទាំងទ្វីបអឺរ៉ុប ពួកណាហ្ស៊ីសម្លាប់ជនជាតិជ្វីប៦លាននាក់។ មានន័យថាសម្លាប់២/៣នៃជនជាតិទ្វីបទូទាំងទ្វីបនេះ ឬ១/៣នៃជនជាតិជ្វីបទូទាំងពិភពលោក។ ថ្នាក់ដឹកនាំ ឬមន្ត្រីរដ្ឋាភិបាលនៅទ្វីបអឺរ៉ុបចូលរួមរំលឹកខួបនៅថ្ងៃនេះ។ នៅក្នុងចំណោមនោះ មានអធិការបតី និងប្រធានាធិបតីអាល្លឺម៉ង់, ប្រធានាធិបតីបារាំង, នាយករដ្ឋមន្ត្រីកាណាដា, ព្រះមហាក្សត្រអង់គ្លេស រួមជាមួយព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីរបស់ប្រទេសអេស្ប៉ាញ ដាណឺម៉ាក និងន័រវេក៏ចូលរួមផងដែរ៕
ចែករំលែកព័តមាននេះ