រាជធានីភ្នំពេញ ៖ មានហេតុការឆ្លងចរន្តអគ្គិសនី រ៉ូឡូព្រីភ្លើង ដែលទុកនៅលើពូកដេក បង្កជាអណ្ដាតភ្លើង បណ្ដាលឲ្យឆាបឆេះបន្ទប់ស្នាក់នៅ របស់កូនជាងជួសជុលម៉ូតូមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ ខណៈនោះអាជ្ញាធរ និងសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាម ។
សមត្ថកិច្ចក៏បានហៅរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ទៅជួយពន្លត់ផងដែរ ប៉ុន្តែពេលទៅដល់អត់បានបាញ់ទឹកទេ ដោយសារតែម្ចាស់ផ្ទះ រួមជាមួយអ្នកជិតខាងនាំគ្នាតទុយោទឹក និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រលត់ទៅវិញ មុនពេលរថយន្តពន្លត់អគ្គិភ័យខាងលើទៅដល់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជាន់ទី១ ផ្ទះជាងជួសជុលម៉ូតូដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ ហើយផ្ទះនោះមានទទឹង៦ម៉ែត្រ បណ្តោយ១៦ម៉ែត្រ រងការខូចខាតបន្ទប់ដែលកូនជាងម៉ូតូស្នាក់នៅរួមជាមួយ ពូក ភួយ ខ្នើយ និងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
មុនពេលកើតហេតុពុំមានអ្នកស្នាក់នៅក្នុងបន្ទប់នោះទេ ដោយកូនជាងបានចុះមកជួសជុលម៉ូតូឲ្យម៉ូយនៅខាងក្រោម (ជាន់ផ្ទាល់ដី) ហើយខណៈពេលកំពុងជួសជុលម៉ូតូ ស្រាប់តែធំក្លិនឈ្ងៀមយ៉ាងខ្លាំង បន្ទាប់មកមានឃើញផ្សែងហុយចេញពីក្នុងបន្ទប់នោះឃ្មួលខ្មាញ់តែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះមេជាងដែលជាម្ចាស់ផ្ទះ រួមជាមួយកូនជាង និងប្រជាពលរដ្ឋដែលជាអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងតទុយោបាញ់ទឹកពន្លត់ទាំងព្រលឹងចុងសក់ ។
ដោយពន្លត់បណ្ដើររាយការណ៍សុំការអន្តរាគមន៍ទៅពីអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ និងខណ្ឌបណ្ដើរ ដើម្បីឲ្យជួយហៅរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ ហើយអាជ្ញាធរ និងសមត្ថកិច្ចក៏បានចុះទៅកាន់ទីនោះភ្លាមៗផងដែរ ។
នគរបាលខាងលើបានបញ្ជាក់ប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម ក្រុមសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅជួយពន្លត់ភ្លើង ។ ប៉ុន្តែពេលទៅដល់ម្ចាស់ផ្ទះ រួមជាមួយកូនជាង និងអ្នកជិតខាងពន្លត់រលត់ទៅហើយ ដោយឡែកគ្រោះអគ្គិភ័យនេះផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនីរ៉ូឡូព្រីភ្លើង ដែលអ្នកស្នាក់នៅទុកនៅលើពូកដេកក្នុងបន្ទប់ខាងលើនោះ ៕
ចែករំលែកព័តមាននេះ