រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់៣១ ខែមករា ឆ្នាំ២០២៥នេះអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា នឹងចុះអ័ព្ទ ចាប់ពីម៉ោង២យប់ដល់ម៉ោង៧ព្រឹក ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុ នៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងងមាន បាតុភូតចុះអ័ព្ទ កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងថា បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរចរាចរណ៍។ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើដំណើរចរាចរណ៍ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕





ចែករំលែកព័តមាននេះ