ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា ក្រុមប្រឆាំង​នៅ​តែ​បង្កើត​បដិវត្តន៍​ពណ៌ គ្រាន់តែ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ប៉ុណ្ណោះ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា បដិវត្តន៍​ពណ៌ នៅ​តែ​មាន​ដោយ​ក្រុមប្រឆាំង បាន​បង្កើត និង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​របស់​ខ្លួន ។ ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា បដិវត្តន៍​ពណ៌ នៅ​តែ​មាន​ដោយ​ក្រុមប្រឆាំង បាន​បង្កើត និង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​របស់​ខ្លួន ។

ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ការ​គ្រប់គ្រង​ព័ត៌មាន និង​សាធារណៈ​មតិ ដែល​កិច្ច​ការងារ​នេះ គឺ​កាន់តែ​ស្រួចស្រាល់ ហើយ​កាលណា​យើង​គ្រប់គ្រង​សាធារណៈ​មតិ​បាន គឺ​យើង​ឈ្នះ ក្នុង​នេះ​បើ​ផ្អែក​តាម​ទ្រឹស្តី​ព័ត៌មាន​បាន​លើក​ឡើង​ថា «​កាលណា​គ្រប់គ្រង​ព័ត៌មាន​បាន​ល្អ គឺ​បាន​ទទួល​បាន​ជ័យជម្នះ ៥០​ភាគរយ ជា​ស្រេច​ទៅ​ហើយ ប៉ុន្តែ​បើ​យើង​ចាញ់​ព័ត៌មាន ក្នុង​សមរភូមិ​ព័ត៌មាន គឺ​យើង​ចាញ់ ៥០​ភាគរយ​រួច​ស្រេច​ទៅ​ហើយ​» ។

ឯកឧត្តម បាន​បញ្ជាក់​ថា ចំណុច​នេះ​ហើយ ដែល​យើង​ត្រូវ​យកចិត្ត​តុ​ក​ដាក់​ឱ្យ​ច្បាស់​អំពី​ការ​គ្រប់គ្រង​សាធារណៈ​មតិ ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​លើក​ឡើង​ទាក់ទិន​ក្នុង​រឿង​នេះ​ដែរ​ថា ការ​គ្រប់គ្រង​សាធារណៈ​មតិ​នេះ ដូច​ជា បើ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ហើយ បើកាលណា​គាត់​មិន​រឹង​មាំ​ក្នុង​អារម្មណ៍​ទេ នឹង​នាំ​ឱ្យ​ប្រែប្រួល​ទៅ​តាម​ប្រធានបទ និង​បរិបទ​នោះ មាន​ន័យ​ថា អារម្មណ៍​របស់​គាត់​នឹង​ប្រែប្រួល​។

ឯកឧត្តម បាន​លើក​ឡើង​ថា ស្ថានភាព​ក្នុង​ក្របខ័ណ្ឌ​នេះ កន្លង​មក​ក្រុម​អគតិ ព្យាយាម​បំភ្លៃ​ការ​ពិត ហើយ​សម្រាប់​បដិវត្តន៍​ពណ៌ យើង​ឃើញ​ហើយ​ថា នៅ​តែ​មាន គ្រាន់តែ​គេ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ ។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​ថា សម្រាប់​វិធីសាស្ត្រ​របស់​គេ គឺ​រឿង​អ្វី​ក៏​ដោយ មិន​សំខាន់​ទេ តួអង្គ​ន​យោ​បា​អ្វី ក៏​ដោយ មិន​សំខាន់​ដែរ អ្វី​ដែល​សំខាន់ គឺ​បញ្ហា​អ្វីមួយ ដែល​ធ្វើ​ហើយ​អាច​បញ្ឆេះ​កំហឹង​បាន ។

ឯកឧត្តម បន្ត​ទៀត​ថា បានជា​យុទ្ធសាស្ត្រ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ទី​៥ របស់​មហាអំណាច​សហរដ្ឋអាមេរិក ផ្តួលរំលំ​បដិវត្ដ​ពណ៌ គេ​ប្រើប្រាស់​បង្កើត​ឱ្យ​មាន​ចលាចល​សង្គម ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ដោយ​បញ្ជាក់​បន្ថែម​ថា ៖ «​អីចឹង បើ​បង្កើត​កន្លែង​ណាមួយ​បាន គឹ​គេ​នឹង​ធ្វើ​ភ្លាម ឧទាហរណ៍​ដូច​ជា តម្លៃ​ស្រូវ តម្លៃ​ស្រូវ​នេះ​ទាល់តែ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចេញ​ទៅ​ពន្យល់ បកស្រាយ​ពី​បញ្ហា​ទាំងអស់​ហ្នឹង ឱ្យ​យល់​ថា ពី​បញ្ហា​កើតឡើង​មក​ពី​អ្វី ហើយ​បើ​គេ​គិត​តម្លៃ​ស្រូវ​សព្វថ្ងៃ ប្រជា​កសិករ​នៅ​តែ​ចំណេញ​ទេ គ្រាន់តែ​ចំណេញ មិន​ដូច​អ្វី ដែល​គាត់​រំពឹង​ទុក នៅ​ពេល​គាត់​ចាប់ផ្តើម​ដាំ​ដុះ តែ​ប៉ុណ្ណឹង​ទេ​។ ចំណុច​ទាំង​អស់នេះ គឺជា​រឿង​កើតឡើង​ពី​ការ​ញុះញង់​ទាំងអស់ ឧទាហរណ៍​ដូច​ជា រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ដែល​នៅ​សុខ​ៗ ក្រុមប្រឆាំង ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​លើ​ការ​គាំទ្រ​រាជរដ្ឋាភិបាល ពិសេស​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ពួក​គេ​ក៏​បង្កើត​រឿងរ៉ាវ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា កម្ពុជា​កាត់​ខេត្ត​៤ ទៅ​ឱ្យ​វៀតណាម តាម​គម្រោង CLV នេះឯង​» ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​រាជរដ្ឋាភិបាល បាន​ធ្វើការ​ដឹកនាំ​ប្រជាពលរដ្ឋ​ឱ្យទៅ​ពិនិត្យ​ព្រំដែន គឺ​ពលរដ្ឋ​គាត់​បាន​រឹង​មាំ ជឿជាក់​ក្នុង​ចិត្ត ឈប់​ជឿ​ក្រុមប្រឆាំង​ទៀត​។ ក្រៅពី​នេះ ពួក​គេ​ក៏​បង្កើត​រឿង​ក្រៅពី​ខាងកើត ទៅ​ខាងលិច​វិញ គឺ​សព្វគ្រប់ តែ​ម្តង ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យ​ដឹង​បន្ថែម​ថា ៖ «​ទាំង​អស់នេះ​ហើយ គឺ​យើង​ត្រូវ​យល់​ពី​ក្រប​ខណ្ឌ​សាធារណៈ​មតិ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​ទេ​។ ចំណុច​នេះ ការ​គ្រប់គ្រង​ជា​រឿង​សំខាន់ អីចឹង​ចំណុច​នេះ​ហើយ បានជា​យើង​ពង្រឹង​តួនាទី​របស់​ក្រសួង​ព័ត៌មាន ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន និង​សាធារណៈ​មតិ ហើយ​ផ្តល់​តួនាទី​គាំទ្រ​ដល់​ក្រសួង មន្ទីរ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ