រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានដែលទទួលបាននៅយប់ថ្ងៃទី១៤ មករា ២០២៤ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះពិសេសមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធី ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លិខិតផ្លូវការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះហត្ថលេខាដោយឯកឧត្តម រដ្ឋលេខាធិការ ស៊ា កុសល បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ។
ជុំវិញបញ្ហានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ ។
ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជាក៏បានស្នើសុំប៉ូលិសអន្តរជាតិ អាំងទែប៉ូល(Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ ។
មុននេះខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌ពីគណនីហ្វេសប៊ុកឈ្មោះ Sithy Heng មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាការបំភាន់ព័ត៌មាន និងបំពានច្បាប់ព្រហ្មទណ្ឌ ។ យោងតាមសេចក្តីបដិសេធរបស់ខុទ្ទកាល័យនិងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៥ បានលើកឡើងថា គណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភាន់ព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា ក្នុងនាមជាស្ថាប័ន សេនាធិការរាជរដ្ឋាភិបាល ទទួលខុសត្រូវលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ក្នុងនោះក៏រួមទាំងលើការងារប្រឆាំងអំពើពុករលួយ និងជាពិសេសការបង្ក្រាបឧក្រិដ្ឋជនខុសច្បាប់ ។
ពោលគឺ មិនដូចសំណេរបង្ហោះចោទប្រកាន់បែបរវើរវាយរបស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នោះឡើយ ។ ក្រុមមន្ត្រីបានប្រដូចអតីតឧកញ៉ារូបនេះថា «នៅពេលសត្វសុនខត្រូវគ្រប់គ្រងដោយមេរោគ វាពិតជាដើរខាំគេឯងមិនរើសមុខ ដូចចាស់បុរាណ ឧទានតៗគ្នាមកមែន!» ។ ក្នុងន័យនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនថា គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នេះ បង្កើតឡើងតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ម៉្លេះ ហើយកន្លងមកការបង្ហោះផ្សាយលើគណនីនេះក៏ពុំបានធ្វើឱ្យប៉ះពាល់ស្ថាប័នសាធារណៈ សិទ្ធិបុគ្គល ឬប្រយោជន៍សង្គមនោះឡើយ ។ ផ្ទុយទៅវិញ មានសកម្មភាពល្អៗដល់សង្គមជាតិជាច្រើនត្រូវបានគណនីនេះបង្ហោះផ្សាយ ។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយ គណនីដដែល ស្រាប់តែបង្ហាញរបៀបវារៈលើកតម្កើងខ្លួនជាបុគ្គលស្អាតស្អំ ដោយប្រើវិធីសាស្ត្រផ្សព្វផ្សាយបរិហារចោទប្រកាន់ គ្មានរើសមុខជាបន្តបន្ទាប់លើថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគ ។ កាន់តែហួសចិត្តទៀតនោះ ម្ចាស់គណនីនេះ ថែមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទៀតផង ។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចកម្ពុជាដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ខ្លួន បន្ទាប់ពីបុគ្គលនេះ រងបណ្ដឹងនានា និងមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច ។ ហេតុដូច្នេះហើយបានជាបុគ្គលនេះប្រើបណ្តាញសង្គមផ្សាយព័ត៌មានបំភ្លៃ បំភាន់ចោទប្រកាន់លើគេឯងជាបន្តបន្ទាប់ ដោយបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីជាធ្លាក់អូសទាញប្រទេសឬអង្គការមួយចំនួនណានោះឱ្យចេញមុខការពារខ្លួន ឬផ្តល់សិទ្ធិជ្រកកោនក្រោមលេសដូចដែលក្រុមប្រឆាំងអស់ក្បួន និយមធ្វើតៗគ្នាដោយ តាំងខ្លួនជាអ្នករងការធ្វើទុក្ខបុកម្នេញ ។ តែធាតុពិត ខ្លួនបានប្រព្រឹត្តសកម្មភាពបំពានច្បាប់យ៉ាងគគ្លើន ឬក៏អាចនិយាយមួយបែបទៀតថា ដើរប្រកាសឱ្យគេចាប់ចោរ ទាំងដែលខ្លួនជាចោរ ។
ភ្ជាប់ទៅនឹងទិដ្ឋភាពច្បាប់ ទង្វើបុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនីSithy Heng មិនមែនជាសេរីភាពបញ្ចេញមតិនោះឡើយ ។ ប៉ុន្តែច្បាស់ណាស់ សកម្មភាពទាំងនេះ ជាករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែកឈរលើទស្សនៈ មាសសុទ្ធមិនខ្លាចភ្លើង សូមម្ចាស់គណនី ឬបុគ្គលខាងលើនេះ បង្ហាញសាធារណជនមក បើខ្លួនពិតជាមានភស្តុតាងច្បាស់ក្រឡែតថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្តិអំពើពុករលួយ កាង ឬការពារក្រុមឧក្រិដ្ឋជនខុសច្បាប់ ។
អតីតឧកញ៉ារូបនេះក៏បានចោទដល់នាយឧត្តមសេនីយ៍ ស ថេត និងអ្នកឧកញ៉ា ហ៊ុន តូ ថាកាងល្បែងអនឡាញផងដែរ តែត្រូវបានបដិសេធចោលទាំងស្រុង ។
ជុំវិញដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតឧកញ៉ារូបនេះ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អតីតឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ គេហទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានលើកឡើងថា ជនល្មើស ហេង សិទ្ធី ចាប់ខ្លួនបានហើយ ពេលនេះកំពុងរៀបចំបែបបទនីតិវិធី ដើម្បីនាំខ្លួនមកកាន់ប្រទេសកម្ពុជាអនុវត្តន៍ច្បាប់ ។ អ្វីដែលគួរបន្តធ្វើ សមត្ថកិច្ចនិងតុលាការគួរស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់ ហេង សិទ្ធី ដើម្បីបង្កកទុកសងជនរងគ្រោះ ។
ជនរងគ្រោះដែលធ្លាប់ត្រូវបាន ហេង សិទ្ធី ឆបោក និងលាបពណ៌ ចោទប្រកាន់ ប្រឌិតព័ត៌មានក្លែងក្លាយមួយបង្កាច់ បរិហារកេរ្តិ៍ប៉ះពាល់ដល់កិត្តិយស គួររួមគ្នាដាក់ពាក្យបណ្តឹងប្ដឹងថែមទៀត ដើម្បីទាមទារយុត្តិធម៌ត្រឡប់មកវិញ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ