ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ វិមានក្រឹមឡាំងបញ្ចេញប្រតិកម្មតបទៅនឹងការផ្សព្វផ្សាយព័ត៌មានថា «ករណីធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសអាហ្សឺបៃហ្សង់នៅប្រទេសកាហ្សាក់ស្ថាននោះជាស្នាដៃរបស់រុស្ស៊ី»។ តាមរយៈវីឌីអូឃ្លីបមួយឈុត គេឃើញថាយន្តហោះផ្ទុះឆេះនៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយទ្រលោមយ៉ាងខ្មៅងងឹតចេញពីយន្តហោះ។
តួលេខបឋមបង្ហាញថានៅក្នុងចំណោមមនុស្សសរុប៦៧នាក់នៅក្នុងយន្តហោះនោះ ៣៨នាក់បានស្លាប់ ចំណែក២៩នាក់ទៀតអាចនៅរស់រានមានជីវិត។ ប្រភពជាច្រើនបានសន្និដ្ឋានដូចៗគ្នាថាយន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ យន្តហោះនោះកំពុងធ្វើដំណើរសុខៗពីប្រទេសអាហ្សឺបៃហ្សង់សំដៅទៅតំបន់ឆេចឆឹន (Chechnya)។
ប៉ុន្តែនៅពេលទៅដល់ចំណុចមួយជិតទីក្រុងអាកតូ (Aktau) ប្រទេសកាហ្សាក់ស្ថាន យន្តហោះនេះស្រាប់តែហោះចាក់កួរ និងធ្លាក់ទៅលើតំបន់ឆ្នេរខ្សាច់មាត់សមុទ្រ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូវ ថ្លែងថាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាយន្តហោះនោះធ្លាក់ និងផ្ទុះឆេះដោយសារមូលហេតុអ្វីនោះទេ។
លោកយល់ថាវាជាទង្វើខុសឆ្គងណាស់នៅពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ យើងបែរជាសន្និដ្ឋានតែផ្ដេសតែផ្ដាសបែបនេះ។ ឧបនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានក៏និយាយស្រដៀងគ្នានឹងវិមានក្រឹមឡាំងផងដែរ។ លោកយល់ថានៅក្នុងដំណាក់កាលនេះគួរកុំទាន់សន្និដ្ឋានងាយៗពេក។
ទោះជាយ៉ាងណាក្ដី ក្រុមអ្នកវិភាគរបស់លោកខាងលិចកត់សម្គាល់កត្តាបីយ៉ាងដែលថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអាចជាជនដៃដល់នៅក្នុងការបាញ់ទម្លាក់យន្តហោះ ទី១-រូបវីឌីអូឃ្លីបនោះបង្ហាញថាយន្តហោះឆេះតាំងពីមុនពេលធ្លាក់ទៅដល់ដី, ទី២-បំណែកយន្តហោះក្រោយពេលធ្លាក់បង្ហាញថាយន្តហោះហាក់ដូចជាត្រូវអម្បែងគ្រាប់កាំភ្លើង និងទី៣-ស្ថានភាពភូមិសាស្ត្រនៅកន្លែងធ្លាក់យន្តហោះនោះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងមីស៊ីលរបស់រុស្ស៊ី។
លោកមេតធូ បូរី (Matthew Borie) ជាប្រធានក្រុមស៊ើបការសម្ងាត់នៃក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ឯកជនឈ្មោះអូសប្រេ ហ្វ្លាយ សូលូសិន (Osprey Flight Solutions) យល់ស្របដូចការសន្និដ្ឋានខាងលើនេះ។
លោកយល់ករណីដែលសមត្ថកិច្ចប្រទេសកាហ្សាក់ស្ថានសន្និដ្ឋានថាប្រហែលជាមានសត្វបក្សីមួយក្បាល ឬមួយហ្វូងហើរទៅបុកយន្តហោះនោះមិនអាចទៅរួចទេ។ បើយន្តហោះប៉ះជាមួយសត្វបក្សីមែនប្រហែលជាយន្តហោះមិនមែនធ្លាក់របៀបអីចឹងទេ ប្រាកដជាធ្លាក់បែបផ្សេង ហើយបំណែកយន្តហោះដែលរាយប៉ាយនៅលើដីក៏ផ្សេងពីនេះផងដែរ៕
ចែករំលែកព័តមាននេះ