ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវឃាតករបាញ់ប្រហាតាមផ្លូវ បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយបញ្ជូនដល់មន្ទីពេទ្យ ក៏បានស្លាប់ ចំណែកស្ត្រីជាអ្នករួមដំណើរបានរត់គេចខ្លួន រួចផុតពីគ្រោះថ្នាក់ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឮស្នូរផ្ទុះអាវុធប្រាវ ស្មានតែគេដុតផាវ ក៏ស្ទុះចេញមកមើល ស្រាប់តែឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមរងរបួសធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតរត់ស្រែកអោយគេជួយ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហ្ស៊ូមើអិច ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានអ្នករួមដំណើរជួយដឹកបញ្ជូនទៅកាន់គ្លីនិកឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុ តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យនៅគ្លីនិកឯកជន អោយបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ។
ប្រជាពលរដ្ឋបានបញ្ចាក់ថា នៅពេលដែលឃាតករបាញ់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហ្ស៊ូមមើអ៊ិច ក្នុងចំណោម២នាក់ មានម្នាក់ជាស្ត្រីជនជាតិថៃ ពេលជិៈម៉ូតូតាមផ្លូវត្រូវបានឃាតករ២នាក់ជិៈម៉ូតូ១គ្រឿងតាមក្រោយ ហើយបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ជាបុរសជាអ្នកបើកបរម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយបញ្ជូនដល់មន្ទីពេទ្យបានស្លាប់ និងម្នាក់ទៀតរត់គេចខ្លួនរួចផុតពីគ្រោះថ្នាក់ ។ បើតាមការសន្និដ្ឋានអាចជនជាតិថៃបាញ់ប្រហាគ្នារឿងគំនុំ ៕
ចែករំលែកព័តមាននេះ