ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតលើលោក ឥណ្ឌា និងបង់ក្លាដែសបង្ហាញក្តីបារម្ភ

22 ម៉ោង មុន

ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានអនុម័តការសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដោយចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតាមួយ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ ដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ នៅផ្នែកខាងក្រោមនៃប្រទេសឥណ្ឌា និងបង់ក្លាដែស។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters…

ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានអនុម័តការសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដោយចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតាមួយ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ ដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ នៅផ្នែកខាងក្រោមនៃប្រទេសឥណ្ឌា និងបង់ក្លាដែស។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

បើតាមការប៉ាន់ស្មានផ្តល់ដោយក្រុមហ៊ុន Power Construction Corp របស់ចិនក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំងនៅផ្នែកខាងក្រោមទន្លេ យ៉ាលុង ហ្សាងបូ (Yarlung Zangbo) អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ នោះនឹងច្រើនជាងដល់ទៅបីដងនៃសមត្ថភាពផលិត ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នគឺជាទំនប់ធំជាងគេបំផុតរបស់ពិភពលោក នៅកណ្តាលប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua ) បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ថា គម្រោងដ៏មហាសាលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅ សូន្យកាបូន ឬ អព្យាក្រឹតកាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជា វិស្វកម្ម និងបង្កើតការងារនៅក្នុងប្រទេសទីបេផងដែរ។ ផ្នែកមួយនៃទន្លេ យ៉ាលុង ហ្សាងបូ ហូរធ្លាក់ចុះ ២ពាន់ម៉ែត្រក្នុងរយៈពេលខ្លី សម្រាប់ចម្ងាយ ៥០គីឡូម៉ែត្រ ដែលផ្តល់នូវសក្តានុពលវារីអគ្គិសនីដ៏ធំ ក៏ដូចជាបញ្ហាប្រឈមនឹងផ្នែកវិស្វកម្មតែមួយគត់។

ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងការចំណាយផ្នែកវិស្វកម្ម រំពឹងថានឹងចំណាយប្រហាក់ប្រហែលនឹងការសាងសង់ទំនប់ Three Gorges មានតម្លៃ ៣៥ពាន់លានដុល្លារ។ នេះរាប់បញ្ចូលទាំងការតាំងទីលំនៅថ្មីនៃប្រជាជន ១.៤លាននាក់ ដែលផ្លាស់ទីលំនៅ និងច្រើនជាង៤ដង នៃការប៉ាន់ប្រមាណដំបូងចំនួនត្រឹម ៧.៨ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញ អាជ្ញាធរមិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ ដែលតាមគម្រោងនៅក្នុងប្រទេសទីបេ នឹងត្រូវផ្លាស់ទីលំនៅ និងរបៀបនៃប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានជាងគេ និងសម្បូរបែបបំផុតនៅលើខ្ពង់រាប។ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងវារីអគ្គិសនីនៅទីបេ មានសក្តានុពលជាងមួយភាគបីនៃវារីអគ្គិសនីរបស់ប្រទេសចិន ហើយនឹងមិនមានឥទ្ធិពលខ្លាំងលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមនោះទេ។

ទោះយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌា និងបង់ក្លាដែសបានលើកឡើងពីក្តីបារម្ភអំពីទំនប់នេះ ដោយគម្រោងនេះអាចផ្លាស់ប្តូរមិនត្រឹមតែបរិស្ថានក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរលំហូរ និងផ្លូវទន្លេចុះក្រោមផងដែរ៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ