ទីក្រុងសេអ៊ូល៖ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងថ្មីដែលស្បថចូលកាន់តំណែងកាលពីល្ងាចថ្ងៃសុក្រថ្លែងថារដ្ឋាភិបាលបានអំពាវនាវឱ្យកងទ័ពបង្កើនការឃ្លាំមើល និងប្រុងប្រយ័ត្នខ្ពស់។ មានន័យថាស្រួលមិនស្រួល កូរ៉េខាងជើងអាចនឹងឆ្លៀតកេងចំណេញ ឬបង្កបញ្ហាសម្រាប់សន្តិសុខជាតិកូរ៉េខាងត្បូងដែលកំពុងមានសភាពការណ៍នយោបាយមិនប្រាកដប្រជា។
លោកឆយសាងម៉ុក (Choi Sang-mok) ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះថ្លែងដូចខាងលើនេះបន្ទាប់ពីលោកឡើងកាន់តំណែងជំនួសលោកហានដុកស៊ូដែលត្រូវរដ្ឋសភាបោះឆ្នោតដកតំណែងកាលពីល្ងាចថ្ងៃសុក្រ។ ការដកតំណែងនេះបានរុញច្រានកូរ៉េខាងត្បូងដែលធ្លាប់មានសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យរីកលូតលាស់បានល្អឱ្យធ្លាក់ទៅក្នុងស្ថានភាពថ្មី។
ការបោះឆ្នោតដកតំណែងលោកហានដុកស៊ូធ្វើឡើងបន្ទាប់ពីលោកមិនព្រមចុះហត្ថលេខាតែងតាំងចៅក្រមតុលាការធម្មនុញ្ញ៦រូបបន្ថែមទៀតតាមការស្នើសុំរបស់ក្រុមគណបក្សប្រឆាំងដើម្បីងាយស្រួលដកតំណែងលោកយូនស៊ុកយូល។ តាមច្បាប់រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ប្រធានាធិបតីអាចត្រូវដកហូតតំណែងបានដោយសំឡេងអនុម័តពីចៅក្រមយ៉ាងតិច៦រូប។
លោកហានដុកស៊ូអះអាងថាមូលហេតុដែលលោកមិនចុះហត្ថលេខាតែងតាំងចៅក្រមព្រោះច្បាប់សរសេរថាមានតែប្រធានាធិបតីប៉ុណ្ណោះទើបមានសិទ្ធិតែងតាំង។ ចំណែកលោកត្រឹមតែជាប្រធានាធិបតីស្ដីទីគ្មានសិទ្ធិធ្វើរឿងនេះទេ។
ក្រោយការថ្លែងដូច្នេះ ក្រុមគណបក្សប្រឆាំងក៏បញ្ជូនញត្តិស្នើសុំដកតំណែងលោកហានដុកស៊ូទៅសភាកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ពួកគេកំពុងសម្រួចមាត់ដកតំណែងលោកយូនស៊ុកយូលដើម្បីរៀបចំការបោះឆ្នោតឡើងវិញ។ ញត្តិស្នើសុំដកតំណែងនោះត្រូវបានគាំទ្រដោយអ្នកតំណាងរាស្ត្រ១៩២រូបនៅក្នុងចំណោម៣០០រូប។ ដូច្នេះអាចដកបានដោយជោគជ័យ។
នៅក្នុងការបោះឆ្នោតនោះ សមាជិកគណបក្សកាន់អំណាចបានទៅរោមជុំវិញតុថ្លែងសុន្ទរកថារបស់ប្រធានរដ្ឋសភា និងស្រែកខ្លាំងៗថាការបោះឆ្នោតនេះគ្មានសុពលភាពទេ ដូច្នេះមិនអាចយកជាការបានឡើយ។ ពួកគេអះអាងថារដ្ឋសភាកំពុងប្រព្រឹត្តអំពើផ្ដាច់ការ និងធ្វើអ្វីស្រេចតែនឹងចិត្តរបស់ខ្លួន។ តាមពិត ការដកតំណែងលោកហានដុកស៊ូគ្មានច្បាប់ណាចែងទេ។
ច្បាប់មានតែដកតំណែងប្រធានាធិបតីដោយសំឡេង២⁄៣ ឬ២០០លើ៣០០សំឡេងអ្នកតំណាងរាស្ត្រ។ ចំណែកនាយករដ្ឋមន្ត្រីអាចដកតំណែងដោយសំឡេងលើសពីពាក់កណ្ដាលនៃអ្នកតំណាងរាស្ត្រ។ នៅទីបញ្ចប់ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងសម្រេចថាសំឡេងអ្នកតំណាងរាស្ត្រលើសពី៥០%គ្រប់គ្រាន់ដើម្បីដកតំណែងលោកហានដុកស៊ូបានហើយ៕
ចែករំលែកព័តមាននេះ