ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយកែវ​រមៀត កាន់តែ​មាន​ទីផ្សារ និង​តម្លៃ​ល្អ សម្រាប់​នាំ​ចេញ​ក្រៅប្រទេស

23 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក យឹ​ម ណ​ន បាន​និយាយ​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក យឹ​ម ណ​ន បាន​និយាយ​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ មានការ​វិនិយោគ​លើ​វិស័យ​រោងចក្រ​សហគ្រាស​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​ច្រើន​ផង​ដែរ ហើយ​ការ​កើនឡើង​នៃ​រោងចក្រ​កែ​ច្នៃ​កសិផល​នេះ ​មាន​រហូត​ដល់​ទៅ​១៥​កន្លែង​នៅ​ឆ្នាំ​២០២៤​នេះ ដែល​ធ្វើ​ឱ្យ​ផ្លែស្វាយ​កែវ​រមៀត​កាន់តែ​មាន​ទីផ្សារ និង​តម្លៃ​ល្អ ។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០២៤ និង​ទិស​ដៅ​ឆ្នាំ​២០២៥ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤​។

លោក​យឹ​ម ណ​ន ប្រធាន​មន្ទីរ កសិកម្ម​បាន​លើ​ឡើង​ទៀត​ថា សម្រាប់​ផ្ទៃដី​ដាំ​ស្វាយកែវ​រមៀត នៅ​ក្នុង​ខេត្តកំពង់ស្ពឺ មាន​ចំនួន​ជាង​៥​ម៉ឺន​ហិ​កតា ហើយ​កំពុង​ឱ្យ​ផល​ជាង ៤​ម៉ឺន​ហិ​កតា ខណៈ​នៅ​ឆ្នាំ​នេះ​ការ​ប្រមូល​ផល​បាន​ជាង​៥០​ម៉ឺន​តោន​។ តម្លៃ​ស្វាយកែវ​រមៀត​ដែល​ត្រូវ​លក់​ចេញ មាន​ចំនួន​២​ប្រភេទ ក្នុង​នោះ​ទី​១.​ស្វាយ​ខៀវ ដែល​ត្រូវ​នាំ​ចូល​រោងចក្រ តម្លៃ​ទាប​បំផុត​៥០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ទី​២.​ស្វាយ​ខ្ចប់​ស្រស់ តម្លៃ​ចាប់ពី១.៥០០ ទៅ​២.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​ប៉ុណ្ណេះ ធ្វើ​ឱ្យ​កសិករ​អាច​ទទួលយក​បាន ហើយ​ពួក​គាត់​ក៏​សប្បាយចិត្ត ខណៈ​រោងចក្រ​កែ​ច្នៃ​ផ្លែ ស្វាយ​នេះ គឺ​មាន​ទាំង​ការ​ធ្វើ​ជា​ដំណាប់ និង​នាំ​ចេញ​ស្រស់ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

ប្រធាន​មន្ទីរ​កសិកម្ម លោក យឹ​ម ណ​ន បាន​បន្ថែម​ថា ក្រៅពី​ស្វាយកែវ​រមៀត គឺ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ ក៏​មាន​តម្លៃ​ល្អ​ផង​ដែរ ហើយ​ប្រជា​កសិករ​ក៏​មិន​មានការ​រអ៊ូរទាំ​រឿង​តម្លៃ ដែល​ក្នុង​នោះ​ស្រូវ​សែន​ក្រអូប​ជាដើម មាន​តម្លៃ​ចាប់ពី​១.៣០០​រៀល ទៅ​១.៤០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

ក្នុង​គ្រានេះ​ដែរ លោកស្រី ហោ ម៉ា​លី​ន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ បន្ត​ជួយ​ដោះស្រាយ​បញ្ហា​កសិផល​របស់​ប្រជាពលរដ្ឋ ឱ្យ​អស់ពី​លទ្ធភាព ក៏​ដូច​ជា​ពង្រឹង​ចំណេះដឹង​បច្ចេកទេស​ការ​ដាំ​ដុះ​បន្ថែម​ដល់​ពួក​គាត់ ដើម្បី​ឱ្យ​កសិផល​ទទួល​បាន​ផល​ល្អ ។

ត្រង់​ចំណុច​នេះ លោក យឹ​ម ណ​ន បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​បន្ត​ជួយ​កសិករ​ម្ចាស់​ស្វាយ ឱ្យ​ពួក​គាត់​ចូលរួម​អនុវត្តន៍​លទ្ធិ​កម្ម​កសិកម្ម​ល្អ (GAP) និង​ការ​ជួយ​ពង្រឹង​ការ​ធ្វើ​លទ្ធកម្ម​កសិកម្ម​ល្អ​តាម​កិច្ចសន្យា ដោយ​ធានា​ពេល​ឱ្យ​ផល គឺ​មាន​អ្នកទិញ ហើយ​តម្លៃ​អាច​និយាយ​គ្នា​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខេត្តកំពង់ស្ពឺ ជា​ខេត្ត​សម្បូរ​ដើម​ត្នោត​ជាងគេ ក្នុង​ប្រទេស​កម្ពុ​ជាមួយ​នេះ មាន​ដំណាំ​សក្ដានុពល​ជា​ច្រើន ដូច​ជា​ស្វាយកែវ​រមៀត អំពៅ និង​ស្រូវ​ជាដើម ហើយ​ក៏​មាន​បន្លែ​ជា​ច្រើន​ប្រភេទ ខណៈ​ការ​ចិញ្ចឹមសត្វ​លក់​សាច់ និង​ពូជ​ក៏​មាន​ច្រើន​កសិដ្ឋាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ