ទីក្រុងញូយ៉ក៖ មានហេតុការណ៍ទឹកលិចយន្តហោះដែលកំពុងហោះហើរនៅលើអាកាស។ ហេតុការណ៍នេះកើតឡើងចំពោះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកអ៊ែរឡាញ (American Airlines) ជើងហោះហើរពីទីក្រុងដាឡាស់ នៃរដ្ឋតិចសាសន៍ (Dallas, Texas) សំដៅទៅទីក្រុងមីណេប៉ូលី នៃរដ្ឋមីណេសូតា (Minneapolis, Minnesota) ប្រទេសអាមេរិក។ អ្នកដំណើរកំពុងអង្គុយនៅលើយន្តហោះសុខៗស្រាប់តែទទួលអារម្មណ៍ថាមានទឹកចាប់ផ្ដើមជ្រាបពេញកម្រាលយន្តហោះ។
ពិនិត្យចុះឡើងទើបដឹងថាទឹកបានបាញ់ចេញពីបង្គន់ចូលទៅក្នុងតួយន្តហោះ។ អ្នកដំណើរម្នាក់ថតបានទិដ្ឋភាពនៅពេលនោះ និងបង្ហោះនៅលើបណ្ដាញទីកតុក។ នៅក្នុងវីឌីអូនោះ គេឃើញអ្នកដំណើរចាប់ផ្ដើមមានអារម្មណ៍ជ្រួលច្របល់ពេញយន្តហោះព្រោះពុំដែលជួបប្រទះករណីនេះពីមុនមកទេ។ វីឌីអូឃ្លីបនោះដាក់បទចម្រៀងម៉ាយហាត់វីលហ្គោអន (My Hear Will Go On) របស់អ្នកចម្រៀងសេលីន ដាយអន (Celine Dion) ដែលដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងថាយថានិច (Titanic)។
បង្ហោះបានតែ១សន្ទុះប៉ុណ្ណោះ វីឌីអូឃ្លីបនេះទទួលបានការចូលមើលរហូតដល់ជាង៧លានដង។ ប្រិយមិត្តទីកតុកខ្លះបញ្ចេញមតិរបស់ខ្លួនថា «ឱ្យតែម៉ាកៗហ្នឹង, ពួកគេលែងហ៊ានជិះយន្តហោះហើយ»។ អ្នកខ្លះបញ្ចេញមតិថា «យើងសាកស្រមៃទៅមើល! បើទឹកលិចម្លឹងៗហេងស៊យអ្នកដំណើរត្រូវលង់ទឹកស្លាប់នៅក្នុងយន្តហោះជាមិនខានឡើយ»។ អ្នកខ្លះទៀតបញ្ចេញមតិថា «បើបានលង់ទឹកនៅលើអាកាសក៏អស្ចារ្យម្យ៉ាងដែរ»។
ប្រិយមិត្តទីកតុកខ្លះបញ្ចេញមតិថា «សូមសើចមួយទៅចុះ បើលង់ទឹកនៅលើអាកាសកម្ពស់៩គីឡូម៉ែត្រ និងល្បឿន៨០០គីឡូម៉ែត្រក្នុងមួយម៉ោងក៏ល្អមើលម៉្យាងដែរ។ ស្ដាប់មើលទៅ, នេះជារឿងស្លាប់-រស់ថ្មីមួយទៀតសម្រាប់ពួកយើងហើយ»។ អ្នកខ្លះទៀតបញ្ចេញមតិថាបើទឹកបង្គន់ហូរចេញមកលើកម្រាលយន្តហោះបែបនេះ ពួកគេប្រហែលជាត្រូវពាក់ស្បែកជើងឃ្លប់បិទជើងជិតហើយទើបបាន។
នៅលើយន្តហោះនោះ គេឃើញថាទឹកបង្គន់នៅតែហូរវូៗចេញមកខាងក្រៅឥតឈប់។ អ្នកដំណើរម្នាក់ៗអង្គុយនៅលើយន្តហោះនោះគ្មានអារម្មណ៍ស្រណុកខ្លួនទេ។ ពួកគេខំគេចឆ្វេង គេចស្ដាំនៅពេលទឹកបង្គន់បន្តហូរចេញមកក្រៅ។ អ្នកដំណើរម្នាក់ប្រាប់ថាតាមពិត មានមនុស្សចូលបត់ជើងនៅក្នុងបង្គន់នោះ ហើយចេញមកវិញប្រាប់ថាទឹកបង្គន់ចាប់ផ្ដើមជ្រាបចេញមកខាងក្រៅហើយ។ ប្រាប់បានតែត្រឹមប្រាប់តែប៉ុណ្ណោះព្រោះបុគ្គលិកនៅលើយន្តហោះមិនអាចទប់ស្កាប់ទឹកនោះបានឡើយ៕
ចែករំលែកព័តមាននេះ