ទីក្រុងម៉ូស្គូ៖ នៅទីបំផុត ជនសង្ស័យនៅក្នុងសំណុំរឿងធ្វើឃាតឧត្ដមសេនីយ៍យោធារុស្ស៊ីកាលពីថ្ងៃអង្គារនោះត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនរយៈពេលពីរខែនៅក្នុងដំណាក់កាលបុរេជំនុំជម្រះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់តុលាការរុស្ស៊ីនៅលើបណ្ដាញតេឡេក្រាម។ ជនសង្ស័យដែលជាជនជាតិអ៊ូបេគីស្ថានម្នាក់នោះត្រូវបានចោទប្រកាន់ទៅតុលាការពីបទភេរវកម្ម។
តាមរយៈវីឌីអូឃ្លីបដែលគេថតនៅកន្លែងកើតហេតុ គេឃើញឧត្ដមសេនីយ៍អ៊ីហ្គើ ឃីរីឡូវ (Igor Kirillov) និងជំនួយការរបស់គាត់ដើរចេញពីអគារសំដៅទៅរកឡានមួយគ្រឿងនៅតាមបណ្ដោយផ្លូវឆ្ពោះទៅវិមានក្រឹមឡាំង ឃ្លាតគ្នាប្រហែល៧គីឡូម៉ែត្រ។ នៅពេលពួកគេកំពុងដើរសុខៗ គ្រាប់បែកដែលគេបង្កប់នៅក្នុងម៉ូតូកូនទាក៏ផ្ទុះឡើងយ៉ាងកងរំពង និងសម្លាប់អ្នកទាំង២ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
អាជ្ញាធររុស្ស៊ីថ្លែងថាខ្លួនបានឃុំឃាំងជនសង្ស័យរូបនេះបន្ទាប់ពីគាត់ឆ្លើយសារភាពថាគាត់ជាអ្នកប្រព្រឹត្តរឿងនេះដោយទទួលបញ្ជាពីភ្នាក់ងារសម្ងាត់អែសប៊ីយូរបស់អ៊ុយក្រែន (SBU)។ ឧត្ដមសេនីយ៍ឃីរីឡូវជាមេបញ្ជាការកងកម្លាំងពិសេសរបស់រុស្ស៊ីទទួលបន្ទុកខាងអាវុធនុយក្លេអ៊ែរ, ជីវសាស្ត្រ និងគីមី។ មុនពេលកើតហេតុ១ថ្ងៃ រដ្ឋអាជ្ញាអ៊ុយក្រែនបានចោទប្រកាន់ឧត្ដមសេនីយ៍រូបនេះទៅតុលាការ និងចោទប្រកាន់គាត់ពីបទប្រើប្រាស់អាវុធគីមី និងជីវសាស្ត្រនៅលើសមរភូមិអ៊ុយក្រែន។
ពីវេទិកាសាធារណៈមួយរៀបចំនៅទីក្រុងម៉ូស្គូ លោកពូទីនក៏ឆ្លៀតនិយាយអំពីករណីធ្វើឃាតឧត្ដមសេនីយ៍ឃីរីឡូវផងដែរ។ លោកថ្លែងថាអ៊ុយក្រែនបានប្រព្រឹត្តអំពើភេរវកម្មសម្លាប់ជនជាតិរុស្ស៊ីម្ដងហើយម្ដងទៀតមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនទេ។ លោកយល់ថាជីវិតរបស់មនុស្សពោរពេញដោយភាពផុយស្រួយខ្លាំងណាស់ដោយសារការសម្លាប់មនុស្សដោយអំពើឃោរឃៅបែបនេះ។
លោកនិយាយរិះគន់ក្រុមបស្ចិមប្រទេសដែលនៅរក្សាភាពស្ងៀមស្ងាត់ចំពោះអំពើភេរវកម្មកណ្ដាលទីក្រុងម៉ូស្គូ។ តាំងពីមុន ក៏ដូចជាពេលបច្ចុប្បន្ន ពួកគេពុំដែលប្រកាសថ្កោលទោសអំពើទាំងនេះម្ដងណាទេ។ លោកហាក់ដូចជាប្រើប្រាស់ភាសាមិនសូវធ្ងន់ធ្ងរពេកទេនៅក្នុងករណីនេះ។ ផ្ទុយទៅវិញ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកមេតវេដេវ កាលពីប៉ុន្មានថ្ងៃមុនបានប្រកាសថ្កោលទោសធ្ងន់ៗ និងព្រមានសងសឹកអ្នកមេគំនិតនៅពីក្រោយរឿងនេះ៕
ចែករំលែកព័តមាននេះ