ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូទីម័រខាងកើតសង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អ យកបាន៣ពិន្ទុពីជំនួបនឹងម្ចាស់ផ្ទះកម្ពុជា

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤៥នាទីល្ងាចនេះ…

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤៥នាទីល្ងាចនេះ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទីម័រខាងកើត សម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល A ពានរង្វាន់ជើងឯកអាស៊ាន AFF Championship ឆ្នាំ ២០២៤ ឬ ASEAN Mitsubushi Electric Cup 2024 ។

ជំនួបល្ងាចនេះ គឺជាការប្រកួតទី៣របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku ក្នុងពូល A តែជាប្រកួតចុងក្រោយសម្រាប់ទីម័រខាងកើត ឬបង្គ្រប់កិច្ច ក្រោយក្រុមរបស់គ្រូបង្វឹកជនជាតិឈីលី លោក Simón Elissetche គឺជាក្រុមដំបូងគេហាលអាវពីពានរង្វាន់ AFF Championship ឆ្នាំ ២០២៤។ ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជាស្មើភ្ញៀវម៉ាឡេស៊ី ២-២ និងចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ ឈរនៅចំណាត់ថ្នាក់លេខ៤។ ចំណែកទីម័រខាងកើត ដែលពុំមានកីឡដ្ឋានសមស្របតាមស្តង់ដារសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយសម្រេចប្រើកីឡដ្ឋាន Hang Day របស់វៀតណាមជាទឹកដីខ្លួននោះ បានចាញ់ភ្ញៀវថៃ ០-១០ បន្តចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៣-២ មុនពេលបន្តចាញ់ភ្ញៀវសិង្ហបុរី ៣-០។

លោក Koji Gyotoku គ្រូក្រុមគោព្រៃកម្ពុជា បានលើកឡើងក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែធ្នូ យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃស្អែកជាការប្រកួតទី៣ របស់យើងក្នុងព្រឹត្តិការណ៍នេះ ហើយ២ប្រកួតកន្លងមក សម្រាប់លទ្ធផលគឺមិនអាក្រក់ពេកទេ។ ប្រកួតថ្ងៃស្អែកពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ។ ថ្វីត្បិតតែកីឡាកររបស់យើងមួយចំនួនរងរបួស និងមិនអាចបន្តក្នុងព្រឹត្តិកាណ៍នេះក៏ពិតមែន យើងនៅមានកីឡាករផ្សេងៗដែលអាចជំនួសពួកគាត់បាន យើងនៅតែមានជំនឿលើក្រុមជម្រើសជាតិកម្ពុជា ថានឹងអាចយកលទ្ធផលល្អជូនអ្នកគាំទ្រ។

ដោយឡែក លោក Simón Elissetche បើទោះបីជាជំនួបល្ងាចនេះ ជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ទីម័រខាងកើតក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ ដាក់គោលដៅយក៣ពិន្ទុពីការប្រកួតចុងក្រោយរបស់ខ្លួន។ លោកលើកឡើងថា «ខ្ញុំពិតសប្បាយរីករាយដែលបានមកកាន់ទីនេះ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែក។ ជារឿយៗយើងតែងតែទស្សនាលីគកម្ពុជា ខ្ញុំបានឃើញពីការរីចម្រើននៃកម្រិតបាល់ទាត់របស់កម្ពុជា ព្រោះកីឡាកររបស់យើងមួយចំនួនកំពុងលេងនៅលីគកម្ពុជា។ ការប្រកួតថ្ងៃស្អែកជាការប្រកួតចុងក្រោយរបស់យើងក្នុងព្រឹត្តិការណ៍នេះ សម្រាប់ក្រុមកម្ពុជាគឺជាក្រុមមួយដែលល្អ ប៉ុន្តែយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយយើងសង្ឃឹមថាក្រុមនឹងធ្វើបានល្អ និងទទួលបាន៣ពិន្ទុ»។

គួរបញ្ជាក់ថា ពូល A ថៃក្នុងនាមជាក្រុមការពារតំណែងជើងឯក កំពុងឈរកំពូលតារាង ដោយមាន៦ពិន្ទុស្មើនឹងសិង្ហបុរី។ ម៉ាឡេស៊ីឈរនៅលេខ៣ មាន៤ពិន្ទុ រីឯកម្ពុជាឈរនៅលេខ៤ មាន១ពិន្ទុ ខណៈដែលទីម័រខាងកើតនៅបាតតារាងគ្មានពិន្ទុរាប់ និងហាលអាវនៅត្រឹមវគ្គចែកពូល។ ចំណែកពូល B ក៏កំពុងប្រទាញប្រទង់ខ្លាំង ដោយវៀតណាមកំពុងឈរកំពូលតារាង មាន៦ពិន្ទុ ឥណ្ឌូណេស៊ីឈរនៅលេខ២ មាន៤ពិន្ទុ។ ហ្វីលីពីនឈរនៅលេខ៣ មាន២ពិន្ទុស្មើជាមួយឡាវឈរនៅលេខ៤ ខណៈមីយ៉ាន់ម៉ានៅបាតតារាងមាន១ពិន្ទុ។

ក្រុមគោព្រៃកម្ពុជា នៅសល់២ប្រកួតចុងក្រោយ នៃវគ្គចែកពូល ដែលត្រូវការឈ្នះជាចាំបាច់ ដើម្បីមានឱកាសបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលចប់ការប្រកួតជាមួយនឹងក្រុមភ្ញៀវទីម័រខាងកើត កម្ពុជាត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានជាតិ Rajamangala ស្ថិតនៅទីក្រុងបាងកក នៅថ្ងៃទី២០ ខែធ្នូ ដើម្បីតទល់ជាមួយម្ចាស់ផ្ទះថៃ សម្រាប់ជំនួបចុងក្រោយ នៃវគ្គចែកពូល៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ASEAN United FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ