ទីក្រុងកៀវ៖ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល បំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងកៀវ ហើយជាទស្សនកិច្ចលើកទី១ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២។ ម៉្យាងទៀត ទស្សនកិច្ចនេះធ្វើឡើងត្រឹមតែប៉ុន្មានអាទិត្យប៉ុណ្ណោះបន្ទាប់ពីលោកហ្សេឡិនស្គីនិយាយរិះគន់ខ្លាំងៗចំពោះមេដឹកនាំអាល្លឺម៉ង់រូបនេះដែលលួចនិយាយទូរស័ព្ទស្ងាត់ៗជាមួយលោកពូទីន។
ការហៅទូរស័ព្ទទៅលោកពូទីននៅពេលនោះដោយសារលោកបារម្ភថាតើលោកត្រាំនឹងប្រកាន់ជំហរបែបណាចំពោះអ៊ុយក្រែននៅពេលលោកសន្យាថានឹងបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ សម្រាប់អាល្លឺម៉ង់ មានផ្លូវច្រើនសម្រាប់ជ្រើសរើស។ លោកសូលយល់ថាបើបំណាច់នឹងមានការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន លោកក៏ចង់ដើរតួនាទីដ៏សំខាន់ម្នាក់ដែរ។ បើបណ្ដោយឱ្យលោកត្រាំយកគុណសម្បត្តិនេះតែម្នាក់ឯងហាក់ដូចជាមិនសម។
ឥឡូវនេះ មានរបត់នយោបាយថ្មីពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន។ នៅពេលមានសញ្ញាថាអ៊ុយក្រែនគេចមិនផុតពីត្រូវចូលតុចរចា ប្រមុខដឹកនាំអ៊ុយក្រែនបានឱ្យតម្រុយជាបណ្ដើរៗកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា «បើត្រូវកាត់ទឹកដីខ្លះទៅឱ្យរុស្ស៊ីក៏លោកសុខចិត្តដែរ។ សំខាន់ឱ្យតែអ៊ុយក្រែនបានចូលជាសមាជិកអង្គការណាតូដើម្បីទទួលបានការការពារសន្តិសុខជាតិ»។
លោកសូលក៏កំពុងទាក់ទាញការគាំទ្រមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០២៥។ នៅពេលយុទ្ធនាការឃោសនាចាប់ផ្ដើមជាបណ្ដើរៗ លោកចង់បង្ហាញថាអាល្លឺម៉ង់ជាប្រទេសផ្ដល់អាវុធទៅឱ្យអ៊ុយក្រែនលំដាប់ទី២នៅលើពិភពលោក និងលំដាប់ទី១នៅទ្វីបអឺរ៉ុប។ ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏ផ្ដល់អាវុធដោយប្រយ័ត្នប្រយែងផងដែរដើម្បីជៀសវាងការផ្ទុះសង្គ្រាមកាន់តែធំ។ ដូចជាគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយម៉ាកថូរ៉ូស (Taurus) ដែលអាចបាញ់ចំគោលដៅល្អលោកមិនផ្ដល់ទៅឱ្យអ៊ុយក្រែនទេ។
ចំណុច១ទៀត លោកសូលក៏និយាយដោយប្រយ័ត្នប្រយែងផងដែរចំពោះការទទួលយកអ៊ុយក្រែនជាសមាជិកអង្គការណាតូ។ ទោះជាយ៉ាងណាក្ដី នៅក្នុងឱកាសជួបគ្នានៅយប់នេះ លោកទាំង២បានប្រកាសអំពីការសម្រេចចិត្តរបស់អាល្លឺម៉ង់ដើម្បីផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់៦៨៤លានដុល្លារត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ដើម្បីឱ្យអ៊ុយក្រែនបន្តការតស៊ូរបស់ខ្លួន។
លោកបញ្ជាក់ជាថ្មីថាប្រទេសអាល្លឺម៉ង់មិនថាពីមុន ពេលបច្ចុប្បន្ន ឬតទៅអនាគតទេ នៅតែជាអ្នកឧបត្ថម្ភ-គាំទ្រអ៊ុយក្រែនដ៏ធំជាងគេប្រចាំទ្វីបអឺរ៉ុប។ លោកទៅអ៊ុយក្រែនលើកនេះជិះរថភ្លើងឆ្លងកាត់តាមប្រទេសប៉ូឡូញ។ ការធ្វើដំណើរលើកនេះធ្វើឡើងដោយសម្ងាត់។ រហូតដល់លោកសូលធ្វើដំណើរដល់ទីក្រុងកៀវ និងជួបលោកហ្សេឡិនស្គីទើបគេប្រកាសជាចំហ។
លោកសូលថ្លែងថាទស្សនកិច្ចរបស់លោកលើកនេះធ្វើឡើងដើម្បីបង្ហាញអំពីការរួបរួមគ្នាជាមួយប្រទេសអ៊ុយក្រែនដែលខិតខំតស៊ូយ៉ាងអស់ពីកម្លាំងកាយចិត្តដើម្បីការពារជាតិមាតុភូមិរបស់ខ្លួនរយៈពេលជាង១ពាន់ថ្ងៃមកហើយ។ លោកថ្លែងជាថ្មីម្ដងទៀតថាអ៊ុយក្រែនអាចសង្ឃឹមទុកចិត្តមកលើប្រទេសអាល្លឺម៉ង់បាន។ អ្វីដែលយើងហ៊ាននិយាយគឺយើងហ៊ានធ្វើ៕
ចែករំលែកព័តមាននេះ