ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ៧ មករាទេនោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កម្ពុជា អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កម្ពុជា អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) និង​បាន​បញ្ជាក់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មក​រា ទេ​នោះ​ក៏​គ្មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ដែរ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មាន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើន​រូប​ទៀត​ក្នុង​ការ​រៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​ទទួល​បាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​«​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​ឡើង នៅ​ក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដក្រចេះ ។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​រណសិរ្ស ប្រជាជន​គ្រប់​ទិស​ទី បាន​ក្រោកឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការ​គាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ។

សម្តេច​បាន​អះអាង​ថា មហា​ជ័យជម្នះ ៧ មក​រា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖ ប្រជាជន​គ្រប់​រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មក​រា​ទេ​នោះ​ក៏​គ្មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ដែរ​«​នេះ គឺជា​សច្ចធម៌​នៃ​ប្រវត្ដិសាស្ដ្រ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ