ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានសម្រេចឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយគំរាមបោកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសម្លាប់សមាជិកគ្រួសារ ប្រពន្ធ និងកូន ក្នុងជម្លោះពាក្យសម្តីមួយកាលពីព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
យោងតាមលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយឱ្យដឹងថា កម្លាំងជំនាញបានចុះឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហួន ស្រស់ អាយុ៣៣ឆ្នាំ ពីចំនុចភូមិឃុំខាងលើយកមកកាន់អធិការដ្ឋានដើម្បីសាកសួរ ក្រោយស្ត្រីឈ្មោះ ផាត សុខលី អាយុ២៤ឆ្នាំជាប្រពន្ធបានប្តឹងថាប្តីរបស់ខ្លួនគំរាមបោកគ្រាប់ដែលរើសមកពីការដ្ឋានដែលខ្លួនធ្វើការដើម្បីសម្លាប់ក្រុមគ្រួសារ ប្រពន្ធនិងកូន។
អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ លោកវរសេនីយ៍ឯក ខឹម សាម៉ុន បានបញ្ជាក់ថាមូលហេតុនៃការគំរាមបោកគ្រាប់នេះគឺផ្តើមចេញពីជម្លោះរឿងប្រច័ណ្ឌ ដែលកេីតតាំងពីអំឡុងថៃ្ងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហេីយប្ដីបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ក៏បានវិលត្រឡប់ចូលមកផ្ទះវិញដោយភ្ជាប់មកជាមួយគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ដើម្បីគំរាមបោកបំផ្ទុះសម្លាប់សមាជិកគ្រួសារ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនគរបាល រីឯវត្ថុតាងគ្រាប់មិនទាន់ផ្ទុះត្រូវបានប្រគល់ទៅឱ្យមន្ត្រីCMACយកទៅរក្សាទុករងចាំកម្ទេចចោល ៕
ចែករំលែកព័តមាននេះ