ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានស្នាក់នៅអត់ ! សណ្ឋាគាមួយនៅជប៉ុនតម្លៃថោកខ្លាំង តែពេលឃើញសភាពបន្ទប់ព្រឹកក្បាលខ្ញាកតែម្ដង

19 ម៉ោង មុន

អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ជុំវិញ​ពិភពលោក បាន និង​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​សណ្ឋាគារ Sanwa Hotel នៅ​ក្នុង​ទីក្រុង Kobe ប្រទេស​ជប៉ុន ដោយសារ​តែ​បន្ទប់​ស្នាក់​នៅ​នៃ​ស​ណ្ធា​គារ​នេះ​មាន​តម្លៃ​ថោក​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ…

អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ជុំវិញ​ពិភពលោក បាន និង​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​សណ្ឋាគារ Sanwa Hotel នៅ​ក្នុង​ទីក្រុង Kobe ប្រទេស​ជប៉ុន ដោយសារ​តែ​បន្ទប់​ស្នាក់​នៅ​នៃ​ស​ណ្ធា​គារ​នេះ​មាន​តម្លៃ​ថោក​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ពោល គឺ​ត្រឹមតែ​១១០០​យេ​ន ស្មើ​និង​9.60$ ប៉ុណ្ណោះ​ក្នុង​មួយ​យប់ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌​មានឈ្មោះ 8days កាលពី​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ថា ខណៈ​ព័ត៌មាន​ត្រូវ​បាន​ចែកចាយ​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ជា​អ្នក review សណ្ឋាគារ​នានា​នៅ​ជុំវិញ​ពិភពលោក បាន​ចេញ​មក​ទម្លាយ​បទ​ពិសោធ​របស់​លោក​ក្នុង​ការ​ស្នាក់​នៅ​សណ្ឋាគារ​នោះ ក្រោយ​ឃើញ​ការ​ផ្សព្វផ្សាយ​ពី​តម្លៃ​ដ៏​ធូរ​ថ្លៃ​បំផុត​នេះ ។

បើ​យោង​តាម​ការ​រៀបរាប់​ពី​បុរស​រូប​នោះ​ដំបូង​ឡើយ​លោក​គិត​ថា ខ្លួនឯង​សំណាង​ដែល​ជួល​បាន​សណ្ឋាគារ​ដែល​មាន​តម្លៃ​ថោក​ខ្លាំង​បែប​នេះ ប៉ុន្តែ​ក្តី​រំពឹង​របស់​លោក​ប្រែ​ទៅ​ជា​បទ​ពិសោធ​គួរ​ឱ្យ​ខ្លាច​ព្រឺរោម ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​តាំង​បន្ទប់​នៃ​ស​ណ្ធា​គារ ។

តាម​ការ​បញ្ជាក់ បុរស​ខាងលើ​បាន​និយាយ​ថា ពេល​ដើរ​ចូល​ទៅ​ដល់​ភ្លាម​វា​ប្រៀប​ដូច​ជា ក្នុង​រឿង​បែប​រន្ធត់​ព្រឺព្រួច​តក់ស្លុត​អ៊ីចឹង ដោយសារ​សណ្ឋាគារ​មាន​សភាព​ចាស់​ខ្លាំង​គ្រប់កន្លែង​ប្រៀប​ដូច​ជា អគារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​រាប់​សិប​ឆ្នាំ​អ​ញ្ចឹ​ង ។

ងាក​មក​ចាប់អារម្មណ៍​ទៅ​លើ​បន្ទប់​ស្នាក់​នៅ​វិញ​ទ្វារ​បើក​ចេញចូល គឺ​មិន​មាន​សោ​ចាក់​ដូច​បន្ទប់​សណ្ឋាគារ​ទូទៅ​ឡើយ ពោល គឺ​ប្រើ​ខ្សែ​ជ័រ​យក​មក​ចង​តែ​ប៉ុណ្ណោះ ។ ហើយ​បើ​ចង់​ចូល គឺ​ត្រូវ​យក​កន្ត្រៃ​មក​កាត់​ខ្សែ​នោះ​ចេញ​ទើប​អាច​ចូល​បាន ។ កាន់ តែ​រន្ធត់ និង​គួរ​ឲ្យ​រអើម​ទៀត​នោះ ស្ថានភាព​ក្នុង​បន្ទប់​ពេល​បើកទ្វារ​ចូល​ទៅ គឺ​និយាយ​លែង​ចេញ​តែ​ម្តង់ បន្ទប់​មាន​សភាព​តូច​ចង្អៀត​ជញ្ជាំង​ចាស់​ខ្លាំង​រហូត​ប្រែ​ទៅ​ជា​ពណ៌​លឿង​ប្រឡាក់​មិន​សមជា​បន្ទប់​មាន​មនុស្ស​ស្នាក់​នៅឡើយ រីឯ​គ្រែ​គេង តុទូ​វិញ គឺ​រឹតតែ​យ៉ាប់​ថែម​ទៀត ។ បើ​និយាយ​ពី​បន្ទប់ទឹក​នៃ​សណ្ឋាគារ​នេះ​វិញ គឺ​កាន់តែ​ព្រឺព្រួច និង​គួរ​ឱ្យ​ខ្លាច​ជាងគេ​បំផុត ពោល​គគ្រិច​ក៏​គគ្រិច រីឯ​ក្លិនឆ្អេះ​ភាយ​ចេញ​មក​ក្រៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ធម្មតា​ពិបាក និង​ចូល​តែ​ម្ដង ។

សរុប ជា​រួម​ស្ថានភាព​បន្ទប់​ស្នាក់​នៅ​បន្ទប់ទឹក គ្រែ​គេង ទ្វារ ចេញចូល កាំជណ្ដើរ​ដើរ​ឡើង​ចុះ​នៃ​ស​ណ្ធា​គារ​មួយ​នេះ គឺ​គ្មាន​ចំណុច​ណាមួយ​ដែល​ល្អ​ប្រសើរ​ឡើយ ។ តែ​យ៉ាងណា​ក្ដី ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិបាក​ទទួលយក​នេះ​មែនពិត ប៉ុន្តែ​បុរស review សណ្ឋាគារ​ជុំវិញ​ពិភពលោក​រូប​នោះ គឺ​នៅ​តែ​ប្រមូល​ភាព​ក្លាហាន​ស្នាក់​នៅ​ទីនោះ​មួយ​យប់ និង​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ការ​ស្នាក់​នៅ​របស់​លោក​មិន​មាន​ជួប​ប្រទះ​រឿង​រន្ធត់ ឬ​ការ​លង​បន្លាច​អ្វី​នោះ​ឡើយ ត្បិត​ស​ណ្ធា​គារ​នេះ​គួរ​ឲ្យ​ខ្លាច​ក៏​ពិតមែន ។

យ៉ាងណាមិញ បើ​ដូច​តាម​ការ​រៀបរាប់​របស់​បុរស​អ្នក review សណ្ឋាគារ​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​និយាយ​អំពី​សណ្ឋាគារ Sanwa Hotel នៅ​ក្នុង​ទីក្រុង Kobe ប្រទេស​ជប៉ុន ប្រាកដជា គ្មាន​ថ្ងៃ​មាន​នរណា​ចូល​ស្នាក់​នៅ​នោះ​ឡើយ បើ​ទោះបីជា​មានការ​បញ្ជាក់​ពី​បុរស​រូប​នេះ​ថា ការ​ស្នាក់​នៅ​គ្មាន​ជួប​រឿង​រន្ធត់ ឬ​លង​បន្លាច​ក្ដី ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​ការ review នៅ​លើ Google សណ្ឋាគារ Sanwa Hotel គឺ​ត្រូវ​បាន​គេ​ចាត់ទុកជា «​សណ្ឋាគារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស​ជប៉ុន​» តែ​យ៉ាងណា​សណ្ឋាគារ​មួយ​នេះ ក៏​នៅ​តែ​មាន​មនុស្ស​រស់នៅ​ក្នុង​រយៈពេល​យូរ​ផង​ដែរ ។ បន្ទាប់​ពី​បាន​ស្ដាប់​រឿងរ៉ាវ​ក៏​ដូច​ជា ស្ថានភាព​នៃ​សណ្ឋាគារ Sanwa Hotel របស់​ប្រទេស​ជប៉ុន​នេះ​រួច តើ​ប្រិ​យ​មិត្ត​យល់​ឃើញ​យ៉ាង​ដែរ ហើយ​ស្ថិត​ក្នុង​តម្លៃ​ថោក​សមរម្យ​បែប​នេះ តើ​មានចិត្ត​ចង់​សាកល្បង​ទៅ​លេង​ប្រទេស​ជប៉ុន និង​ឈៀង​ចូល​ទៅ​ស្នាក់​លេង​មួយ​យប់​ដែរ​ឬ​អត់ ៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ