ខេត្តកណ្ដាល ៖ នគរបាលស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ក្រោយពេលធ្វើការស្រាវជ្រាវ ហើយទទួលព័ត៌មានពីមហាជនថា ជនសង្ស័យរូបនេះ កំពុងបើករថយន្តចេញធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀន ។
ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យខាងលើឈ្មោះ ឆាំ អុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងខ្លួន(+) ។
នគរបាលដកហូតបានរួមមាន ៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ និងកញ្ចប់មធ្យមចំនួន០៣កញ្ចប់ ដែលមានទម្ងន់ សរុប២២៣,៨ក្រាម
-អាវុធខ្លី០១ដើម ម៉ាកK54 បង់០១ គ្រាប់០៦គ្រាប់
-រថយន្ត០១គ្រឿងម៉ាកToyota Prius ស៊េរីឆ្នាំ២០១២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BF.4636 (គ្មានឯកសារ)
-ជញ្ជីងថ្លឹងថ្នាំញៀន០១
-ប្រាក់ចំនួន៤លានរៀល
-ទូរសព្ទដៃ ១គ្រឿង ម៉ាកoppo (ពណ៌សលាយផ្ទៃមេឃ)
និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានទទួលព័ត៌មានពីមហាជនល្អថា ជនសង្ស័យរូបនោះ កំពុងចេញធ្វើសកម្មភាលក់ចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើនោះ ។ ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ប៉ុស្តិ៍សំរោងលើ និងប៉ុស្តិ៍ពើក បានចុះទៅកាន់ទីតាំងនោះ ហើយឡោមព័ទ្ធបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានបានភ្លាមៗ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានដកហូតយកវត្ថុតាងខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ។
នៅពេលនគរបាលសួរនាំជនសង្ស័យរូបនោះបានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកទាំងអស់នោះ ពីមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ធី ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងតម្លៃ២លានរៀល ដើម្បីយកមកលក់បន្ត ៕
ចែករំលែកព័តមាននេះ