ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​ខេត្តមណ្ឌលគិរី ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ប្រាំ​ម៉ឺន​នាក់

3 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​ខេត្តមណ្ឌលគិរី ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ប្រាំ​ម៉ឺន​នាក់ ដែល​គ្រា​កន្លង​មក រាល់​ពិធីបុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ធំ​ៗ​ខេត្ត​មួយ​នេះ​អាច​ទទួល​បាន​ភ្ញៀវ​ប្រមាណ​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​បែប​នេះ​ត្រូវ​គេ​មើលឃើញ​ថា ដោយសារ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ក្នុង​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​ខេត្តមណ្ឌលគិរី ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ប្រាំ​ម៉ឺន​នាក់ ដែល​គ្រា​កន្លង​មក រាល់​ពិធីបុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ធំ​ៗ​ខេត្ត​មួយ​នេះ​អាច​ទទួល​បាន​ភ្ញៀវ​ប្រមាណ​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​នាក់​ប៉ុណ្ណោះ ។

ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​បែប​នេះ​ត្រូវ​គេ​មើលឃើញ​ថា ដោយសារ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ក្នុង​ខេត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្រៅពី​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប ខេត្តមណ្ឌលគិរី នៅ​មាន​បរិយាកាស​ដ៏​ល្អ​បរិសុទ្ធ​សម្រាប់​អន្ទង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដូច្នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​ទេសចរណ៍ អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​មានការ​ប្រណាំង​ទូកង​ខ្នាត​តូច បណ្តែតប្រទីប ប្រគុំ​តន្ត្រី និង​បាញ់​កាំជ្រួច សម្រាប់​ការ​កម្សាន្ត​បន្ថែម របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ដើរ​លេង​ក្នុង​ខេត្ត ។

លោក ថង សា​វុន បាន​កោត​ស​សើរ​ដល់​ស្ថាប័ន អង្គភាព និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​សហការ​គ្នា​បាន​ល្អ អាច​ដំណើរការ​កម្មវិធី​កម្សាន្ត​នានា​ជូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​បី​ថ្ងៃនេះ ។ លោក ឡោ សុខា ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា បញ្ហា​សុខ​សុវត្ថិភាព ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ និង​មានការ​ចូលរួម​ពី​ប្រជា​ការពារ សម្រេច​បានការ​ការពារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ល្អ​ប្រសើរ ។

គ្រប់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មាន​កម្លាំង​ប្រចាំការ ជួយ​សម្រួល​ទាំង​ផ្នែក​ចរាចរណ៍ និង​មាន​សុវត្ថិភាព ។ លោក ស៊ា​ន សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក ខេត្តមណ្ឌលគិរី ស្រូប​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៥ ២៧៩៣​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦០៦​នាក់ ដែល​បាន​ជម្រុញ​ចលនា​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​បាន​មួយ​កម្រិត ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា សម្រាប់​ការ​ស្នាក់​អាស្រ័យ​បាន​គ្រប់គ្រាន់ គ្រប់​បន្ទប់ ទាំង​សណ្ឋាគារ រី​ស៊​ត ម៉ូ​តែ​ល និង​ផ្ទះសំណាក់ ពេញ​ទាំងអស់ ។ សម្រាប់​ខេត្តមណ្ឌលគិរី​ខេត្តមណ្ឌលគិរី មាន​តំបន់​ទេសចរណ៍​សរុប​ចំនួន ១០៦​កន្លែង ក្នុង​នោះ​តំបន់​ទេសចរណ៍ វប្បធម៌​-​ប្រវត្តិសាស្ត្រ​ចំនួន​០៥​កន្លែង ភ្នំ​ដោះ​ក្រមុំ ភ្នំ​ក្រោល ភ្នំ​លុ​ប្រាណ ភ្នំ​ណា​ម​លៀរ និង​ព្រះរាជ​ដំណាក់ ។ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​-​អេកូ​ទេសចរណ៍​ចំនួន​៩៨​កន្លែង និង​រមណីយ​កែ​ច្នៃ​ចំនួន​០៣​កន្លែង​។

លោក ស៊ា​ង សឿ​ន បន្ត​ថា ក្រៅពី​នេះ​ខេត្តមណ្ឌលគិរី ក៏​នៅ​មាន​តំបន់​ដែនជម្រកសត្វព្រៃ​មាន​ចំនួន​០៥​កន្លែង ដែល​តំបន់​ទាំងនេះ​មាន​វត្តមាន​ប្រភេទ​សត្វ​ធំ​ៗ​សម្រាប់​ទស្សនា ព្រៃស្រោង បឹង និង​ទឹកជ្រោះ​ជា​ច្រើន​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ ប្រភេទ​សត្វ​កម្រ ដែល​ជា​សក្តានុពល​អភិវឌ្ឍ​អេកូ​ទេសចរណ៍​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា សេវាកម្ម​ទេសចរណ៍​ខេត្តមណ្ឌលគិរី​មាន​២២០​កន្លែង ស្មើ​និង ២ ១៤២​បន្ទប់ សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ