ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបាគង កំណើត​ស្ថាបត្យកម្ម​ប្រាសាទភ្នំ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ប្រាសាទបាគង ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ក្រុង​សៀមរាប ក្នុង​តំបន់​រលួស ។ ប្រាសាទ​នេះ​គឺជា​ប្រាសាទ​ដែល​មាន​រាង​ជា​សាជី​ពិតប្រាកដ​ដំបូង​គេ​បង្អស់​ ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​ចក្រភព​ខ្មែរ ដោយ​យក​ទម្រង់​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រសិទ្ធ​នាម​ថា «​ប្រាសាទភ្នំ​» ។

មុន​សម័យ​ប្រាសាទបាគង ទម្រង់​ស្ថាបត្យកម្ម​ប្រភេទ​នេះ​មិន​ទាន់​បាន​លេច​រូបរាង​ពេញលេញ​នៅឡើយ​ទេ ហើយ​សូ​ម្បី​តែ​នៅ​ប្រាសាទអកយំ ដែល​ស្ថិត​នៅ​លើ​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច ក៏​ទម្រង់​នេះ​មិន​ទាន់​សម្រេច​បាន​លក្ខណៈ​សព្វគ្រប់​ទាំងស្រុង​ដែរ ។

កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០២៦ អាជ្ញាធរ​ជាតិ​អប្សរា ពណ៌នា​ថា មុន​នឹង​ឈាន​ចូល​ទៅ​ដល់​កំពែង​ព័ទ្ធ​ជុំវិញ​ដែល​មាន​ទំហំ​៤០០​ម៉ែត្រ​x៣០០​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ជញ្ជាំង​ខាងក្រៅ និង​ក​សិន្ធុ​ដែល​មាន​ទទឹង​ទូលាយ​ជាង​ជម្រៅ​នោះ នឹង​បាន​ជួប​ប្រទះ​ឃើញ​កំពែង​ខាងក្រៅ​ដ៏​ធំ​មួយទៀត​ដែល​មាន​ទំហំ​៩០០ ម៉ែត្រ x ៧០០​ម៉ែត្រ ។ នៅ​ក្នុង​កំពែង​ខាងក្រៅ​នេះ​មាន​សំណង់​ប្រាសាទ តូច​ៗ​សាង​អំពី​ឥដ្ឋ ដែល​ជា​ប្រាសាទ​រណប​យ៉ាង​ហោច​ណាស់​ចំនួន​២២ ។

ប្រាសាទ​ទាំងនេះ​ជា​ប្រាសាទ​រណប​នៃ​រចនាសម្ព័ន្ធ​កណ្តាល ដោយសារ​ប្រាសាទ​មួយ​ចំនួន​ជំនួស​ឲ្យ​ការ​បែរមុខ​ទៅ​ទិស​ខាងកើត គឺ​បែរមុខ​ទៅ​រក​ប្រាសាទភ្នំ​នៅ​ចំ​កណ្តាល​វិញ ដែល​មាន​និមិត្តរូប​ជ្រៅជ្រះ​នៃ​ទ្រឹស្តី​លោកធាតុ​វិទ្យា និង​រឿងរ៉ាវ​បាដិហារិយ៍​នៃ​អង្គ​ព្រះ​ឥសូរ ។

ប្រាសាទបាគង​ត្រូវ​បាន​ឆ្លង​និង​ប្រកាស​ឧទ្ទិស​កុសល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ប្រាសាទ​ព្រះ​គោ គឺ​នៅ​ក្នុង​ឆ្នាំ​៨៨១​នៃ​គ្រឹស្តសករាជ​ ។ ប្រាសាទបាគង​ជា​ប្រាសាទ​រាជ្យ បាន​សាង​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ ជា​ព្រះមហាក្សត្រ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​អង្គរ​នៅ​ចុង​សតវត្ស​ទី​៩ ។

នៅ​ក្នុង​បរិវេណ​ប្រាសាទបាគង ក៏​មាន​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ថេរវាទ​ដែល​បាន​កសាង​ឡើង​តាំងពី​សម័យ​កណ្តាល​មក​ម្ល៉េះ ៕