រដ្ឋមន្ត្រីទេសចរណ៍ណែនាំ១០ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយគិតទៅដល់ចំណុចតូចៗ តែសំខាន់មួយចំនួនដូចជា បញ្ហាចំណត និងបញ្ហាអនាម័យបន្ទប់ទឹកជាដើម ។
តាមរយៈសេចក្តីណែនាំស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចេញនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរគ្រប់រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយសាមគ្គីភាពភាពស្និតស្នាល និងសេចក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ។
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមទស្សនា និងកម្សាន្តសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ដូចតទៅ ៖
១-ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាម មូលដ្ឋានអាជីវកម្ម។ ២-ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំង ដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្តដោយគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ ។
៣-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម ។ ផ្នែកខាងក្នុងអាជីវកម្មត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង ។ ៤-រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករ ទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
៥-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ៦-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើរ ៧-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗពិសេសស្នើសុំឱ្យមានការបញ្ចូលលក្ខណៈជាខ្មែរ ។
៨-ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹកដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍សាប៊ូលាងដៃ ក្រដាសជាដើម ។
សូមបែងចែង រវាងបន្ទប់ទឹកបុរស និងនារី និងរក្សាឱ្យមានសុវត្ថិភាព ៩- ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមឱ្យបានសកម្មនូវយុទ្ធនាការ« ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ១០- ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាលក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕
ចែករំលែកព័តមាននេះ