ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ ណែនាំ​៦​ចំណុច​ ក្នុង​ការ​វេច​ខ្ចប់ ញែក​សំរាម សំណល់​រឹង និងទុកដាក់ឱ្យ​បាន​ត្រឹមត្រូវ

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដល់​គ្រប់​រដ្ឋបាល​ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការ​សង្គម​ស៊ី​វិល ប្រជាពលរដ្ឋ ព្រះសង្ឃ…

រាជធានីភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដល់​គ្រប់​រដ្ឋបាល​ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការ​សង្គម​ស៊ី​វិល ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​លើក កម្ពស់​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​វេច​ខ្ចប់ និង​ញែក​សំរាម សំណល់​រឹង ទីប្រជុំជន ​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ ឬ​កែ​ច្នៃ​បាន ដោយឡែក​ពី​សំណល់​រឹង​ដែល​ត្រូវ​បោះចោល​ ។

តាម​សេចក្តីណែនាំ​ ស្តី​ពី​ការ​ចាត់តាំង​អនុវត្ត​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅ​រាជធានី​ភ្នំពេញ​ បានអោយ​ដឹង​ថា​ អនុលោម​តាម​អនុក្រឹត្យ​លេខ៤៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​១៩៩៥ ស្តី​ពី​ការ​បង្កើត​ទិវា អនាម័យ​បរិស្ថាន​ជាតិ និង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​អប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា ពី​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យ​ចូលរួម​ធ្វើ​អនាម័យ​កែ​លម្អ សោភ័ណ​ភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅ​រួមចំណែក​កសាង​សង្គម​កម្ពុជា​ឱ្យ​មាន​បរិស្ថាន​ល្អ​ស្អាត និង​ភាព​ស្រស់បំព្រង ​។

ដើម្បី​ធានា​ នូវ​សោភ័ណ​ភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើក កម្ពស់​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​វេច​ខ្ចប់ និង​ញែក​សំរាម សំណល់​រឹង ទីប្រជុំជន​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ ឬ​កែ​ច្នៃ​បាន ដោយឡែក​ពី​សំណល់​រឹង​ដែល​ត្រូវ​បោះចោល​។ រដ្ឋបាលរាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់​រដ្ឋបាល​ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការ​សង្គម​ស៊ី​វិល ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​ចូលរួម អនុវត្ត​នូវ​សេចក្តីណែនាំ​ដូច​ខាងក្រោម​ ៖

១. ទី​សាធារណៈ​ ៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចាត់វិធានការ​ធ្វើ​អនាម័យ​ នៅ​តាម​ទី​សាធារណៈ​ ជាប់​ជាប្រចាំ ដោយ​ត្រូវ​ប្រមូល​សំរាម ​មិន​ឱ្យ​មាន​តាម​ដងផ្លូវ ច្រាំង​ទន្លេ សួនច្បារ ទីផ្សារ និង​រៀបចំ​ដាំ​កូន​ឈើ តាម​ដងផ្លូវ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ​។

២. គ្រប់​គ្រឹះស្ថាន​នានា សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​ ៖ សូម​ចាត់ចែង​ធ្វើ​អនាម័យ ​ទាំង​ក្នុង និង​ក្រៅ បរិវេណ​អង្គភាព​របស់​ខ្លួន ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ ​ស្រប​តាម គោលការណ៍ 4Rs (​បដិសេធ​មិន​ប្រើប្រាស់ កាត់​បន្ថយ​ការ​បង្កើត ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ កែ​ច្នៃ​) សំដៅ​ធានា​បរិយាកាស​ការងារ​ល្អ និង​សោភ័ណ​ភាព ​។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម​ ៖ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ ទាំង​នៅ​ក្នុង និង​ជុំវិញ ​ទីតាំងរបស់​ខ្លួន និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ អ្នកលក់​ចំណីអាហារ និង​អ្នក​ដឹក​ជញ្ជូន អំពីការ​គ្រប់គ្រង និង​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ ​។

៤. រមណីយដ្ឋាន ម​ជ្ឈ​ម​មណ្ឌល​កំសាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ​៖ ត្រូវធ្វើ​អនាម័យ​បរិស្ថាន ជាប់​ជាប្រចាំ ដើម្បី​ធានា​សោភ័ណ​ភាព ផាសុកភាព និង​ភាព​មនោ​រម្យ ក្នុង​ការ​ផ្តល់​សេវាកម្ម សម្រាកលំហែ និង​ទេសចរណ៍ ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យ​បាន​រៀបរយ​ដាក់​ធុងសំរាម​ឱ្យ​បាន គ្រប់គ្រាន់ និង​ដឹក​ជញ្ជូន​ចេញ​ឱ្យទាន់​ពេលវេលា ​។

៥. លំនៅ​ដ្ឋា​ន​ ៖ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​អនាម័យ​បរិស្ថាន នៅ​តាម​លំនៅ​ឋាន និង​តាម​ទីតាំង​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​ត្រូវ​សម្អាត ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យ​បាន​សម​ស្រប តាម​ស្ថានភាព​ជាក់ស្តែង​នៃ​មូលដ្ឋាន​នីមួយ​ៗ ក្នុង​ទិស​ដៅ​ធានា​ឱ្យ បាន​នូវ​គុណភាព​បរិស្ថាន សោភ័ណ​ភាព និង​អនាម័យ ​។

៦. មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ទីចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន ​៖ រៀបចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅ​ទីតាំង​សម​ស្រប​ណាមួយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ប្រមូល និង​បូក​សរុប​របាយការណ៍​លទ្ធផល​អនុវត្ត​របស់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ផ្ញើ​ជូន​រដ្ឋបាល រាជធានី​ភ្នំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ