ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារកម្ពុជា​ប្រមាណ​៤០%​ប្រឈម​មុខនឹង​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធី​សម្ពោធ​​ផលិតផល​ «បបររុងរឿង​» នៃសហ​គ្រាស​​ផលិត​ឱសថ PPM កាលពីព្រឹកថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ២០១១ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម​និងជនបទ​ មានប្រសាសន៍ថា កុមារកម្ពុជាប្រមាណ៤០%នាពេលបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងបញ្ហាកង្វះអាហា​រូបត្ថម្ភ

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធី​​សម្ពោធ​​ផលិតផល​​ «បបររុងរឿង​» ​នៃសហ​គ្រាស​​​ផលិត​ឱសថ​ ​PPM ​កាលពីព្រឹក​ថ្ងៃទី​២១ ​ខែ​មិថុនា ​ឆ្នាំ២០១១ ​លោកឧបនាយករដ្ឋមន្រ្តី ​យឹម ឆៃលី ​ប្រធានក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​​វិស័យ​កសិកម្ម​និងជនបទ​ ​មានប្រសាសន៍ថា ​កុមារកម្ពុជា​ប្រមាណ​៤០%នា​ពេល​បច្ចុប្បន្ន​កំពុងតែ​ប្រឈម​មុខនឹង​បញ្ហា​កង្វះ​អាហា​​រូបត្ថម្ភ ​ហើយពួកគេ​ទាំងអស់​នោះ​កំពុងតែ​ត្រូវការ​ឲ្យ​យើង​ទាំង​អស់គ្នា​ជួយ។

គួរបញ្ជាក់ថា​ សហគ្រាស​ផលិតឱសថ ​PPM​ ទើបបានផលិត​នូវផលិតផលថ្មី​មួយមាន​ឈ្មោះ​ថា ​«បបររុងរឿង» ​ដែលផលិតផលនេះ ​នឹង​ជួយដល់ការបំពេញ​នូវកង្វះខាត​​អាហារូបត្ថម្ភ ​និងជំងឺផ្សេងៗ​សម្រាប់កុមារកម្ពុជា។ ​លោក​ឱសថ​បណ្ឌិត​ ហៃ លីអ៊ាង ​​អគ្គ​នាយក​សហ​គ្រាស​ផលិតឱសថ​ PPM ​មាន​ប្រសាសន៍​ថា ​ផលិត​ផល​​ ​«បបររុងរឿង» ត្រូវ​បាន​ផលិតឡើង​ក្រោយ​ពេលដែលយើងបានសង្កេត​ឃើញថា មាន​កុមារកម្ពុជាជាច្រើនកំពុងប្រឈម​មុខនឹង​កង្វះ​អាហារូបត្ថម្ភ។ ផលិតផល​ «បបររុង​រឿង»​ត្រូវបានបង្កើត​រួមគ្នារវាងសហគ្រាស PPM និង​អង្គការ GRET នៃប្រទេសបារាំង។ គោល​បំណង​​នៃការផលិត​បបរនេះ គឺដើម្បីចូលរួមជា​មួយ​រាជរដ្ឋាភិបាលកម្ពុជាកាកបាទក្រហម​កម្ពុជា និងក្រសួងសុខាភិបាល នៅក្នុងការ​លុប​បំបាត់​កង្វះខាតអាហារូបត្ថម្ភ និងលើកកម្ពស់​សុខ​ភាពកុមារកម្ពុជា។

លោកអគ្គនាយកបញ្ជាក់ថា ផលិតផល «បបរ​​​រុង​រឿង» ជាផលិតផលខ្នាតអន្តរជាតិ ដែល​មាន​ការចូលរួមផលិតដោយអ្នកជំនាញ​ផ្នែក​ចំណី​អាហារបរទេស និងមានការ​គាំទ្រ​ដោយសហ​ភាព​អឺរ៉ុប ព្រមទាំងអង្គការ GRET វិទ្យា​ស្ថាន​ស្រា​វជ្រាវដើម្បីការអភិវឌ្ឍរបស់​បារាំង (IRD) ក្រសួង​សុខាភិបាល និងក្រសួង​កិច្ចការនារីផង​ដែរ។ ផលិតផល «បបររុង​រឿង» ​ជាប្រភេទ​អាហារ​បំប៉នសម្រាប់កុមារ​អាយុ​ពី៦ខែ​ដល់២៤​ខែ និងមានសារជាតិសំខាន់​ៗដូចជា ថាមពល ​ប្រូតេអ៊ីន ជាតិខ្លាញ់ ជាតិរ៉ែ ព្រមទាំងវីតាមីនជា​ច្រើន​មុខទៀត។

លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាន​ចាត់​ទុកផលិតផល«​បបររុងរឿង​» ជា​អាហា​រូបត្ថម្ភដំបូងគេដែលផលិតដោយកម្ពុជាផ្ទាល់ និង​ដើម្បីអនាគតកុមារកម្ពុជាយើង​ទាំងអស់។ ផលិតផល «បបររុងរឿង​»ពិតជាបានឆ្លើយតប​ទាន់​ពេលវេលាទៅនឹងតម្រូវការចាំបាច់នូវអាហា​រូបត្ថម្ភបំប៉ន ដើម្បីជួយដល់កុមារកម្ពុជារស់នៅ​តាម​ជនបទនៃបណ្តាខេត្តមួយចំនួន​ដែលកំពុង​ប្រឈម​មុខនឹងអាហារូបត្ថម្ភ​ដែលធ្វើឲ្យប៉ះពាល់​ដល់ការរីកលូតលាស់ទាំងផ្នែករាងកាយ និង​ប្រាជ្ញា​ស្មារតីរបស់ពួកគេ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែ​ចាត់​ទុក​សុខភាព​ប្រជា​ជន គឺជាកត្តាចម្បងសម្រាប់​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា បាន​លើក​ស្ទួយ​សុខុមាលភាពប្រជាជនទូទៅ ពិសេស​ប្រជាជន​ក្រីក្រ ស្រ្តី និងកុមារ សំខាន់​សុខ​ភាពកុមារដែល​ពួក​គេនឹងក្លាយជាទំពាំង​ស្នង​ឫស្សីជំនួសយើង​ទាំង​អស់គ្នានៅក្នុងការដឹក​នាំកាច់ចង្កូតនាវា​កម្ពុជា​នាពេលអនាគត។ ដូច្នេះ​ដើម្បីពង្រឹង​សសរ​ទ្រូងប្រទេសនាពេលខាងមុខ​នេះ យើងត្រូវយក​ចិត្ត​ទុក​ដាក់ថែរក្សាសុខភាព និងបំប៉នកម្លាំង​ពលំ​ពួកគេមិនអាចឲ្យពួកគេ​រស់​ក្នុងភាព​អត់​ឃ្លាន និងប្រឈមមុខនឹងកង្វះ​ខាត​អាហា​រូប​ត្ថម្ភតាំងពីកុមារទៅបានឡើយ។

លោកឧបនាយករដ្ឋមន្រ្តីយឹម ​ឆៃលី បាន​សម្តែង​​នូវជំនឿ​ទៅលើគុណភាព​«បបររុងរឿង» ហើយ​រំពឹងថា «បបរ​រុងរឿង»​ ប្រាកដណាស់​នឹងអាចជួយ​រំដោះ​កុមារកម្ពុជា ពិសេសអ្នករស់​នៅ​តាម​ជនបទឲ្យ​រួច​ផុតពីកង្វះ​អាហា​រូប​ត្ថម្ភដែលប៉ះពាល់ដល់​ការ​រីកលូតលាស់​ទាំង​ផ្នែករាងកាយ និងប្រាជ្ញា​ស្មារតី​របស់កុមារ។ លោក​ឧប​នាយក​រដ្ឋម​ន្ត្រី​​​ក៏​បាន​អំពាវនាវដល់​សហ​​គ្រាសផលិតឱសថ PPM ឱ្យធ្វើការផ្សព្វ​ផ្សាយ និង​លក់​​ចែកចាយនូវផលិតផល​អាហា​រូបត្ថម្ភក្នុង​តម្លៃសមស្រប និងគ្រប់ទិសទីក្នុងព្រះ​រាជា​​ណា​ចក្រ​កម្ពុជា៕