ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសផលិតប្រេងដ៏ធំ២របស់ពិភពលោក កំពុង​ស្វែងរកផ្លូវថ្មី សម្រាប់ម៉ាស៊ីនសេដ្ឋកិច្ចជាតិ

7 ម៉ោង មុន

អន្តរជាតិ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក កំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីបង្កើតប្រភពចំណូលផ្សេងទៀតទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយមិនពឹងផ្អែកខ្លាំងលើការនាំចេញប្រេងជាប្រពៃណី។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Business…

អន្តរជាតិ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក កំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីបង្កើតប្រភពចំណូលផ្សេងទៀតទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយមិនពឹងផ្អែកខ្លាំងលើការនាំចេញប្រេងជាប្រពៃណី។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Business Insider ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

តម្លៃប្រេងបានធ្លាក់ចុះក្នុងឆ្នាំនេះ ដោយសារសេដ្ឋកិច្ចចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោកបានធ្លាក់ចុះ និងស្ថិតក្នុងភាពស្រពិចស្រពិលជាយូរមកហើយ។ ស្របពេលសហរដ្ឋអាមេរិកបានពង្រីកសមត្ថភាពផលិតកម្មប្រេងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ក៏បានរួមចំណែកជួយរក្សាតម្លៃប្រេងឱ្យនៅទាបផងដែរ។ ជាមួយនឹងការប្រែប្រួលបន្តបន្ទាប់នេះហើយ ទើបអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីកំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យឆ្ងាយពីការពឹងផ្អែកខ្លាំងលើវិស័យថាមពល ដែលរួមចំណែកប្រហែល ៤០% និង ២០% រៀងខ្លួន នៃផលិតផលក្នុងស្រុកសរុប ឬ DGP។ ប្រទេសទាំងពីរកំពុងព្យាយាមបង្កើតម៉ាស៊ីនសេដ្ឋកិច្ចថ្មី ដែលអាចទ្រទ្រង់ប្រទេសសម្រាប់អនាគត និងយូរអង្វែង។

លោក Abishur Prakash ស្ថាបនិកក្រុមហ៊ុន The Geopolitical Business ដែលជាក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រមានមូលដ្ឋាននៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានប្រាប់គេហទំព័រ Business Insider ថា ការពិតមួយបង្ហាញថា ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា ស្ថិតក្នុងក្រសែភ្នែកភូមិសាស្ត្រនយោបាយ។ ហើយជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ទំនងនឹងជះឥទ្ធិពលលើប្រព័ន្ធអេកូថាមពលក្នុងតំបន់។ ប៉ុន្តែនៅឆ្នាំនេះ ទីផ្សារប្រេងភាគច្រើនមិនសូវព្រួយបារម្ភខ្លាំងអំពីកង្វះការផ្គត់ផ្គង់ ដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ានោះទេ ដោយបានបំបែករនាំងប្រវត្តិសាស្ត្រពីមុន នៅពេលបញ្ហាក្នុងតំបន់កើតឡើង តម្លៃប្រេងក៏ឡើងថ្លៃ។

អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានចងសម្ព័ន្ធភាពក្លាយជាប្រទេសផលិតប្រេងធំទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីរៀងខ្លួនមានចំណែក ១១% នៃការផ្គត់ផ្គង់ប្រេងពិភពលោក ខណៈពេលដែលប្រទេសទាំងពីរ នៅតែឈរជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោកនោះ សហរដ្ឋអាមេរិកបានប្រកាសអំពីការនាំចេញប្រេងជាកំណត់ត្រាកាលពីឆ្នាំ ២០២៣ កំពុងក្លាយជាដៃគូប្រកួតប្រជែងយ៉ាងឆាប់រហ័ស សម្រាប់ចំណែកទីផ្សារប្រេងសកល។

នៅឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមផែនការ Vision 2030 ដ៏ធំសម្បើមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចជាតិដែលពឹងផ្អែកលើប្រេងទៅជាភាពចម្រុះជាងមុន ដែលរួមមាន វិស័យទេសចរណ៍ និងកីឡា ជាសសរស្តម្ភកំណើនសេដ្ឋកិច្ចដ៏សំខាន់។ ស្របពេលកាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រនៅអាស៊ីខាងលិចមួយនេះបានបង្ហាញការខកចិត្តនឹងតម្លៃប្រេងធ្លាក់ចុះ។ កាសែត Financial Times កាលពីចុងខែកញ្ញាបានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតនឹងបោះបង់ចោលគោលដៅប្រេងតម្លៃ ១០០ដុល្លារក្នុងមួយបារ៉ែល ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើនទិន្នផលប្រេង។ នេះមានន័យថា អារ៉ាប៊ីសាអូឌីតកំពុងសម្លឹងរកការកាត់ចំណែកទីផ្សារធំជាងមុន ជំនួសឱ្យការកំណត់គោលដៅប្រាក់ចំណេញខ្ពស់។

ប្រទេសរុស្ស៊ីឯណោះវិញ ក៏បានបង្ហាញពីបំណងចង់បញ្ឈប់ការពឹងផ្អែកខ្លាំងលើការនាំចេញប្រេង និងផងដែរ។ ជាក់ស្តែង លោក Anton Siluanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី RT កាលពីដើមខែនេះថា រុស្ស៊ីកំពុងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័ន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក។ លោកបន្តថា រុស្ស៊ីនឹងមានបំណងជំរុញសេដ្ឋកិច្ចក្នុងស្រុកជំនួសវិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមលើសពីនេះនោះទេ។

ប្រទេសរុស្ស៊ីកំពុងផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មរបស់ខ្លួនទៅទិសខាងកើតរួចហើយ ដើម្បីដោះស្រាយទណ្ឌកម្មលោកខាងលិច។ អារ៉ាប៊ីសាអូឌីត ក៏កំពុងសម្លឹងរកការលក់ប្រេងបន្ថែមទៀតទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍ វិស័យរថយន្តអគ្គិសនីដើរយឺតជាងប្រទេសចិន និងប្រទេសលោកខាងលិច។ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់អាស៊ីត្រូវបានគេរំពឹងថា នឹងជំរុញតម្រូវការប្រេងពិភពលោកក្នុងរយៈពេលនៅសល់នៃទសវត្សរ៍នេះ ខណៈដែលការប្រើប្រាស់របស់ពិភពលោកកើនឡើងពី ១០១.៧លានបារ៉ែលក្នុងមួយថ្ងៃ កាលពីឆ្នាំ ២០២៣ ដល់ ១០៥.៦លានបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ កាលពីខែមិថុនាកន្លងមក។

ថ្វីបើភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ជុំវិញការភ័យខ្លាចសង្គ្រាមកាន់តែធំឡើងក៏ដោយ ប៉ុន្តែតម្លៃប្រេងមិនបានឡើងថ្លៃនោះទេ។ ប្រាកដណាស់ តម្លៃប្រេងនៅតែអាចកើនឡើង ប្រសិនបើបញ្ហានៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ។ ហើយមានការឡើងថ្លៃជាច្រើនដូចជា នៅដើមខែតុលាថ្មីនេះ ជុំវិញការព្រួយបារម្ភថារោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ អាចជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល និងកាលពីខែសីហាកន្លងទៅ ជុំវិញភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែការឡើងថ្លៃមានរយៈពេលខ្លីប៉ុណ្ណោះ។ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ៧% កាលពីសប្តាហ៍មុន បន្ទាប់ពីក្តីបារម្ភបានរសាយទៅវិញ។

ប្រេងឆៅ Brent ក្នុងកិច្ចសន្យាជួញដូរប្រេងនាពេលអនាគតបានធ្លាក់ចុះប្រហែល ៤% នៅឆ្នាំនេះ មកត្រឹមប្រហែល ៧៤ដុល្លារក្នុងមួយបារ៉ែល ហើយអនាគតប្រេងអាមេរិក West Texas Intermediate បានធ្លាក់ចុះ ១.៣% មកនៅប្រហែល ៧០ដុល្លារក្នុងមួយបារ៉ែល។ អ្នករួមចំណែកដ៏សំខាន់ចំពោះនិន្នាការតម្លៃប្រេងគឺសហរដ្ឋអាមេរិក ដែលបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មប្រេងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។

ការផ្លាស់ប្តូរថាមវន្តប្រេងក៏បង្កើតសំណួរដ៏វែងឆ្ងាយអំពីឥទ្ធិពល និងភាពពាក់ព័ន្ធរបស់អង្គការប្រទេសនាំចេញប្រេង OPEC ផងដែរ។ ក្រុមប្រទេសផលិតប្រេង ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតមួយនេះមានចំណែកប្រហែល ៣០% នៃផលិតកម្មប្រេងឆៅពិភពលោក។ ប៉ុន្តែទោះយ៉ាងណា OPEC ក៏ប្រឈមមុខនឹងការប្រេះឆានៅក្នុងសមាជិករបស់ខ្លួន ដែលមានអាទិភាពខ្ពស់ សម្រាប់ការប្រកួតប្រជែង៕ ប្រភព ៖ Business Insider

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ