ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុនចិនធ្លាក់ចុះ ខណៈដែលព័ត៌មានជំរុញសេដ្ឋកិច្ចជាតិធ្វើឱ្យអ្នកវិនិយោគខកចិត្ត

5 ម៉ោង មុន

ប្រទេសចិន ៖ ការប្រមូលផ្តុំរបស់ទីផ្សារភាគហ៊ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ខណៈដែលការប្រកាសដែលរំពឹងទុកខ្ពស់អំពីផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្វើឱ្យបណ្តាអ្នកវិនិយោគមានការខកចិត្ត។ ប្រភពពីសារព័ត៌មាន BBC នៅរសៀលថ្ងៃទី៨ ខែតុលា បានឱ្យដឹងថា…

ប្រទេសចិន ៖ ការប្រមូលផ្តុំរបស់ទីផ្សារភាគហ៊ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ខណៈដែលការប្រកាសដែលរំពឹងទុកខ្ពស់អំពីផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្វើឱ្យបណ្តាអ្នកវិនិយោគមានការខកចិត្ត។

ប្រភពពីសារព័ត៌មាន BBC នៅរសៀលថ្ងៃទី៨ ខែតុលា បានឱ្យដឹងថា ទីផ្សារភាគហ៊ុនរបស់ប្រទេសចិនបានកើនឡើងជាង ១០% នៅពេលការជួញដូរបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យជាតិ ឬ Golden Week ប៉ុន្តែបានធ្លាក់ចុះវិញ បន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានដោយអ្នករៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នៅក្នុងការជួញដូរមានការប្រែប្រួល ដោយសន្ទស្សន៍ភាគហ៊ុន Shanghai Composite Index នៅចិនដីគោក បានកើនឡើងប្រហែល ៣% ខណៈសន្ទស្សន៍ភាគហ៊ុន Hang Seng នៅហុងកុងមានកម្រិតទាបជាង ៧%។ វិនិយោគិនបានសង្ឃឹមសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបវារៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងមានផែនការគាំទ្រកំណើនសេដ្ឋកិច្ច ប៉ុន្តែការប្រកាសហាក់ផ្តល់ព័ត៌មានលម្អិតតិចតួច។

លោក ចេង សានជី (Zheng Shanjie) ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនបានលើកឡើងថា លោកមានទំនុកចិត្តទាំងស្រុងថា ប្រទេសចិននឹងសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងសង្គមកិច្ចពេញមួយឆ្នាំ។ ប៉ុន្តែជាមួយគ្នានោះលោកបានបន្ថែមថា សម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏កំពុងកើនឡើងផងដែរ។ ការអត្ថាធិប្បាយរបស់លោក ចេង បានកើតឡើងនៅពេលដែលលោកប្រកាសថា ប្រទេសចិននឹងបញ្ចេញកញ្ចប់ថវិកាចំនួន២០០ពាន់​លានយន់ (២៨ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងចំណាយ និងការវិនិយោគនៅចុងឆ្នាំនេះ។

លោកស្រី អាលីសៀ ហ្គាសៀ-ហឺរេរ៉ូ (Alicia Garcia-Herrero) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅធនាគារវិនិយោគ Natixis បានលើកឡើងថា «ទីផ្សារពិតជារំពឹងទុកកាន់តែខ្ពស់ ហើយការកែ​តម្រូវនឹងកាន់តែខ្លាំង ប្រសិនបើទិន្នន័យនៃការប្រើប្រាស់មានភាពទន់ខ្សោយ។ ទីផ្សារកំពុងមានប្រតិកម្មចំពោះកង្វះនៃការជំរុញពិតប្រាកដ។ ខ្ញុំនឹងមិនចេញធ្វើសន្និសីទសារព័ត៌មាន ប្រសិនបើមិនប្រកាសអំពីអ្វីថ្មីនោះទេ»។

រដ្ឋាភិបាលចិនបាននិងកំពុងព្យាយាមបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងនាមប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈដែលការព្រួយបារម្ភកើនឡើងថា ប្រទេសចិនអាចនឹងខកខានសម្រេចគោលដៅកំណើនប្រចាំឆ្នាំ ៥% របស់ខ្លួន។ បណ្តាវិនិយោគិនបាននិងកំពុងហូរចូលទៅក្នុងភាគហ៊ុនរបស់ចិន ចាប់តាំងពីក្រុមមន្ត្រីចិនចាប់ផ្តើមដាក់ចេញនូវវិធានការណ៍មួយក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ដោយផែនការនោះរួមមាន ជំនួយសម្រាប់ឧស្សាហកម្មអចលនទ្រព្យដែលរងគ្រោះដោយវិបត្តិក្នុងស្រុក ការគាំទ្រទីផ្សារភាគហ៊ុន ការផ្តល់សាច់ប្រាក់សម្រាប់ជនក្រីក្រ និងការចំណាយរបស់រដ្ឋាភិបាលជាច្រើនផ្សេងទៀត។

យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចមួយចំនួនបានចោទជាសំណួរថា តើគោលនយោបាយទាំងនោះ នឹងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិនឬអត់? ពួកគេលើកឡើងថា កំណែទម្រង់ស៊ីជម្រៅប្រហែលជាត្រូវការជាចាំបាច់ ដើម្បីរៀបចំប្រទេសឱ្យដើរលើផ្លូវរីកចម្រើនប្រកបដោយនិរន្តរភាព។ ស្របពេលដែលកំណើនបាននឹងកំពុងធ្លាក់ចុះ ខណៈដែលវាបន្តប្រឈមមុខនឹងការធ្លាក់ចុះផ្នែកទីផ្សារអចលនទ្រព្យ រួមនឹងបញ្ហាប្រឈមផ្សេងទៀត៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ