ខេត្តបាត់ដំបង ៖ គេមិនទាន់ឃើញមានប្រតិកម្មពីមន្ត្រីពាក់ព័ន្ធ ឬអាជ្ញាធរក្រុង ឬអាជ្ញាធរខេត្តបន្តិចណានៅឡើយទេ គិតត្រឹមថ្ងៃទី០៨ តុលា នេះ ចំពោះដើមគគីរដែលមានទំហំធំៗមានអាយុកាលរាប់សិបឆ្នាំចំនួន០៤ដើមនៅខាងមុខសាលាខេត្ត ដែលគេសង្ស័យថា ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចចាក់ទឹកថ្នាំស្រោចគល់បណ្ដាលឲ្យងាប់ព្រមៗគ្នាក្នុងចេតនាទុច្ចរិត ។
ដើមគគីរទាំង០៤ដើមនោះ ស្ថិតនៅខាងមុខសំណង់ផ្ទះល្វែងដែលកំពុងសាងសង់ និងនៅជ្រុងខាងកើត ឈៀងខាងត្បូងនៃអគារដ្ឋបាលខេត្តបាត់ដំបង ។ ដើមគគីរដែលងាប់យ៉ាងអាថ៌កំបាំងទាំង០៤ដើម ស្ថិតក្នុងចំណោមដើមគគីររាប់រយដើមទៀត ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១ ស្ថិតនៅជុំវិញតំបន់អគាររដ្ឋបាលខេត្ត ។ ដើមគគីទាំងនេះ មានទំហំធំៗ និងមានអាយុរាប់សិបឆ្នាំ ដែលសេសសល់ពីសម័យដើម បន្សល់ទុកដល់សព្វថ្ងៃនេះ ដែលជានិមិ្មតរូបសម្រាប់លម្អរក្រុងបាត់ដំបង និងលំអអគារសាលាខេត្ត ដែលមានវ័យចំណាស់មួយនេះ ។
បើតាមការកត់សម្គាល់លើស្ថានភាពជាក់ស្ដែង ដើមគគីរចំនួន០៤ដើមខាងលើនេះ បានងាប់ព្រមៗគ្នា ស្របពេលដែលអាជ្ញាធរខេត្តប្រកាសយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។ មន្រ្តីតូចតាចដែលបានដឹងបានឃើញដើមគគីរងាប់បានត្រឹមខ្សឹបខ្សៀវគ្នាតាមតុកាហ្វេ ឬនៅកន្លែងធ្វើការ តែមិនហ៊ាននិយាយឮៗទេព្រោះខ្លាចមេៗឮ ។ ពួកគេបានលួចផ្ដល់ដំណឹង និងជម្រុញឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយទម្លាយរឿងនេះ ។
ពាក់ព័ន្ធនឹងរឿងដើមគគីរចំនួន០៤ដើមដែលងាប់ព្រមគ្នា នៅខាងមុខសំណង់ផ្ទះល្វែងខាងលើនេះ មានប្រភពជាច្រើនរាប់ទាំងមន្រ្តីរដ្ឋបាលក្រុម និងខេត្តផង បានផ្ដល់ព័ត៏មាន និងសុំឲ្យកោះសន្តិភាព ជួយផ្សព្វផ្សាយ ដើម្បីជួយលាតត្រដាងពីអំពើអាក្រក់របស់មនុស្ស ។ បើតាមប្រភពខ្លះបានសន្និដ្ឋានចំៗ ទៅលើជនទុច្ចរិតថា ដើមគគីរទាំង០៤ដើមដែលងាប់នោះ អាចត្រូវគេយកទឹកថ្នាំ (ទឹកថ្នាំបាញ់ស្មៅ) ចាក់ស្រោចគល់ ទើបធ្វើឲ្យដើមគគីរដែលមានអាយុរាប់សិបឆ្នាំនោះងាប់ព្រមគ្នាបែបនេះ ក្នុងចេតនា«ជីកស្មៅ ត្រូវជីកទាំងឬស» ខណៈដើមគគីរជាច្រើនដើមទៀតនៅក្បែរៗនោះ នៅរស់រានមានជីវិតនៅឡើយ ។
ប្រភពខ្លះទៀតបានលើកឡើង និងចោទជាសំនួរថា ដើមគគីរទាំង០៤ដើមនេះ អាចត្រូវជនទុច្ចរិតប្រើវិធីសាស្រ្តធ្វើឲ្យងាប់ ដើម្បីកំទេច និងដកចោលទាំងឬសឲ្យផុតស្រឡះកុំឱ្យទើសមុខចេញពីខាងមុខផ្ទះល្វែង ។ ដើមគគីរដែលមានអាយុរាប់សិបឆ្នាំរាប់រយដើមនៅជុំវិញសាសាខេត្ត នៅតែមានជីវិតរហូតមកដល់ពេលនេះ ម៉េចក៏មិនងាប់ដែរទៅ? ចុះហេតុអ្វីបានជាងាប់ត្រឹមតែ០៤ដើម នៅខាងមុខផ្ទះល្វែង ដែលកំពុងសាងសង់ ? រីឯអាជ្ញាធរខេត្ត ក្រុង និងមន្រ្តីជំនាញក៏បែរជាមិនប្រតិកម្មសូម្បីប៉ុនក្រចក សង្ស័យមើលឃើញផលប្រយោជន៍ធំទេដឹង ។
បើគេចង់ស្រាវជ្រាវរកមុខឃាតករសម្លាប់ដើមគគីរទាំង០៤ដើមខាងលើនេះ ងាយស្រួលដូចបកចេកយកដីគល់ទៅពិសោធន៍ឃើញភ្លាមមិនខាន តែសំខាន់តើអាជ្ញាធរមានឆន្ទៈឈឺឆ្អាលចង់រកមុខអ្នកបំផ្លាញដើមគគីរទាំង០៤ដើមនេះឬអត់ ? កាលពីជាងមួយខែមុននេះ អាជ្ញាធរខេត្តបានប្រកាសបើកយុទ្ធនាដាំដើមឈើទូទាំងខេត្ត ក្រោមប្រធានបទ «ផ្ទះមួយខ្នងដើមឈើមួយដើម»។
ក្នុងយុទ្ធនាការនេះ គេសង្កេតឃើញទាំងមន្រ្តីរាជការ ទាំងប្រជាពលរដ្ឋ មិនថា នៅតាមបណ្ដាស្រុក ឬក្រុងទេ បាននាំគ្នាដាំដើមឈើព្រោងព្រាតនៅខាងមុខផ្ទះ ។ ដោយឡែក នៅក្នុងក្រុងបាត់ដំបង គេឃើញប្រជាពលរដ្ឋដាំដើមឈើព្រោងព្រាតលម្អរខាងមុខផ្ទះ ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាគេឃើញដើមគគីចំនួន០៤ដើម ដែលមានទំហំធំៗ មានអាយុរាប់សិបឆ្នាំបានងាប់ក្រោមស្នាដៃជនទុច្ចរិតទៅវិញ ?
ពាក់ព័ន្ធនឹងរឿងដើមគគីរ០៤ដើម ដែលងាប់ព្រមៗគ្នានៅខាងមុខផ្ទះល្វែងខាងលើនេះ អភិបាលក្រុងបាត់ដំបង លោកលាង វាសនា ហាក់មិនបានដឹងឮរឿងនេះឡើយ ហើយលោកអភិបាលក្រុងរូបនេះ បែរអស់ចំណើចនៅពេលកោះសន្តិភាពសួរនាំអំពីមូលហេតុ ដែលនាំឲ្យដើមគគីរងាប់ព្រមៗគ្នារហូតដល់០៤ដើម។
តើលោកបានដឹងពីមូលហេតុដែលដើមគគី០៤ដើមដែលងាប់នៅមុខក្លឹបជ័យជំនះដែរឬទេ? លោក លាង វាសនា បានអស់សំណើច (សើច) មុននឹងផ្ដល់ចម្លើយ ។ លោកបានផ្ដល់ចម្លើយ ក្រោយពីអស់សំណើច យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែឆ្ងល់ដែរ» ។ លោកបានសន្យាថា «ខ្ញុំនឹងធ្វើការស្រាវជ្រាវលើករណីនេះ ពេលខ្ញុំត្រឡប់ទៅវិញ តែពេលនេះ ខ្ញុំកំពុងជាប់មកបុណ្យនៅភ្នំពេញ» ។ មិនថា ប្រជាពលរដ្ឋ ឬមន្រ្តីរាជការ តែដែលបានបញ្ចេញមតិរិះគន់ចំពោះការងាប់ដើមគគីរទាំង០៤ដើមខាងលើនេះ តែគេមិនឃើញអាជ្ញាធខេត្ត ឬមន្រ្តីជំនាញបញ្ចេញប្រតិកម្មបន្តិចឡើយ។
មតិមហាជនបានលើកឡើងប្រហាក់ប្រហែលគ្មានថា «ដើមគគីរទាំង០៤ដើម ដែលងាប់ព្រមគ្នានៅខាងមុខផ្ទះល្វែងខាងលើនេះ ប្រាកដជាត្រូវជនទុច្ចរិតប្រើវិធីសាស្ត្រ(អាចប្រើថ្នាំបាញ់ស្មៅចាក់ស្រោចគល់) ធ្វើឲ្យងាប់តែតែម្ដង ។ ព្រោះដើមគគីរទាំងនេះ មានអាយុកាលរាប់សិបឆ្នាំកន្លងមកហើយ ស្រាប់តែនៅរស់សុខៗបែរជាងាប់យ៉ាងអាថ៌កំបាំង ។ គេរង់ចាំតាមដានមើលថា តើអាជ្ញាធរក្រុង ខេត្ត និងមន្ត្រីជំនាញ អាចស្វែងរកពីមូលហេតុ ដែលធ្វើឲ្យដើមគគីចំនួន០៤ដើម ដែលងាប់ខាងលើនេះឃើញដែរឬអត់ ? ពេលណាមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្ត ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកោះសន្តិភាព ។
ចែករំលែកព័តមាននេះ