ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទ(លួច)ជនជាតិវៀតណាមម្នាក់ហៅថា«ជើងកាង» ត្រូវបានសមត្ថ កិច្ចសហការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ការអនុវត្តដីកាចាប់ខ្លួននេះ ប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបសាទរខ្លាំងណាស់ ព្រោះចោរវៀតណាមរូបនេះល្បីល្បាញ និងសាហាវ ដែលតម្រូវដាច់ខាតឱ្យប្រជានេសាទត្រូវបង់លុយឲ្យ១ឆ្នាំ២ដងទើបនេសាទបាន ។ ការកំណត់បែបនេះ ធ្វើហាក់ដូចជាជនជាតិវៀតណាមនេះជាម្ចាស់បឹងទន្លេសាបយកទន្លេសាបជារបស់ខ្លួន ។
ប្រភពរាយការណ៍បានឲ្យដឹងថា ជើងកាងជនជាតិវៀតណាមរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨១ ចខ/២៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក គង់ រ៉ាវន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។
យោងដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ជនត្រូវចោទឈ្មោះ ហួន ហ៊ាង ភេទប្រុស កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩២ ជនជាតិវៀតណាម សញ្ជាតិវៀតណាម កើតនៅស្រុកខ្មែរភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ភូមិ-ឃុំកើតហេតុ មានប្រពន្ធឈ្មោះ ង្វៀង ធីគីវ ឪពុកឈ្មោះ ហួន ធី ម្ដាយឈ្មោះ ង្វៀង ធីអេម ។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន បានចោទប្រកាន់ពីបទលួចទូកបាឡាស្មាច់ ប្រព្រឹត្តនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយបានគេចបាត់ពីមូលដ្ឋាន ។
ដើម្បីធានាស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ហួន ហ៊ាង ភេទប្រុស មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរយកចម្លើយពាក់ព័ន្ធក្នុងរឿងក្ដីនេះ ។
ប្រភពផ្សេងៗពីប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាប បានទូរស័ព្ទ និងតាមប្រព័ន្ធបច្ចេកវិទ្យាតេឡេក្រាមយ៉ាងច្រើន កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ថា ពួកគាត់អាចនាំគ្នាធ្វើពាក្យបណ្ដឹងទៅអភិបាលខេត្ត ឬសាលាដំបូងខេត្ត ព្រោះកន្លងទៅ ជននេះសាហាវលើសសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅទៀត គឺពួកវាមានកាណូតធំៗ សម្រាប់ទៅលួចស្រាវដឹកយកសាច់មង សាច់អួន ទូក កាណូត សម្ភាៈនេសាទគ្មានសល់ រួចជម្រិតទារលុយរាប់សិបលានរៀល ធ្វើឲ្យពួកគាត់បង្ខំចិត្តយកលុយទៅលោះ បើមិនទៅលោះទេ គឺវាលួចរហូត ពិសេសជាងនេះទៅទៀតនោះ គឺត្រូវបង់លុយឲ្យក្នុង១រដូវ ឬ១ឆ្នាំច្រើនជាងសមត្ថកិច្ច ឬស្ថាប័នជំនាញទៅទៀត ។
ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា មេចោរធំជាងគេនៅបឹងទន្លេសាប មិនមែនមានតែម្នាក់នេះទេ គឺមានបងប្រុសរបស់គាត់២នាក់ ទៀត គឺឈ្មោះ ហួន គឿង និងឈ្មោះ ហួន ទុង ។ មេចោរជើងកាងបឹងទន្លេសាបទាំង៣នាក់បងប្អូននេះល្បីល្បាញយូរឆ្នាំមកហើយ ដោយឈ្មោះ ហួន ហ៊ាង ធ្វើសកម្មភាពនៅបឹងទន្លេសាប ទិសស្រុកក្រគរ ខេត្តពោធិ៍សាត់ ឬមួយផ្នែកនៅខេត្តកំពង់ឆ្នាំង ។
ចំណែកបងប្រុសឈ្មោះ ហួន ទុង ធ្វើសកម្មភាពនៅបឹងទន្លេសាប ទិសស្រុកបាកាន ខេត្តពោធិ៍ សាត់ និងមួយផ្នែកទៀតនៅខេត្តបាត់ដំបង ។ ចំណែកបងប្រុសម្នាក់ទៀតឈ្មោះ ហួន គឿង ធ្វើសកម្មភាពនៅបឹងទន្លេសាបដូចគ្នា នៅទិសខេត្តកំពង់ធំ និងខេត្តសៀមរាប ។
ក្រុមបងប្អូនមេចោរបឹងទន្លេសាបជនជាតិវៀតណាមទាំង៣នាក់នេះ ក្រុមអ្នកនេសាទនិយាយថា បើសិនជាសមត្ថកិច្ចបង្ក្រាបបានយ៉ាងច្រើន១ខែ ឬ២ខែចេញមកវិញហើយ ព្រោះមានឪពុកឈ្មោះ ហួន ធី ជាអ្នកចាំដោះស្រាយ ៕
ចែករំលែកព័តមាននេះ