ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ សេដ្ឋកិច្ចរុស្ស៊ីមិនអាចទ្រទ្រង់សង្គ្រាម​លោកពូទីនលើអ៊ុយក្រែនបានយូរទៀតទេ

2 ខែ មុន

ប្រទេសស៊ុយអែត ៖ យោងតាមលោក អាន់ឌឺរ អាសលុន (Anders Åslund) សេដ្ឋវិទូជនជាតិស៊ុយអែត និងជាអតីតសមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាអាត្លង់ទិក ហើយក៏ជាប្រធានក្រុមប្រឹក្សាអន្តរជាតិនៅមជ្ឈមណ្ឌលស្រាវជ្រាវសង្គម…

ប្រទេសស៊ុយអែត ៖ យោងតាមលោក អាន់ឌឺរ អាសលុន (Anders Åslund) សេដ្ឋវិទូជនជាតិស៊ុយអែត និងជាអតីតសមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាអាត្លង់ទិក ហើយក៏ជាប្រធានក្រុមប្រឹក្សាអន្តរជាតិនៅមជ្ឈមណ្ឌលស្រាវជ្រាវសង្គម និងសេដ្ឋកិច្ច CASE កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសរុស្ស៊ីស្ថិតក្នុងស្ថានភាពអាក្រក់ខាងក្នុងជាងរូបរាងខាងក្រៅ ដែលអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្លាដឺមៀរ ពូទីន (Vladimir Putin) បញ្ឈប់ការធ្វើសង្គ្រាមលើអ៊ុយក្រែន នៅដើមឆ្នាំក្រោយ។នៅក្នុងអត្ថបទលើកាសែតខ្លី Op-ed នាពេលថ្មីៗនេះ លោក អាសលុន បានលើកឡើងពីបញ្ហាផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងប្រជាសាស្រ្តថ្លឹងថ្លែងលើសេដ្ឋកិច្ចរុស្ស៊ី ដែលឆ្ពោះទៅរកការជាប់គាំង ហើយបានប៉ាន់ប្រមាណថា ទណ្ឌកម្មរបស់លោកខាងលិចកំពុងកាត់បន្ថយផលិតផលក្នុងស្រុកសរុប ឬ GDP របស់រុស្ស៊ី ចាប់ពី ២-៣% ជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត បញ្ហាប្រឈមនឹងកាន់តែអាក្រក់ឡើងសម្រាប់លោក ពូទីន ប្រហែលជារារាំងដល់យុទ្ធនាការសង្គ្រាមលើអ៊ុយក្រែន។

លោក អាន់ឌឺរ អាសលុន វ័យ៧២ឆ្នាំ ដែលការងាររបស់លោកផ្តោតលើការផ្លាស់ប្តូរសេដ្ឋកិច្ចពីផែនការកណ្តាលទៅជាសេដ្ឋកិច្ចទីផ្សារ និងធ្លាប់បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ចដល់រដ្ឋាភិបាលប្រទេសកៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងអ៊ុយក្រែនផងនោះ បានកត់សម្គាល់ថា សេវាចារកម្មអ៊ុយក្រែនបានអះអាងកាលពីខែមុនថាមានឯកសាររុស្ស៊ី ដែលបង្ហាញថា វិមានក្រឹមឡាំងចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់នៅចុងឆ្នាំ ២០២៥ ចំពេលមានសម្ពាធសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។

លោកបាននិយាយថា «មិនថាពិត ឬមិនពិតទេ ប៉ុន្តែសេណារីយ៉ូនេះ នឹងសមហេតុផលបំផុត»។សម្រាប់រឿងមួយទៀត ការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឱ្យអតិផរណាត្រូវបានលាក់កំបាំងនៅក្នុងប្រទេសរុស្ស៊ី ដែលរារាំងពីការបង្កើនមូលនិធិលើទីផ្សារហិរញ្ញវត្ថុពិភពលោក ជំនួសមកវិញបង្ខំឱ្យពឹងផ្អែកលើទុនបម្រុងអន្តរជាតិ។ ចំពេលមានឧបសគ្គ វិមានក្រឹមឡាំងបានកំណត់ឱនភាពថវិកាជាតិប្រចាំឆ្នាំនៅត្រឹម ២% នៃ GDP ប្រហែលនឹង៤០ពាន់លានដុល្លារ។ ប៉ុន្តែដោយសារទុនបម្រុងផុយស្រួយក្នុងមូលនិធិទ្រព្យសម្បត្តិជាតិរបស់រុស្ស៊ីត្រូវបានកាត់បន្ថយមកត្រឹម ៥៥ពាន់លានដុល្លារ គិតត្រឹមខែមីនា ដូច្នេះទុនបម្រុងរបស់រដ្ឋគួរតែអស់នៅឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ ភាពយឺតយ៉ាវផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ីត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដោយសារការបាត់បង់អ្នកចេះដឹង និងអ្នកជំនាញបំផុតជាច្រើន ដែលបានភៀសខ្លួនចេញពីប្រទេសកំណើតពួកគេ បន្ទាប់ពីការលុកលុយអ៊ុយក្រែនកើតឡើង ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

បញ្ហាប្រឈមផ្សេងទៀតក្នុងសេដ្ឋកិច្ចរុស្ស៊ីគឺការនាំចេញសព្វាវុធបានធ្លាក់ចុះ ដោយសារតម្រូវការពីកងទ័ពខ្ពស់ រារាំងដល់ការលក់ទៅឱ្យបរទេស។ លើសពីនេះ ម៉ាស៊ីនសង្រ្គាមរបស់លោក ពូទីន ក៏មានបញ្ហាកម្លាំងប្រយុទ្ធផងដែរ ដោយសារភាពអត់ការងារ ការចាកចេញរបស់ប្រជាជនរុស្ស៊ីយ៉ាងច្រើន និងការកើនឡើងចំនួនអ្នកស្លាប់ក្នុងសង្គ្រាម ដែលឈានដល់ការកំណត់សមត្ថភាពក្នុងការបង្កើនចំនួនកងទ័ពរបស់ខ្លួនបន្ថែមទៀត ហើយជាមួយនឹងទុនបម្រុងហិរញ្ញវត្ថុកំពុងតែរីងស្ងួត រុស្ស៊ីនឹងមានបញ្ហាក្នុងដំណើការរៀបចំថវិកាជាតិ។

លោក អាសលុន បានប៉ាន់ប្រមាណថា រុស្ស៊ីនឹងចំណាយប្រហែល១៩០ពាន់លានដុល្លារ ឬ ១០% នៃ GDP សម្រាប់សង្គ្រាមនៅឆ្នាំនេះ ហើយវិមានក្រឹមឡាំងកំពុងអស់ជម្រើសដែលត្រូវកាត់បន្ថយ ក្រៅពីការចំណាយលើសង្រ្គាម ខណៈការលុកលុយលើអ៊ុយក្រែនជិតឈានដល់ខួបបីឆ្នាំរបស់ខ្លួន។ លោកបានបន្តថា «អ៊ុយក្រែនអាចឈ្នះសង្រ្គាមនេះ ប្រសិនបើពួកគេមាន៥០ពាន់លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ ក៏ដូចជាការទទួលបានភ្លើងខៀវក្នុងការទម្លាក់គ្រាប់បែកលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី»។

មិនត្រឹមតែលោក អាន់ឌឺរ អាសលុន ដែលវាយតម្លៃយ៉ាងធ្ងន់ធ្ងរអំពីសេដ្ឋកិច្ចរបស់រុស្ស៊ីប៉ុណ្ណោះទេ។ តួយ៉ាង វិទ្យាស្ថានធនាគារហ្វាំងឡង់សម្រាប់សេដ្ឋកិច្ចកំពុងរីកចម្រើន (BOFIT) ក៏បានចេញផ្សាយរបាយការណ៍កាលពីសប្តាហ៍មុនបានបង្ហាញថា កំណើនសេដ្ឋកិច្ចរុស្ស៊ីនឹងថយចុះពី ៣.៥% នៅឆ្នាំនេះ មកត្រឹមនៅ ១% ក្នុងឆ្នាំ ២០២៥ និង ២០២៦។

របាយការណ៍ដដែលបន្តថា ដើម្បីរក្សាអត្រាកំណើនបច្ចុប្បន្ន រុស្ស៊ីត្រូវបង្កើតផលចំណេញសំខាន់ៗ ប៉ុន្តែទំនងជាពិបាកខ្លាំងណាស់ ដោយសារការវិនិយោគទាំងអស់នឹងចាក់បញ្ចូលទៅក្នុងវិស័យយោធា និងសង្រ្គាម។ កង្វះកម្លាំងពលកម្ម និងអសមត្ថភាពក្នុងការបញ្ជាទិញគ្រឿងបន្លាស់ ឬឧបករណ៍ថ្មីពីលោកខាងលិច ក៏នឹងរារាំងដល់កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ៕ (ប្រភព ៖ Fortune និង Yahoo Finance)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ