រាជធានីភ្នំពេញ ៖ និស្សិតប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកប្អូនស្រីបានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ក្នុងពេលជនរងគ្រោះទាំង២នាក់បងប្អូនបង្កើតនេះជិះម៉ូតូ១គ្រឿងឌុបគ្នា ។ បន្ទាប់មកបានជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័១គ្រឿង ក្នុងខណៈពេលដែលរថយន្តខាងលើនេះកំពុងឈប់ចតលើផ្លូវ ដោយអ្នកបើកបររវល់ចុះទៅរកទិញអីវាន់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើ បានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងបុរីពិភពថ្មីគម្រោង៦ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់នៅក្នុងឧប្បត្តិហេតុនោះឈ្មោះឆេន សុកឈាត ភេទប្រុស អាយុ១៧ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅវិទ្យាស្ថាន ប៉េ អេស អឺ ( P S E ) ដោយរៀនផងនិងធ្វើការរកលុយផង ។ ជនរងគ្រោះរូបនេះគឺជាអ្នកបើកបរម៉ូតូ ។ ដោយឡែកប្អូនស្រីដែលជិះពីក្រោយ ហើយរងរបួសធ្ងន់ធ្ងរនោះឈ្មោះឆេន ស្រីពេញ អាយុ១២ឆ្នាំ ។ អ្នកទាំង២មានឪពុកម្ដាយជាអ្នកឡើងត្នោតនិងលក់ទឹកត្នោតជូរ នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម ។
តាមប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តធុនធំសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ១គ្រឿងម៉ាកFUSO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3H-0086 បើកធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុបានឈប់នៅលើផ្លូវ លុះបន្តិចក្រោយមក ស្រាប់តែឃើញជនរងគ្រោះទាំង២នាក់បងប្អូនខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីតកំពង់ចាម1Y-6147 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាទៅដល់ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះក៏បានបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យបងប្រុសបែកក្បាលស្លាប់ភ្លាមៗ រីឯប្អូនស្រីរបួសធ្ងន់ បន្ទាប់មករថយន្តបានបើករត់គេច ប៉ុន្តែបានចម្ងាយប្រមាណជាង៣០០ម៉ែត្រ ក៏ត្រូវបានកម្លាំងប្រជាការពាដេញតាមឃាត់បាន ។ ក្រោយពេលឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើនោះបាន ហើយ កម្លាំងប្រជាការពារក៏បានបញ្ជូនទៅកាន់ប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរពីដំណើររឿងដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើងនេះ ។
បើតាមនគរបាលប៉ុស្តិ៍កន្ទោកបានប្រាប់ឲ្យដឹងថា ក្រោយពេលសាកសួរ បុរសអ្នកបើកបររថយន្តរូបនោះបាននិយាយថា នៅវេលាម៉ោងខាងលើ ខ្លួនបានបើកបររថយន្តសណ្ដោងសម្រាប់ដឹកទូកុងតឺន័រនោះ ទៅឈប់នៅត្រង់ចំណុចកើតហេតុ ។ បន្ទាប់មកខ្លួនបានចុះទៅរកទិញអីវាន់ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូឌុបគ្នាទៅដល់បុកពីក្រោយរថយន្តខ្លួនពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់បែបនេះតែម្ដង ពេលឃើញបែបនេះខ្លួនក៏បានបើករថយន្តចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែក៏ត្រូវបានប្រជាការពារឃាត់បាន ។
ក្រោយពេលកើតហេតុក្រុមគ្រួសារបាននាំយកសពទៅធ្វើបុណ្យតាមប្រពៃណី និងបញ្ជូនក្មេងស្រីដែលរងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ បន្ទាប់មកនគរបាលការិយាយល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងនាំយករថយន្តនិងអ្នកបើកបរ ព្រមទាំងម៉ូតូទៅកាន់ការិយាល័យរង់ចាំការដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ