ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ចុះសួរសុខទុក្ខ និងកោតសរសើរ​ការ​ខិតខំ​​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤…

ខេត្ត​មណ្ឌលគិរី ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ និង​មន្ដ្រី
​នគរបាល​ជាតិនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្នុង​ដំណើរ​នៃ​ការ​ចុះ​សួរសុខទុក្ខ​កម្លាំង​
នគរបាល​តាម​បណ្ដោយ​ព្រំដែន ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ជូន​ពរ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដមណ្ឌលគិរី និង​ក្រុម​គ្រួសារ ពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន កំពុង​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​។ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ សូម​មាន​សុខភាព​ល្អ បំពេញភារកិច្ច​សម្រេច​ដោយ​ជោគជ័យ​ជូន​ប្រទេស​ជាតិ​មាតុភូមិ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ពិសេស​ធានា​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​។

បន្ថែម​ពី​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត ក៏​បាន​កត់សម្គាល់​នូវ​សភាពការណ៍​ថ្មី​ៗ ដែល​បាន​កើតឡើង ពិសេស​ឧបាយកល​ទុច្ចរិត​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​នៅ​ចិញ្ចឹមចិត្ត​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​មធ្យោបាយ​ផ្សេង​ៗ​។ ប៉ុន្ដែ​សកម្មភាព​ទាំង​អស់នោះ ត្រូវ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ណែនាំ​ទៀត​ថា ដោយសារ​ខេត្តមណ្ឌលគិរី មាន​ភូមិសាស្ដ្រ​ជាប់​ជាមួយ​បណ្ដា​ប្រទេស​ដទៃ ហើយ​ងាយ​ប្រឈម​ជាមួយ​បទដែល​អាច​កើតឡើង​នៅ​តាម​ព្រំដែន ដូច្នេះ​ហើយ​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​សហការ​ជាមួយ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ និង​ប្រទេស​ជា​មិត្ត ដើម្បី​ផ្លាស់​ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​បទល្មើស​ឲ្យ​បាន​ទាន់​ពេលវេលា​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ក្រើនរំលឹក​ដល់​មន្ដ្រី​នគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​លុប​បំបាត់​រាល់​នូវ​ភាព​អសកម្ម​នានា​ដែល​បាន​ខុសឆ្គង​កន្លង​មក ហើយ​ប្ដូរ​មក​ធ្វើ​កិច្ច​ការងារ​សង្គម​ឲ្យ​បាន​ច្រើន ពិសេស​ការ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ ចាស់ជរា ជន​មាន​ពិការ​ភាព បន្ថែម​លើ​ការងារ​ជំនាញ​ដែល​កំពុង​បំពេញការងារ​ប្រចាំ​ថ្ងៃ​។

បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ណែនាំ​ដល់​មន្ដ្រី​នគរបាល​ចរាចរណ៍​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ អំពី​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព​ទាំងអស់ ប្រកបដោយ​ភាព​ទន់ភ្លន់ និង​ម៉ឺង​មាត់ សំដៅ​ជំរុញ​ការ​គោរព​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ លើស​ពី​នេះ​ត្រូវ​ពង្រឹងសមត្ថភាព និង​អភិវឌ្ឍន៍​ចំណេះដឹង​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ