ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​! នាយពាក់​មីបង្កើត​កម្មវិធី​វេច​នំអន្សម​ចំនួន​២០២៤ចែក​ជូន​អ្នកស្រុក

4 ថ្ងៃ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ពាក់​មី បាន​បង្កើត​កម្មវិធី​ធំ​មួយ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ប្រមូល​ចាស់​ក្មេង​នៅ​ក្នុងស្រុក​រាប់រយ​នាក់​ចូលរួម​វេច​អន្សម​រួម​គ្នា​ចំនួន​២០២៤​នំ ដើម្បី​ចែក​ជូន​អ្នកស្រុក ។ សម្រាប់​កម្មវិធី​ខាងលើ​នេះ នាយ ពាក់​មី បាន​ដាក់​ការ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៥០០​នាក់…

តារា​កំប្លែង​នាយ ពាក់​មី បាន​បង្កើត​កម្មវិធី​ធំ​មួយ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ប្រមូល​ចាស់​ក្មេង​នៅ​ក្នុងស្រុក​រាប់រយ​នាក់​ចូលរួម​វេច​អន្សម​រួម​គ្នា​ចំនួន​២០២៤​នំ ដើម្បី​ចែក​ជូន​អ្នកស្រុក ។

សម្រាប់​កម្មវិធី​ខាងលើ​នេះ នាយ ពាក់​មី បាន​ដាក់​ការ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៥០០​នាក់ ខ​ណះ​ពេល​ការ​វេច​នំ​នេះ​នឹង​ចាប់ផ្តើម​នា​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​ដែល​ចំ​ថ្ងៃ​បិណ្ឌ​ទី​១៣ មុន​មួយ​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំ​ធំ​ចូល​មក​ដល់ ។

​​ជាមួយនឹង​រូបភាព​សកម្មភាព​ក្មេង​ចាស់​រាប់រយ​នាក់​ចូលរួម​វេច​អន្សម​នៅ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​នា​ឯ​ខេត្តស្វាយរៀង នាយ ពាក់​មី បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា ខ្ញុំ​បាន​ផ្តល់​ស្នាម ញញឹម​ជូន​អ្នកស្រុក​ខ្ញុំ ចំនួន​យាយ​តា​ពូ​មីង​បងប្អូន​ចូលរួម អាច​ច្រើន​ជាង​500​នាក់ 🙏​អន្សមជ្រូក ចំនួន​2024​នំ នឹង​ចាប់ផ្តើម​វិច​នៅ​ម៉ោង​11​ថ្ងៃ​ត្រង់នេះ ។

នាយ ពាក់​មី បាន​លើក​ឡើង​ថា គោលបំណង​ដែល​លោក​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​អ្នកស្រុក​របស់​លោក ជា​ពិសេស​គឺ​ចាស់​ៗ​បាន​មក​ជួបជុំ​គ្នា​ផ្តល់​ភាព​ស​ប្បា​រីករាយ​ជាមួយនឹង​ការ​វេច​នំ​រួម​គ្នា​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។

លោក​បញ្ជាក់​ថា ការ​បង្កើត​កម្មវិធី​នេះ​ដែល​ក៏​ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​ការ​វេច​នំអន្សម​ទៅ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​បានដឹង និង​ចេះ​វេច​នំអន្សម​ដែល​ជា​ប្រពៃណី​របស់​ដូនតា​ខ្មែរ​យើង ។

លោក​ថា បច្ចុប្បន្ន​ក្មេង ៗ​និង​ចាស់​ៗ​មួយ​ចំនួន​គឺ​មិន​ចេះ ឬ​ក៏​ចង់​ភ្លេច​នូវ​របៀប​វេច​នំអន្សម​ហើយ ដោយសារ​ពួក​គាត់​អាង​ទៅ​លើ​ការ​ទិញ​ពី​ផ្សារ ខុស​ប្លែក​ពី​ចាស់​ៗ​ជំនាន់​មុន​ដែល​ពួក​គាត់​តែងតែ​ធ្វើការ​វេច​នំអន្សម​នេះ​ជា​ទៀងទាត់​ក្នុង​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់ ។

យ៉ាងណា​សកម្មភាព​របស់​តារា​កំប្លែង​នាយ ពាក់ មី នា​ពេល​នេះ​ត្រូវ​បាន​មហាជន​លើក​ស​សើរ និង​គាំទ្រ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​សកម្មភាព​មួយ​នេះ​គឺជា​ការ​ចូលរួម​បំផុស​និង​ថែរក្សា​ប្រពៃណី​នៃ​ការ​វេច​នំអន្សម​របស់​ខ្មែរ​យើង​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។

គួរ​បញ្ជាក់​ថា នំអន្សម ជា​នំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ តែងតែ​រៀបចំ​វេច​នំអន្សម ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ពិសេស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ក្រៅពី​ពិធីបុណ្យ​ទាំង​ពីរ​នេះ នៅ​ក្នុង​ពិធី​មង្គលការ​ក៏​គេ​តែង​ឃើញ​មាន​វេច​នំអន្សម​ផង​ដែរ​។ គេ​តែង​សម្គាល់​ឃើញ​នៅ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ មួយ​ឬ​ពីរ​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ញាប់ដៃ​ញាប់​ជើង ម្នីម្នា​រៀបចំ​វេច​នំអន្សម ដើម្បី​ទុក​ចូលរួម​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​។

«​អន្សម​» តាម​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​ដោយ​ស្លឹក​ស្រស់ (​តាម​ធម្មតា ច្រើន​ប្រើ​ស្លឹកចេក​) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន​។ អន្សម មាន​ច្រើន​ប្រភេទ​គឺ អន្សមចេក អន្សម​ដាក់​ចេកណាំវ៉ា​ទុំ​ទាំងមូល​ជា​ស្នួល អន្សមជ្រូក អន្សម​ដាក់​សាច់​ជ្រូក​ជា​ស្នូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ