រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ជុំវិញ ការកំណត់ផែនទីថា ការបោះបង្គោលព្រំដែនរៀបចំឱ្យបានផ្អែកទៅលើមូលដ្ឋានប្លង់រឹង គឺផែនទីបោន ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនដែលភាគីទាំងអស់ឯកភាព (ផែនទីបោន ខ្នាត១/១០០០០០) មិនមែនផែនទី Google ផែនទី Jica ឬផែនទីអាមេរិកនោះទេ ។
ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះធ្វើឡើង បន្ទាប់ពីមានការផ្ទុះការចែករំលែកវីដេអូ និងរូបភាពលើបណ្តាញសង្គមនានាដែលជាល្បិចកលថ្មីរបស់ក្រុមជ្រុលនិយមដែលបានញុះញ៉ង់ដល់ខ្មែរមួយចំនួនច្រឡំថា កម្ពុជាមើលតាម Google Map ឃើញថា កាន់តែតូចទៅៗដែលមានន័យថា កម្ពុជាកាន់តែបាត់បង់ទឹកដី ។
ថ្លែងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៅ មណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៥ ខែកញ្ញានេះ សម្តេចធិបតី បាន លើកឡើងថា ៖«ដើម្បីធានានូវការការពារអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍ នៅទីនោះមានកិច្ចការសំខាន់ៗមួយចំនួនត្រូវធ្វើ ទី១ ការបោះបង្គោលព្រំដែនកំណត់ឱ្យបានច្បាស់លាស់ត្រូវបន្តធ្វើឱ្យចប់ ព្រំដែនយើងជាមួយវៀតណាម ជាមួយឡាវ ពីមុនជំនាន់បារាំង យើងមានតែ១២៤បង្គោលទេបោះពីខេត្តកំពតទៅដល់ខេត្តកំពង់ចាម ដែលឥឡូវត្បូងឃ្មុំ ព្រំដែនកម្ពុជាជាមួយកូសាំងស៊ីន ប៉ុន្តែព្រំដែនពីខេត្តកំពង់ចាមឡើងទៅដល់កន្ទុយនាគ អត់មានទេជាមួយវៀតណាម ផែនទីរដ្ឋបាល ឥឡូវបានយើងត្រូវចរចា ឥឡូវយើងបាន៨៤%នៅខ្វះ១៦% បើសិនជាយើងចង់ឱ្យបាត់កន្លែងនឹងចាំបាច់ចរចាធ្វើអីទុកចោលទៅបន្តិចម្តងៗបន្លំទៅឱ្យគេមកនៅទៅ» ។
ជាមួយគ្នានោះដែរ សម្តេចធិបតី គូសបញ្ជាក់ថា «ការបោះបង្គោលព្រំដែនរៀបចំឱ្យបាន ផ្អែកទៅលើមូលដ្ឋានប្លង់រឹងរបស់យើង គឺផែនទីបោន ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនដែល ភាគីទាំងអស់ឯកភាព (ផែនទីបោនខ្នាត១/១០០០០០) មិនមែនផែនទីGoogle ផែនទី Jica ឬផែនទីអាមេរិកទេនៅស្រុកយើងមានប្រើផែនទី២ទៅ ៣ឯណោះ ផែនទី Jica ផែនទីអាមេរិកាំង កាលទម្លាក់គ្រា.ប់បែកអាមេរិក មានផែនទីមួយទៀតយើងអត់ប្រើ ផែនទីទាំងអស់នោះទេ គឺយើងយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ផែនទីបោន ដូច២៦សន្លឹក ដែលកន្លងទៅសម្តេចតេជោ ធ្លាប់ឱ្យទៅសុំយកមកផ្ទៀងផ្ទាត់នៅទីស្តីការជាតម្លាភាពឱ្យមើលទាំងអស់គ្នា ចឹងយើងយកផែនទីនេះជាគោល ហើយការដោះស្រាយដោយទទួលខុសត្រូវ» ។
សូមជម្រាបថា កាលពីថ្មីៗនេះ មានការចែករំលែក និងលើកយកបញ្ហា Google Map យកមកវា.យប្រហាររាជរដ្ឋាភិបាលក៏ត្រូវបានក្រុមអ្នកជំនាញបានធ្វើការពន្យល់ និងបកស្រាយ ជាច្រើនអ្នកហើយថា Google Map ជាការដៅសញ្ញាតាមបច្ចេកទេសនៃបច្ចេកវិទ្យានាពេល បច្ចុប្បន្ន ដោយអាចដៅគោលដៅត្រង់ណាចំណុចណាក៏បានអាស្រ័យលើអ្នកប្រើប្រាស់ហើ យ មិនអាចកំណត់ជាផ្លូវការបានឡើយ ។
គួរឱ្យដឹងថា បន្ទាប់ពីផ្ទុះការគាំទ្រ និងមិនគាំទ្រគម្រោង CLV DTA ឡើងមកក្រុមអ្នក ប្រឆាំងជ្រុលនិយមក្រៅស្រុកបានឆ.ក់យកឱកាសនេះ ដើម្បីភូតកុហកប្រជាពលរដ្ឋតាមគ្រ ប់រូបភាពធ្វើយ៉ាងណាឱ្យពលរដ្ឋមិនពេញចិត្តនឹងរាជរដ្ឋាភិបាលតាមរយៈព្រឹត្តិការណ៍ផ្សេងៗគ្នាជាបន្តបន្ទាប់ ដូចជា ការប្រឆាំងគម្រោងសេដ្ឋកិច្ចផ្លូវទឹករបស់កម្ពុជាព្រែកជីកហ្វូណនតេជោ, ការញុះញង់ឱ្យពលរដ្ឋប្រមូលផ្តុំបាតុកម្មប្រឆាំងដោយហិ.ង្សាទម្លាក់រដ្ឋាភិបាលស្របចាប់,ការនាំពលរដ្ឋដុតកំដៅប្រទេសជាតិឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយថ្មីៗនេះ រូបភាពថ្មីៗបានកើតឡើង ដោយការប្រើប្រាស់ Google Map មកបោកបញ្ឆោតពលរដ្ឋដែលយល់ដឹងមិនបានច្រើនពីបច្ចេកវិទ្យាលើបញ្ហាព្រំដែនជាដើម ។
តែទោះជាយ៉ាងណាក្តី ផែនការទាំងអស់នេះមិនអាចសម្រេចជោគជ័យបានឡើយ ដោយសាររាជរដ្ឋាភិបាលបានទប់ស្កាត់ទាន់ពេលវេលា និងបានពន្យល់ក៏ដូចជា បង្ហាញនូវទឡ្ហីករណ៍ច្បាស់លាស់ជាមួយប្រជាពលរដ្ឋដោយគ្មានការលាក់បាំងឡើយ ៕
ចែករំលែកព័តមាននេះ