រាជធានីភ្នំពេញ ៖ នគរបាលក្រុងតាខ្មៅស្រាវជ្រាវឃាត់ចោរកាត់ខ្សែភ្លើង ចំនួន០១នាក់ តែងជិះកង់ដើរកាត់ខ្សែភ្លើងតាមបង្គោលកាប៊ីនភ្លើង ចំនួន០៣ភូមិ ក្នុងសង្កាត់ដើមមៀន ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣៣នាទី រំលងអធ្រាត្រ មានជនសង្ស័យម្នាក់បានជិះកង់តាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ដើមមៀន ធ្វើសកម្មភាពកាត់ខ្សែបង្គោលភ្លើង រួចជិះកង់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យខាងលើនេះតែងធ្វើសកម្មភាពកាត់ខ្សែភ្លើងតាមកាប៊ីនភ្លើងតាមបង្គោលជារឿយៗតាមភូមិចំនួន០៣ផ្សេងគ្នាក្នុងសង្កាត់ដើមមៀនបណ្តាលអោយអ្នករស់នៅក្នុងមូលដ្ឋាន ដាច់ភ្លើ.ងដោយមិនមានមូលហេតុនឹងមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
ភ្លាមៗកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរយៈពេល២៤ម៉ោង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ០១នាក់ ជិះកង់ដែរជាមុខសញ្ញា ក៏បានឃាត់ត្រួតពិនិត្យ ឆែកឆេរមើលក្នុង កាបូបស្ពាយមានខ្សែភ្លើ.ងសកសំបក រួចចំនួន១៣ដុំ និងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមវត្ថុតាងខាងលើសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ