ខេត្តតាកែវ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក ស្ថិតក្នុងឃុំព្រោះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ដោយចេញពីខេត្តតាមបណ្តោយផ្លូវជាតិលេខ២ជាង៤៥គីឡូម៉ែត្រនឹងមកដល់ទីនេះហើយ ។
សូមបញ្ជាក់ថា ទឹកជ្រោះផ្អោកមានប្រវែងប្រមាណជា១០០០ម៉ែត្រ និងទទឹង២ម៉ែត្រ ដែលហូរពី លើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និងមាន ផ្ទះស្បូវ សម្រាប់ អង្គុយលេងកម្សាន្ត រួមទាំងមានលក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត ។
អ្វីដែលកាន់តែជាពិសេសទៅទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោក សំបូរទៅដោយត្បូងមាន
មានតម្លៃ ។ ទឹកជ្រោះផ្អោក ក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង១០ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសំបូរជាងគេ ដូចជាត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និងត្បូងឃ្មុំជាដើម ប៉ុន្តែបច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ ។
ប្រសិនបើប្រិយមិត្តចង់ទៅកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ ហើយសំបូរព្រៃឈើ តូច-ធំ អមដោយថ្មដា និងចង់ស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ព្រមទាំងពិសារអាហារ ជាពិសេសបាញ់ឆែវដែលមានរសជាតិឆ្ងាញ់ពិសារ អាចទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន ។
រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។សេង សុធា
ចែករំលែកព័តមាននេះ