ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្មជម្រុញឱ្យកសិករបង្កើនការ ផលិតពូជស្រូវសែនក្រអូបនិងផ្កាម្លិះ

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទី​ណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូប និងពួជស្រូវផ្កាម្លិះ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស…

ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទី​ណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូប និងពួជស្រូវផ្កាម្លិះ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស គ្រាដែលពួជស្រូវនេះ កំពុងទទួលបានចាប់អារម្មណ៍ និងមានតម្លៃខ្ពស់ ។

ការជម្រុញបែបនេះគ្រាដែល ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំប្រតិភូក្រសួងចុះពិនិត្យខ្សែ សង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ និងរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនោះក៏បានចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។  

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជាបានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួត​ប្រជែងវេទិកា​ស្រូវ-អង្ករពិភពលោក៥លើកមកហើយ។ ជ័យលាភីនេះ គឺដោយសារតែអង្ករកម្ពុជាមានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរនិងមានឱជារសឆ្ងាញ់ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីកសិកម្មក៏បានគូសបញ្ជាក់បន្ថែមថា ពូជ​ស្រូវសែនក្រអូបក៏ជាពួជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មណ៍​ខ្លាំងផងដែរ ប៉ុន្តែកសិករហាក់មិនសូវបានធ្វើការដាំដុះនោះទេ ដោយសារតែចំណាយពេលវេលាវែង និងហុចផលមិនស័ក្តិសម ។ បច្ចុប្បន្ន កសិករនិយមដាំដុះស្រូវចម្រុះ​ដែលចំណាយពេលវេលាខ្លី ហើយទទួលបានទិន្នផលល្អ រីឯតម្លៃក៏មិនលើសគ្នាប៉ុន្មានពីស្រូវសែនក្រអូបនេះដែរ ។

លើកឡើងក្នុងឱកាសចុះសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្មស្រូវអង្ករនោះដែរ ឯកឧត្តមរដ្ឋ​មន្ត្រី​ក៏បានជម្រុញទៅដល់ម្ចាស់សង្វាក់ផលិតកម្មឱ្យបង្កើនតម្លៃទីផ្សារស្រូវសែនក្រអូបឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យកសិករមានទឹកចិត្តក្នុងការពង្រីកការផលិតឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារស្រូវអង្ករ ពិសេសសម្រាប់ការផលិតនាំចេញទៅលក់លើទីផ្សារពិភពលោក ។

ឯកឧត្តម​ក៏បានបញ្ជាក់បន្ថែមជាគោលនយោបាយរបស់ក្រសួង គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ។ ហើយការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេស ពូជស្រូវសែនក្រអូប និងផ្ការំដួលដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះ ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការ និងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងមានតម្លៃល្អ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យកសិករផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់ ។ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អនិងតម្លៃល្អ ៕ ដោយ៖ អ៊ុំ ណូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ