ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ ពានរង្វាន់​សម្ដេច​ធិ​បតី ប្រកាស​ឱ្យ​មានការ​ចូលរួម​ដោយ​ចំហ

4 ខែ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​«​ពានរង្វាន់​សម្ដេច​ធិ​បតី​»​លើក​ទី​១​ឆ្នាំ​២០២៤ គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ខាង​មុខ ត្រូវ​បាន​ប្រកាស​ឱ្យ​មានការ​ចូលរួម​ដោយ​បើកចំហ​។ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន…

រា​ជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​«​ពានរង្វាន់​សម្ដេច​ធិ​បតី​»​លើក​ទី​១​ឆ្នាំ​២០២៤ គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ខាង​មុខ ត្រូវ​បាន​ប្រកាស​ឱ្យ​មានការ​ចូលរួម​ដោយ​បើកចំហ​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​កីឡា ប្រធាន​គណៈក​ម្មា​ធិ​​​​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធានគណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡាយុទ្ធ​​គុន​​ចម្រុះ​ខ្មែរ​បូរាណ​«​ពានរង្វាន់​សម្ដេចធិ​បតី​»​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤​ថា ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរបូរាណ​«​ពានរង្វាន់​សម្ដេច​ធិ​បតី​»​គឺជា​គំនិត​ផ្ដួចផ្ដើម​ឡើង​របស់​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គាស់​រំលើង​ក្បាច់គុន​បូរាណ​ខ្មែរ ដែល​ជា​មរតក​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​ឡើង​វិញ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បានឃើញ​និង​ថែរក្សា​បន្ត ។

ជា​ពិសេស​សម្រាប់​ក្បាច់​ប្រើ​អាវុធ មាន​ដំបង ដាវ លំពែង និង​ក្បាច់​មិន​ប្រើ​អាវុធ​ដោយ​ដៃទទេ មាន​ក្បាច់ ស្រ​ង៉ែ​ពេន ក្បាច់ខ្លាក្រាប ក្បាច់​ក្រពើ​ហារ និង​ក្បាច់​យុទ្ធ​ក្រម​ខម ជាដើម​ដើម្បី​យក​ទៅ​ចងក្រង​ជា​គម្ពីរ​ក្បាច់គុន​។ ការ​ប្រកួត​នេះ​ទៀត​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​១​ឆ្នាំ​ម្ដង ឆ្នាំ​នេះ​យើង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​បន្តបន្ទាប់​ត្រូវធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​តែ​ម្ដង​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា អគ្គលេខាធិការ​គណៈក​ម្មា​​ធិ​​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​អចិន្ត្រៃយ៍​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​«​ពានរង្វាន់​សម្ដេច​ធិ​បតី​»​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នេះ​មានការ​ប្រកាស​ឱ្យ​មានការ​ចូលរួម​ដោយ​បើកចំហ ឱ្យ​តែ​អ្នកចេះ​ក្បាច់គុន​បូរាណ​ខ្មែរ​ពិតប្រាកដ គឺ​អាច​ចុះ​ឈ្មោះ​បាន​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​រយៈ​អាជ្ញាធរ​ដែនដី​មាន​ដូច​ជា​ភូមិ​សង្កាត់​ជាដើម​សម្រាប់​អ្នកមាន​អាយុ​ចាប់ពី​១៨​ដល់​៦៥​ឆ្នាំ ដោយ​មានការ​ត្រួតពិនិត្យ​កាយសម្បទា​ត្រឹម​ត្រូវជា​មុន​សិន ។

សម្រាប់​ការ​ប្រកួត​នេះ​ក៏​ត្រូវ​បែងចែក​ជា​ពីរ​ដែរ គឺ​ការ​ប្រកួត​ជា​លក្ខណៈ​ប្រយុទ្ធ និង​ការ​ប្រកួត​ជាលក្ខណៈ​សម្ដែង ។ សម្រាប់​អ្នកមាន​អាយុ​ច្រើនអាច​ចូលរួម​ប្រកួត​សម្ដែង ទោះបី​ជា​ពួក​គាត់ចង់​ប្រកួត​ជា​លក្ខណៈ​ប្រយុទ្ធ​ក៏​យើង​មិន​អនុញ្ញាតដែរ​។ សម្រាប់​ប្រាក់​រង្វាន់​គឺ​យើង​ត្រូវ​ផ្ដល់​ជូន​ឱ្យ​ស្មើ​ៗ​គ្នា ទាំង​ការ​ប្រកួត​ប្រយុទ្ធ និង​សម្ដែង មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ